ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឆ្លើយប្រាប់បក្សភ្លើងទៀនវិញ គ.ជ.ប ថា​ ឥតលម្អៀងលើបក្សណាមួយឡើយ
02, Jun 2022 , 2:09 pm        
រូបភាព
លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មមព័ត៌មាន គ.ជ.ប។ រូបពី NEC
លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មមព័ត៌មាន គ.ជ.ប។ រូបពី NEC
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា ខ្លួនប្រកាន់ខ្ជាប់លើគោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគណបក្សនយោបាយណាមួយនោះទេ។ ការបកស្រាយនេះ ធ្វើឡើងក្រោយលោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀនថា CPP និង គ.ជ.ប សហការគ្នាបានល្អ។ ​​

លោក សុន ឆ័យ បានលើកឡើងពីរចំណុច គឺ គ.ជ.ប និងគណបក្សប្រជាជន(CPP) ត្រូវរូវគ្នាជុំវិញបណ្ដឹងនានា ពាក់ព័ន្ធការឃោសនាបោះឆ្នោត ដូចជាមន្រ្តីបក្ស CPP ហៅមន្ត្រី គ.ជ.ប រៀនវគ្គបំប៉ន់ជាដើម។ នេះបើតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលចេញដោយលោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។ 
 
លោក ឌឹម សុវណ្ណារុំ ច្រានចោលការលើកឡើងរបស់លោក សុន ឆ័យ ដែលផ្ទុយនឹងជំហររបស់ គ.ជ.ប។ ក្នុងសេចក្ដីបំភ្លឺដែលចេញថ្ងៃទី១ មិថុនា លោកបានអះអាងយ៉ាងដូច្នេះ៖ «គ.ជ.ប ប្រកាន់ភ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទោះបី គណបក្សតូច ឬធំក្ដី»។ 
 
ទន្ទឹមនឹងនេះ គ.ជ.ប ​បានពន្យល់ពីយន្តការដោះស្រាយបណ្ដឹង មានបីថ្នាក់ គឺថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ បច្ចុប្បន្ន គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន៥០ ពាក់ព័ន្ធនឹងដំណើរការឃោសនា ពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។ 
 
ចំណែក រឿងមន្រី្តបក្ស CPP ហៅមន្រី្ត គ.ជ.ប ទៅបំពាក់បំប៉ន លោក ឌឹម សុវណ្ណារុំ បកស្រាយថា កន្លងមក គ.ជ.ប បានបំភ្លឺរួចហើយ គឺមិនមានករណីដូចបក្សភ្លើងទៀនលើកឡើងនោះទេ។ គ.ជ.ប បញ្ជាក់ថា ថ្ងៃដែលកោះហៅនោះ គ.ជ.ប មិនទាន់តែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោតណាមួយនោះទេ។ 
 
គិតត្រឹមថ្ងៃ២៥ឧសភា នៅទូទាំងប្រទេស គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) បានជ្រើសរើសមន្រី្តការិយាល័យបោះឆ្នោត ជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយាល័យ៦នាក់។ ចំពោះ គឃ.សប ១៦៥២ឃុំសង្កាត់ គឺមាន១៤១ ៦១២នាក់ សម្រាប់ការិយាល័យសរុបទូទាំងប្រទេសចំនួន២៣ ៦០២ការិយាល័យ។ មន្រី្តការិយាល័យបោះឆ្នោតទាំងអស់នេះ គឺត្រូវបណ្ដុះបណ្ដាលនៅថ្ងៃទី៣ ដល់៤មិថុនា ដើម្បីបំពេញការងារបោះឆ្នោតនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com