ជាតិ
ការរៀបចំទារកដ្ឋាន នៅកន្លែងការងារ នឹងជួយលើកកម្ពស់សុខភាពម្ដាយ និងទារក និងផលិតភាពការងារ
18, Aug 2022 , 12:14 pm        
រូបភាព
 អ្នកស្រី ប៊ី សៀងហេង មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខេត្តកំពង់ធំ។ រូបផ្ដល់ដោយ សៀងហេង
អ្នកស្រី ប៊ី សៀងហេង មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខេត្តកំពង់ធំ។ រូបផ្ដល់ដោយ សៀងហេង
ភ្នំពេញ៖ ស្រី្តដែលមានកូនតូចអះអាងថា ការមានទារកដ្ឋាននៅកន្លែងការងារជួយឲ្យពួកគេ បំពេញការងារបានដោយចិត្តស្ងប់ និងបង្កើតផលុិតភាពការងារ រួមទាំងចំណេញថវិកាទៀតផង។ អ្នកជំនាញជំរុញឲ្យបណ្ដាកន្លែងការងារទាំងរដ្ឋនិងឯកជន ដែលមានស្ដ្រីបម្រើការងារ គួររៀបចំឲ្យមានទារកដ្ឋាន។

 
ការមានទារដ្ឋាននៅកន្លែងការងារ ជាការគិតគូរដល់ស្រី្ត និងកុមារ ពិសេសជំរុញឲ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយផ្ទាល់។ លើសពីនេះ អ្នកជំនាញចាត់ទុកថា ការមានទារកដ្ឋាននៅកន្លែងការងារ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង។ 
 
អត្ថប្រយោជន៍នៃការមានទារកដ្ឋាននៅកន្លែងការងារ 
 
អ្នកស្រី វឿន ស្រីលក្ខ័ ជាអ្នកធ្វើការក្នុងមជ្ឈមណ្ឌលជាតិ​គាំពារមាតា និង​ទារកនៅភ្នំពេញ បានត្អូញត្អែរពីទុក្ខលំបាក ក្នុងគ្រាចិញ្ចឹមកូនតូច ខណៈកន្លែងការងារគ្មានទារកដ្ឋានសម្រាប់មើលថែទាំកូន។ អ្នកស្រី វឿន ស្រីល័ក្ខ ត្រូវចូលបម្រើការងារវិញ ក្រោយចប់លម្ហែមាតុភាពរយៈពេល៣ខែ ។ អ្នកស្រី ល័ក្ខ និងស្វាមី សុទ្ធតែគ្មានពេលវេលាគ្រប់គ្រាន់ដូចគ្នា ក្នុងការបីបាច់ថែរក្សាកូន ដោយសារជាប់កាតព្វកិច្ចបំពេញការងាររៀងខ្លួន។
 
បញ្ហាទាំងនេះ នាំឲ្យអ្នកស្រី វឿន ស្រីលក្ខ័ កត់សម្គាល់ឃើញថា ប្រសិទ្ធិភាពការងារបានធ្លាក់ចុះព្រោះបារម្ភពីសុខទុក្ខកូនតូច ដែលផ្ញើនៅសាច់ញាតិមើលថែជំនួស។ ការផ្ញើកូននៅសាច់ញាត់មើលថែ បានធ្វើឲ្យអ្នកស្រី ល័ក្ខ ហាក់ខ្វះការយល់ដឹងពីការបីបាច់ថែរក្សាកូនតូចផ្ទាល់ដែរ លុះដល់កំណើតកូនទី២ ទើបស្ត្រីរូបនេះយល់ច្បាស់។
 
មូលហេតុដែលអ្នកស្រី ល័ក្ខ យល់ដឹងពីការថែទាំកូនទី២ច្បាស់នោះ ដោយសារតែកន្លែងការងារ បានរៀបចំទារកដ្ឋាន ដែលធ្វើឲ្យអ្នកស្រី មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែកូនតូច បានដិតដល់ជាងមុន។ ជាពិសេសការតាមដានសុខភាពក្មេង។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ថ្លែងយ៉ាងដូច្នេះថា៖ «កូនទីពីរនេះ ខ្ញុំគ្រាន់តែបូមទឹកដោះទុក ហើយអ្នកមើលថែក្មេង និងជួយបំបៅតាមម៉ោងកំណត់។ បើមានការឈឺស្កាត់អី យើងអាចជួបកូនបានភ្លាមៗទាន់ពេល ព្រោះនៅអគារនៅក្បែរគ្នា។ តែបើកូនទីមួយវិញ ពេលឈឺ ទម្រាំតែទៅដល់កូន ចំណាយពេលយូរ។ ខ្ញុំត្រូវការសុំច្បាប់ច្រើន ខាតទាំងពេលហើយក៏រងស្ដីបន្ទោសពីកន្លែងការងាទៀតផង»។ 
 
