អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដា សហការជាមួយក្រុមហ៊ុន MoneyGram ដាក់ឱ្យដំណើរការសេវា​ទូទាត់​ឆ្លង​ប្រទេស តាម«អេស៊ីលីដា​ ម៉ូបាល»
15, Jun 2022 , 5:25 pm        
រូបភាព
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាសាធារណៈនៅថ្ងៃនេះ អំពីការសហការ ជាមួយMoneyGram Payment System, Inc.(ម៉ាន់នីក្រាម) ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងការទូទាត់​បែប​​ឌីជីថល។ តាមរយៈកិច្ចសហការនេះ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្នអាចប្រើ «អេស៊ីលីដាម៉ូបាលអ៊ែប» ដើម្បីផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុន​ជាង២០០ប្រទេសទូទាំងសកលលោក ​តាមរយៈ​ម៉ាន់នីក្រាម​ដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស​។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អេស៊ីលីដា គោលបំណងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ គឺ១. ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយ​ការ​​​ប្រើអេស៊ីលីដាម៉ូបាលអ៊ែបមានភាពងាយស្រួល អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរ​ប្រាក់​ទៅឱ្យ​ក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។ អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំង​របស់ភ្នាក់ងារ​ម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត។
 
២.ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេស​​ចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាច​បញ្ចូល​លេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុងអេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីទទួលប្រាក់ និង ទី៣. សម្រាប់ពេល​អនាគត​ការ​ផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយ​សម្រាប់​លទ្ធភាព​នាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់នៅតាមបណ្តា​សាខាធនាគារ អេស៊ីលីដា នៅកម្ពុជា។


 
លោក Vijay Raj Poduvalនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ក្រុមហ៊ុនម៉ាន់នីក្រាម បានមាន​ប្រសាសន៍ថា៖«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដានិងការពង្រីកប្រតិបត្តិការនិងការធ្វើបរិយាបន្នហិរញ្ញវត្ថុដល់អតិថិជននៅកម្ពុជា»។ 
 
លោកបានបន្តថា៖«ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើងតាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើង ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថល​បន្ថែម​ទៀត»។
 
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា​កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាមបានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬ​ជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 
  


លោកបានថ្លែងថា អតិថិជន និងសាធារណជន​អាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅ​តាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង​២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជនអាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅ​តាមបញ្ជរសាខាណាមួយរបស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណបណ្ណ។
 
លោកបានបន្ថែមទៀតថា៖« កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជា​ជំហានដ៏​សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិត​ប្រចាំថ្ងៃរបស់ពួកគាត់»។
 
គិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិក​សមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕
 

Tag:
 ACLEDA
© រក្សាសិទ្ធិដោយ thmeythmey.com