ជាតិ
សង្គមជាតិ
សុខភាព
កម្ពុជា កំពុងស្វែងរកវ៉ាក់សាំង«អុតស្វា»​ទុក ខណៈជំងឺនេះកំពុងឆ្លងនៅក្នុងប្រទេសចំនួន១​៩​
25, May 2022 , 6:29 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ករណីឆ្លងនូវជំងឺអុតស្វា (Monkeypox) ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសចំនួន១៩ នៅលើពិភពលោក។  ជុំវិញការផ្ទុះឡើងនូវជំងឺនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់វិធានការបង្ការការចម្លង និងស្វែងរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន។ 

 
ក្រសួងសុខាភិបាល បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានករណីឆ្លងជំងឺអុតស្វានេះទេ។ ដ្បិតតែដូច្នេះមែន ប៉ុន្តែលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះជំងឺឆ្លងប្រភេទនេះ ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ។ 
 
របាយការណ៍ពីអង្គការសុខភាពពិភពលោក(WHO) បានបង្ហាញថា ជំងឺនេះ​បានផ្ទុះឡើងជាដំបូងនៅប្រទេសអង់គ្លេស កាលពីថ្ងៃទី៦ឧសភា ឆ្នាំ២០២២។ ក្រោយមកករណីឆ្លងជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់​ នៅប្រទេសចំនួន១៩នៅលើសកលលោក ដោយនៅក្នុងនោះក៏មានប្រទេសអូស្រា្តលី និងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែរ។ WHO បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ឧសភាឆ្នាំ២០២២ មានអ្នកវិជ្ជមានជំងឺអុតស្វា ចំនួន១៥៨នាក់ និងអ្នកសង្ស័យមានសរុបចំនួន១១៧នាក់  ខណៈមិនទាន់មានករណីស្លាប់នៅឡើយ។
 
ទន្ទឹមនឹងការកើនឡើងជាបន្តបន្ទាប់ នូវអ្នកជំងឺអុតស្វានៅប្រទេសទាំងនោះ ក្រសួងសុខាភិបាល ​ប្រាប់ពលរដ្ឋឱ្យបង្កើនអនាម័យ​ប្រចាំថ្ងៃ។ ក្នុងករណីសង្ស័យ ឬមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ-បាតជើង និងផ្ទៃមុខ ក្តៅខ្លួនលើសពី៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។
 
ក្រៅពីវិធានការបង្ការខាងលើ លោក ម៉ម ប៊ុនហេង ក៏ប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតាមដាន និងពិនិត្យឱ្យមានហ្មត់ចត់ ចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់លើខ្លួន គ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិក និងប្រទេសនានាដែលមានផ្ទុះឡើងជំងឺអុតស្វា (Monkeypox) ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ( ឬទៅលេខ១១៥)។ 
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់ខ្លួន នៅថ្ងៃទី១៥ឧសភាថា៖«មកដល់ពេលនេះ មិនទាន់មានការហាមឃាត់អ្នកដំណើរ មកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា ខណៈក្រសួងកំពុងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន»។ 
សម្រាប់វ៉ាក់សាំងថ្មីប្រឆាំងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា (Monkeypox) ត្រូវបានអនុម័តឱ្យពលរដ្ឋប្រើប្រាស់ផងដែរ។ ប៉ុន្តែមិនទាន់មានការប្រើប្រាស់ទូលំទូលាយ នៅតាមបណ្តាប្រទេសនៅឡើយទេ។
 
ជុំវិញនៃជំងឺអុតស្វានេះ អង្គការសុខាភាពពិភពលោក(WHO)ចាត់ទុកថា ជាការចម្លងវីរុសនៅអង់គ្លេស មានកម្រិតហានិភ័យទាប។ ត្បិតមានហានិភ័យទាប ប៉ុន្តែWHO លើកឡើងថា៖« ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល»។ តែយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រមិនរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាតដូចជាជំងឺកូវីដ-១៩ទេ ព្រោះវីរុសនេះ មិនឆ្លងងាយៗដូចវីរុសកូវីដ-១៩ (SARS-COV-2)៕
 
 
 
 
 

Tag:
 សុខភាព
  អុតស្វា
  ​ម៉ម ប៊ុនហេង​
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com