ជាតិ
សង្គមជាតិ
ការ​បញ្ចប់​វិបត្តិ​អន្ទាក់ ​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ ​ផ្តើម​ចេញ​ពី​ការ​អនុវត្ត​ច្បាប់តឹងរឹងរបស់អាជ្ញាធរ
25, Jun 2022 , 10:19 pm        
រូបភាព
 យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងក្រុងក្រចេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ រូបភាពក្រសួងបរិស្ថាន។
យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងក្រុងក្រចេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ រូបភាពក្រសួងបរិស្ថាន។
ក្រចេះ៖ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា គឺត្រូវចាប់ផ្ដើមចេញពីការចូលរួមរបស់ពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់ឱ្យបានតឹងរឹងរបស់អាជ្ញាធរមូលដ្ឋាន។ នេះជាការលើកឡើងរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងសេចក្ដីប្រកាសរួម «យុទ្ធនាការអន្ទាក់សូន្យ» ក្នុងខេត្តក្រចេះ។


«យុទ្ធនាការអន្ទាក់សូន្យ» ជាយុទ្ធនាការមួយ មានគោលបំណងចម្បង ដើម្បី​ពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងសហការរួមគ្នាជាមួយ អាជ្ញាធរអនុវត្តច្បាប់ថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ ព្រមទាំងការជួញដូរសត្វព្រៃ។ យុទ្ធនាការនេះ មានរយៈពេល៦ខែ ដែល​អនុវត្តនៅខេត្តចំនួន៦ ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្ត​កំពង់ធំ។
 
ក្នុងសេចក្តីប្រកាសព័ត៌មានរួម ដោយមាន ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ ដោយបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស និងការពារ​សត្វព្រៃនៅកម្ពុជាឱ្យមានចំនួនសម្បូរឡើងវិញ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមដដែល នៅថ្ងៃទី១៨ ខែមិថុនា នៅក្រុងក្រចេះនោះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីធានាគ្មានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិធម្មជាតិ លុបបំបាត់ឱ្យបាននូវការបរបាញ់គ្រប់ទម្រង់ដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់បន្តទៀត។
 
ទន្ទឹមនឹងនេះ លោក ក៏បានលើកទឹកចិត្តពលរដ្ឋទាំងអស់ ចូលរួម​ការពារសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា ដើម្បីគាំទ្រការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ឱ្យប្រសើរឡើងថែមទៀត ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងសម្រាប់ជាប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងសកលលោក។
 
ជាមួយគ្នានេះ លោក សេង ប៊ុនរ៉ា ប្រធានបច្ចេកទេសជាន់ខ្ពស់ នៃអង្គការអភិរក្សអន្តរជាតិ(CI) លើកឡើងថា ​កត្តាប្រឈមនៃការប្រើប្រាស់អន្ទាក់ ដើម្បីចាប់សត្វព្រៃនៅក្នុងព្រៃប្រទេសកម្ពុជានា​ពេល​បច្ចុប្បន្ន វានឹងប្រែក្លាយទៅជាព្រៃដែលលែងមានវត្តមានសត្វព្រៃតទៅទៀត។ លោកបន្ថែមថា មធ្យោបាយតែមួយគត់ដែលអាចស្រោចស្រង់វត្តមានសត្វព្រៃវិញបាន​ គឺទាល់តែលែងមានតម្រូវការ និងការជួញដូរសត្វព្រៃ។
 
ចំណែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាវិញ មានប្រសាសន៍ថា វិបត្តិអន្ទាក់ កំពុងបំផ្លាញជីវិតសត្វព្រៃកម្ពុជា ដោយមិនរើសមុខ ហើយពលរដ្ឋម្នាក់ៗមានតួនាទីចូលរួមធានាថា គ្មានការដាក់អន្ទាក់ ក្នុងតំបន់ការពារ តំបន់ព្រៃសហគមន៍ និងក្នុងដែនជម្រកធម្មជាតិផ្សេងៗទៀតដែលមានសត្វព្រៃរស់នៅ ជាពិសេសតាមរយៈការពង្រឹងវិស័យគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបង្កើនការអនុវត្តច្បាប់។
 
លោកបន្តទៀតថា៖ «ទន្ទឹមគ្នានេះដែរ គេចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទ ដោយដាក់ចេញនូវបម្រាមរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃគ្រប់ទម្រង់ និងជួយសង្គ្រោះសត្វព្រៃដែលជាបេតិកភណ្ឌធម្មជាតិកម្ពុជា ឱ្យជៀសផុតពីការផុតពូជ នាពេលអនាគត»។
 
ចំពោះលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សតំបន់ទន្លេមេគង្គ នៃអង្គការ WCS វិញ ថ្លែងថា យុទ្ធនាការនេះមានសារៈសំខាន់ ក្នុងការចូលរួមចំណែកលុបបំបាត់សកម្មភាពនេសាទខុសច្បាប់ ដែលវាមិនត្រឹមតែគំរាមកំហែងដល់ធនធានមច្ឆាប៉ុណ្ណោះទេ ប៉ុន្តែវា​បានគំរាមកំហែងដល់ប្រភេទសត្វដែលកំពុងរងគ្រោះជិតផុតពូជលើពិភពលោកផងដែរ។ លោកបន្ថែមថា យុទ្ធនា​ការ ក៏ជាការអំពាវនាវមួយដល់សាធារណជន ឱ្យផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន ដោយបញ្ឈប់ការជួញដូរ និងបរិភោគសត្វព្រៃ ដូចជាប្រភេទកន្ធាយក្បាលកង្កែប ផ្សោត និងបបែលយក្សជាដើម។
 
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia អះអាងថា កម្ពុជា ត្រូវបានគេស្គាល់ថា​ ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្បូរធនធានជីវចម្រុះនៅអាស៊ីអាគ្នេយ៍។ លោក បន្ត​ថា ពីអតីតកាល រហូតដល់បច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានបង្ហាញថា កម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសកល កំពុងទទួលការគំរាមកំហែង ដូចជាដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើស​ជាដើម។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមនេះ បានស្រង់សម្ដីលោក ទុយ សេរីវឌ្ឍនា ដូច្នេះ៖ «ធនធានជីវចម្រុះរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្រោមសម្ពាធនៃការគំរាមកំហែង។ (ឯ)អន្ទាក់ត្រូវបានចាត់ទុកជាកត្តាគំរាមមួយក្នុងចំណោម កត្តាគំរាមធំៗផ្សេងទៀតចំពោះសត្វព្រៃ»។
 
ចំពោះលោក ប៊ូ វរសក្ស នាយកអង្គការ NatureLife Cambodia វិញ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការបង្ក្រាបការជួញដូរសាច់សត្វព្រៃខុសច្បាប់ នៅតាមទីផ្សារ និងភោជនីយដ្ឋាននានា សត្វព្រៃ។ លោកបន្តថា៖ «សត្វព្រៃរបស់យើងអាចរក្សាបានលុះត្រាណាតែយើងចូលរួមការពារទាំងអស់គ្នា»។
 
មិនខុសពី លោក ប៊ូ វរសក្ស ឡើយ លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការលើកកម្ពស់ការចូលរួមរបស់ប្រជាជន ជាពិសេសសហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះក្នុងការបញ្ចប់ការដាក់អន្ទាក់ និងការជួញដូរសត្វ៕
 
 
 

Tag:
 ThmeyThmey25
  បរិស្ថាន
  ក្រចេះ
  អន្ទាក់សូន្យ
© រក្សាសិទ្ធិដោយ thmeythmey.com