ទន្ទឹមនឹងនេះ អ្នកស្រីលក្ខ័ បានកត់សម្គាលឃើញថា សុខភាពកូនទីមួយ ដែលមានវ័យ៦ឆ្នាំ ហាក់មានសុខភាពខ្សោយ ឆាប់ក្ដៅខ្លួន និងរលាកបំបង់កជាដើម ព្រោះបំបៅដោយទឹកដោះ បានត្រឹមតែ៣ខែដំបូងប៉ុណ្ណោះ។ ចំណែក កូនទីពីរ ដែលមានអាយុ៨ខែ គឺមានសុខភាពមាំមួន។ 
 
រីឯ អ្នកស្រី ប៊ី សៀងហេង មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា កន្លែងការងារបានរៀបចំបន្ទប់ទារកដ្ឋានមួយ សម្រាប់បុគ្គលិកស្រ្តី ដែលផ្ដល់ភាពងាយស្រួល និងចំណេញពេលជាងមុន ។ ស្ត្រីដែលបំបៅកូនដោយទឹកដោះរូបនេះ បានបញ្ជាក់ថា កូនប្រុសខ្លួន ដែលមានអាយុទើបតែ៩ខែ មានសុខភាពល្អ និងមិនចាំបាច់ចំណាយថវិការទិញម្សៅទឹកដោះគោឡើយ។ 
 
«កូនខ្ញុំបាន៦ខែ ទើ​បកន្លែងការងារខ្ញុំមានទារដ្ឋាន។ កាលមុន ខ្ញុំសុំមេយឺត និងចេញមុនម៉ោង គឺថាខកពេលធ្វើការរហូត ព្រោះត្រូវទៅបំបៅដោះកូននៅផ្ទះ។ តែពេលមានទារកដ្ឋាន ខ្ញុំអាចយកកូនទៅកន្លែងការងារបាន អាចឲ្យកូនគេងក្នុងបន្ទប់ហ្នឹងបាន ឲ្យបៅបានច្រើន និងមានពេលធ្វើការគ្រប់គ្រាន់»។ នេះការលើកឡើងរបស់អ្នកស្រី សៀងហេង ដោយបន្ថែមថា ក្នុងបន្ទប់ទារកដ្ឋានសាលាខេត្តកំពង់ធំ មានសម្ភារៈបូមទឹកដោះ ទូកទឹកកក រួមទាំងសម្ភារៈមាតានិងទារកផ្សេងផងដែរ។ 
 
សាលាខេត្តកំពង់ធំ ចាប់ផ្ដើមរៀបចំទារកដ្ឋានកាលពីអំឡុងខែមេសា ឆ្នាំនេះ ដោយមានការគាំទ្រពីអង្គការ Helen Keller International។ អង្គការនេះ ផ្ដល់ទាំងប្រឹក្សាយោបល់ បច្ចេកទេស និងសម្ភារៈ។ ហេតុនេះ​ ស្ត្រីកាន់តែមានការយល់ដឹងអំពីសារៈសំខាន់នៃការបំប៉ៅដោះកូនដោយទឹកដោះ និងចេះបូកទឹកដោះទុកសម្រាប់កូនថែមទៀត។ នេះជាការលើកឡើងរបស់ លោក ស ប៉ាហូ នាយករងរដ្ឋបាលខេត្តកំពង់ធំ ។
 
លោក បន្ថែមថា៖ «អង្គការគេមាន សម្ភារៈបូមទឹកដោះ ទូរទឹកកក ថង់។ អ៊ីចឹងស្ត្រីមានកូនតូចអាចយកកូនមកកន្លែងការងារក៏បានឬបូមទឹកដោះទុកនៅទារកដ្ឋានហើយសឹមយកឲ្យបៅនៅផ្ទះក៏បាន។ ​ដូច្នេះ យើងចង់ឃើញកន្លែងផ្សេងមានទារកដ្ឋាន»។ 
 
