ជាតិ
ម្ជូរគ្រាក់ និងបុកចេវ ម្ហូបជនជាតិដើម​ភាគតិចកួចសម្រាប់ទេសចរនៅសហគមន៍ភ្នំជម្រកសត្វស្ទឹងត្រែង
18, Jun 2022 , 8:59 pm        
រូបភាព
សម្លម្ជូរគ្រាក់ និង បុកចេវ ដែលជា_ម្ហូបជនជាតិដើមភាគតិចកួយ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សម្លម្ជូរគ្រាក់ និង បុកចេវ ដែលជា_ម្ហូបជនជាតិដើមភាគតិចកួយ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ស្ទឹងត្រែង៖ សម្លម្ជូរគ្រាក់ និងបុកចេវ ជាម្ហូបតំបន់ពីរមុខ របស់ជនជាតិដើមភាគតិចកួយ ដែលមានឱជារស នៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ នៅខេត្តស្ទឹងត្រែង។ មុខម្ហូបទាំងពីរមុខនេះ គេតែងចម្អិន សម្រាប់ទទួលភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍មួយនេះ។


 
តទៅនេះ សូមអញ្ជើញទស្សនាបទសម្ភាសន៍ ជាមួយចុងភៅចម្អិនម្ហូបទាំង២មុខនេះដូចតទៅ៖ 

 

«បុកចេវ» ជាទឹកគ្រឿងអន្លក់​ មួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ របស់ជនជាតិដើមភាគតិចកួយ រស់នៅក្នុងស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង។ ទឹកគ្រឿងអន្លង់ប្រភេទនេះ ប្រហាក់ប្រហែលនឹង ទឹកគ្រឿងខ្មែរ ទាំងរសជាតិ និង ក្លិន។ តែអ្វីដែលពិសេសនោះ គឺទេសចរដែលទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ អាចបរិភោគទឹកគ្រឿងនេះ​ ជាមួយផ្កាចាហួយ ដែលជាបន្លែតាមរដូវកាល។ 

បុកចេវ ដែលជា_ម្ហូបជនជាតិដើមភាគតិចកួយ។ 
 
អ្នកស្រី រ័ត្ន សុវណ្ណ ជាចុងភៅធ្វើម្ហូប ក្នុងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ បញ្ជាក់ថា មុខម្ហូបមួយមុខនេះ មានគ្រឿងផ្សំដូចជា គ្រឿងទេស ប្រហុក ម្ទេស ស្លឹកខ្ទឹម ត្រីរ៉ស់ ឬត្រីអណ្ដែង និងបន្លែអន្លក់ផ្សេងៗតាមចំណង់ចំណូលចិត្ត។ 
 
ដោយឡែក សម្លម្ជូរគ្រាក់ វិញ វាក៏ជាសម្លជនជាតិដើមភាគតិចកួយមួយមុខទៀត ដែលមានឱជារសផងដែរ។ សម្លមួយមុខនេះ មានរសជាតិប្រហាក់ប្រហែល និងសម្លម្ជូរគ្រឿង លាយនឹងរសជាតិតុងយាំ និងមានពណ៌សម្លការី។ 

 សម្លម្ជូរគ្រាក់ ជា_ម្ហូបជនជាតិដើមភាគតិចកួយ។
 
លោក ទឹក សុខុម ជាចុងភៅមួយរូបទៀត ដែលធ្វើម្ជូរគ្រាក់ នៅក្នុងសហគមន៍អេកូទេសចរណ៍ភ្នំជម្រក សត្វប្រាប់ថា ម្ជូរគ្រាក់នេះ មានគ្រឿងផ្សំដូចជា ប្រហុក ស្លឹកគ្រៃ រំដេង ស្លឹកម្កាក់ ឬថ្នឹង សាច់ និងគ្រឿងទេស។ លោកបន្ថែមថា ពីមុនមកសម្លនេះមិនមានដាក់ខ្ទិះដូង តែបច្ចុប្បន្នដាក់ តាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ 
 
ចំពោះសាច់ ដែលយកមកធ្វើម្ហូប លោក សុខុម ប្រាប់ថា អាចដាក់បានគ្រប់ប្រភេទសាច់ ប៉ុន្តែដើម្បីទទួលបានឱជារស កាន់តែឆ្ងាញ់ គួរដាក់សាច់ទា ឬសាច់មាន់វិញ។ មួយវិញទៀត ម្ហូបមួយមុខនេះ មិនមានប្រើប្រាស់បន្លែនោះឡើយ។ 
 
ក្រៅពីមុខម្ហូបទាំងពីរខាងលើនេះ ទេសចរដែលទាំងលេងកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ក៏អាចបរិភោគម្ហូបផ្សេងទៀត តាមការបញ្ជាបានផងដែរ៕
 
 
 

Tag:
 ThmeyThmey25
  ម្ហូបតំបន់
  ស្ទឹងត្រែង
  កួយ
© រក្សាសិទ្ធិដោយ thmeythmey.com