ជាតិ
សង្គមជាតិ
សារធាតុគីមី និងសារធាតុញៀនជាង៨០តោនទៀត នឹងត្រូវបំផ្លាញចោល គ្រឿងជាង៦តោន ក្នុងចំណោម៩០តោន ត្រូវបានដុតចោលនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២២
× ភ្នំពេញ៖ អាជ្ញាធរ រឹបអូសបានគ្រឿងញៀននិងសារធាតុញៀនប្រមាណ៩០តោន ដោយក្នុងនោះ គ្រឿងជាង៦តោនត្រូវបានដុតចោលនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦មិថុនា ឆ្នាំ២០២២នេះ ឯសារធាតុគីមី និងសារធាតុញៀនប្រមាណ៨៤តោនទៀត នឹងត្រូវបំផ្លាញចោលនៅពេលក្រោយ។
អាជ្ញាធររឹបអូសគ្រឿងញៀន សារធាតុគីមីផ្សំគ្រឿងញៀន និងសារធាតុគីមីពាក់ព័ន្ធផ្សេង រហូតដល៩០,៨០តោន។ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជនបានយក ធ្វើជាមុខរបរឬជំនួញរបស់ពួកគេ ដែលបានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ ភាគច្រើនជាយុវវ័យបណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ និងប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ជាដើម។
បើតាមលោក ច្រឹង ខ្មៅ គ្រឿងញៀទម្ងន់ជាង៩០នេះ គឺស្ថិតនៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ករណី ដែលនឹងត្រូវបានបំផ្លាញចោលទៅតាមលក្ខណៈបច្ចេកទេសជាដំណាក់កាល។ នៅក្នុងនោះ មាន ៦ ២៥៩គីឡូក្រាម(ជាង៦តោន) ត្រូវបានដុតចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦មិថុនា ឆ្នាំ២០២២។
ដោយឡែក សារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ជិត៨៤តោនទៀត គណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេស នាពេលក្រោយទៀត។ នេះជាការលើកឡើងរបស់លោក ច្រឹង ខ្មៅ ដោយបញ្ជាក់ថា សារធាតុញៀនទាំងនេះ គឺត្រូវបានរំលាយហើយដោយមានអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង ដែលមិនអាចបំផ្លាញតាមវិធីសាស្ត្រដុត បានឡើយ។
នាឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» លោកបន្តមានប្រសាសន៍ដូច្នេះ៖ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្ដឹងឧទ្ធរណ៍ជាច្រើនទៀត។ នាពេលខាងមុខ គណៈកម្មការនឹងរៀបចំដុតបំផ្លាញ ជាបន្តបន្ទាប់តាមដំណាក់កាល នៅពេលទទួលបានសេចក្ដីសម្រេចរបស់តុលាការ»៕
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» _ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ_
© រក្សាសិទ្ធិដោយ thmeythmey.com