ជាតិ
ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងភោជនីយដ្ឋានដោយឥតគិតថ្លៃ
19, Jun 2022 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាល គ្រប់គ្រងភោជនីយដ្ឋាន (Restaurant Management) តាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងបើកទូទៅសម្រាប់ សិស្សនិស្សិត បុគ្គលិក មន្ត្រីរាជការ និងសាធារណជនទាំងអស់ ។


 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលជំនាញ គ្រប់គ្រងភោជនីយដ្ឋាន(Restaurant Management) នឹងបើកឱ្យសាធារណជនចូលរៀនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ ការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ពង្រឹងនិងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយជំងឺកូវីដ-១៩។
 
វគ្គបណ្ដុះបណ្ដាលគ្រប់គ្រងភោជនីយដ្ឋាននេះ នឹងបង្រៀនដោយគ្រូបង្គោលជនជាតិ ឥណ្ឌូណេស៊ី ដូច្នេះបេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេស។  បេក្ខជនដែលចាប់អារម្មណ៍វគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះចូលរៀន តាមរយៈគេហទំព័រ https://www.tptd.org ឬទំនាក់ទំនងព័ត៌មានបន្ថែម ០១៥​ ៥១១ ១១៦ ឬ ០៧៨ ៨៩៩ ៩១៩។
 
ក្រៅពីវគ្គបណ្ដុះបណ្ដាល គ្រប់គ្រងភោជនីយដ្ឋាន ក្រសួងទេសចរណ៍ក៏បានបើកវគ្គបណ្ដុះបណ្ដាលជំនាញ គ្រប់គ្រងកម្មវិធី (Event Management) តាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕
 

Tag:
 ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com