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller ប្រចាំកម្ពុជា ក៏ឃើញពីអត្ថប្រយោជន៍ច្រើន នៃការរៀបចំឲ្យមានទារកដ្ឋាននៅកន្លែងការងារនេះ ដូចជា ផ្ដល់ភាពងាយស្រួលដល់មាតានិងទារក, ស្រ្តីមានកូនតូចៗ នឹងមានជម្រើសច្រើនក្នុងការបំបៅដោះកូន ជាពិសេសចំណេញថវិកា និងបង្កើនផលិតភាពការងារ។ 
 
«នៅពេលយើងផ្ដល់លទ្ធភាពបង្កើតទារកដ្ឋាន ឬមានបន្ទប់បំបៅដោះកូនឲ្យស្ត្រី
ជាការជំរុញលើកទឹកចិត្តពួកគាត់ឲ្យបំបៅដោះកូនបន្តទៀត ក្រោយលំហែមាតុភាពចប់»។ នេះបើតាមលោក ហ៊ូ ក្រើន ប្រាប់សារព័ត៌មានថ្មីៗ។ 
 
អ្នកស្រី ប៊ី សៀងហេង និងអ្នកស្រី វឿន ស្រីលក្ខ័ ក៏បានជំរុញឲ្យកន្លែងការងារដទៃទៀត គួរតែរៀបចំឲ្យមានទារកដ្ឋាន ឬកន្លែងបំបៅដោះកូន សម្រាប់ស្ត្រី ព្រោះចំណេញពេលវេលា ក្នុងការមើលថែទាំកូន រួមទាំងបានបំពេញការងារឲ្យក្រុមហ៊ុនបានពេញលេញ។ 
 
ស្ត្រីទាំងពីរខាងលើអំពាវនាវឲ្យ ស្ត្រីដទៃទៀតព្យាយាមបំបៅដោះកូនដោយទឹកដោះ យ៉ាងតិចឲ្យបាន៦ខែ ដើម្បីសុខភាពទារក និងចំណេញថវិកា ដោយពុំចាំបាច់ទិញម្សៅទឹកដោះគោ រួមទាំងធ្វើឲ្យទារកនិងម្ដាយ កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា។ 
 

អ្នកស្រី វឿន ស្រីលក្ខ័ ជាអ្នកធ្វើការក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនៅភ្នំពេញ។ រូបពី អ្នកស្រីលក្ខ័

ការបំបៅដោះកូនដោយទឹកក្នុងរយៈ៦ខែដំបូង មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នាអំឡុងឆ្នាំ២០១០ ដោយមានស្ត្រី៧៤ភាគរយ បានបំបៅដោះកូនផ្ទាល់។ ដោយឡែកនៅឆ្នាំ២០២២នេះ ធ្លាក់មកត្រឹមតែ៥១ភាគរយប៉ុណ្ណោះ។ នេះបើតាម លោក ហ៊ូ ក្រើន ដោយបានឲ្យដឹងថា អង្គការ Helen Keller មានគម្រោងគាំទ្រឲ្យមានទារកដ្ឋានបន្ថែមទៀត នៅតាមបណ្ដារោងចក្រ គ្រឹះស្ថានរដ្ឋ និងឯកជន។ 
 
ក្រសួងការងារ និងបណ្ដុះបណ្កាលវិជ្ជាជីវៈ បានសហការគ្នាសាកល្បងលើកកម្ពស់សុខភាព ផ្ដល់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ តាមរោងចក្រ ១៨កន្លែងនៅក្នុងខេត្តចំនួន ៤។ ក្នុងនោះមានរាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងខេត្តកំពត។
 
សម្រាប់ខេត្តទាំង៤នោះ មានតែខេត្តកំពតមួយទេ ដែលអង្គការ និងស្ថាប័នពាក់ព័ន្ធ ទើបតែសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២២។
 
 
កន្លងមកលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះអង្គការ Helen Keller ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ អនាម័យ អាហាររូបត្ថម្ភកុមារ នៅតាមរោងចក្រសហគ្រាស។ លោកចាត់ទុកគម្រោងនេះ ជាការរួមចំណែកយ៉ាងសំខាន់ ស្របតាមគោលនយោបាយក្រសួង ដែលកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
 
សព្វថ្ងៃអង្គការនេះ គាំទ្រឲ្យមានទារកដ្ឋាននៅតាមរោងចក្រ និងស្ថាប័នចំនួន២៧កន្លែង ក្នុងនោះ១៥កន្លែងបានកំពុងដំណើរការហើយ៕
 

Tag:
 ទារកដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com