ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី បញ្ជាសមត្ថកិច្ចឲ្យដើរមើលតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីទប់ស្កាត់ការលួចផលិតគ្រឿងញៀន
27, Jun 2022 , 2:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
គិតពីចុងឆ្នាំ២០២១ មកដល់ពាក់កណ្តាលឆ្នាំ២០២២ យ៉ាងហោចណាស់ មាន៣ករណីហើយ ដែលឈ្មួញបរទេស លួចកែច្នៃសារធាតុគីមីផ្សំទៅជាគ្រឿងញៀនតាមរោងចក្រ-សហគ្រាសរបស់ពួកគេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាឲ្យសមត្ថកិច្ច ដើរមើលតាមរោងចក្រ-សហគ្រាស ដែលនាំចូលសារធាតុគីមីផ្សំ ដើម្បីបង្ការកុំឲ្យមានករណីលួចកែច្នៃចេញជាគ្រឿងញៀនទៀត ខណៈរដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ករណីនេះ សមត្ថកិច្ច មិនទាន់បានបង្ក្រាបឲ្យដល់ឫសគល់នៅឡើយ។


 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យនាំគ្នាចុះត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់កុំឲ្យស្ថាប័នឯកជនទាំងនេះ លួចបង្វែរសារធាតុគីមីផ្សំ ដែលសុំនាំចូលស្របច្បាប់ ទៅកែច្នៃ និងផលិតចេញជាគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ បញ្ជារបស់សម្តេច ធ្វើឡើងតាមរយៈសារលិខិត ដែលចេញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ 
 
ស្ថាប័នរដ្ឋ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដៅជាសំខាន់នោះ មានជាអាទិ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជាប្រធាន គណៈកម្មាធិការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានសម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ជាប្រធាន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលមានអភិបាលរាជធានី-ខេត្ត ជាប្រធាន។ 
 
ក្រៅពីបញ្ជាឲ្យដើរពិនិត្យមើលសារធាតុគីមីផ្សំនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចក្នុងស្ថាប័នពាក់ព័ន្ធខាងលើ បន្តកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុងក្របខ័ណ្ឌតំបន់ទាំងក្នុងក្របខ័ណ្ឌសាកល ដើម្បីផ្លាស់ប្តូរព័ត៌មាន ត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ ហើយឈានទៅបង្ក្រាបឲ្យទាន់ពេលវេលាលើមុខសញ្ញាចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

មេដឹកនាំកម្ពុជា បានអំពាវនាវថា៖«គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ បងប្អូន កូនក្មួយ ចៅៗ ជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា អាណាព្យាបាល សូមបន្តចូលរួម និងគាំទ្រឲ្យបានកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧របស់រាជរដ្ឋាភិបាលកម្ពុជា […]»។

ឆ្នាំ២០២២នេះ គឺជាឆ្នាំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ ដែលដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេច ស ខេង ប្រធានគណៈកម្មាធិការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា ករណីលួចកែច្នៃសារធាតុគីមីផ្សំទៅជាគ្រឿងញៀនតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាសឯកជន សមត្ថកិច្ចកម្ពុជា មិនទាន់បង្ក្រាបដល់ឫសគល់នោះទេ។

ប្រធានគណៈកម្មាធិការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា៖«យើងបង្ក្រាបបានច្រើន [...] យើង រឹបអូសបានសារធាតុញៀន ឬក៏សារធាតុផ្សំ តែយើង អត់ទាន់ស្រាវជ្រាវឲ្យដល់ឫសគល់ [ថាតើ] ម្ចាស់ក្រុមហ៊ុននោះ មានរោចក្រនៅឯណា មានដីធ្លីប៉ុន្មាន មានផ្ទះសម្បែងប៉ុន្មាន មានលុយកាក់ដាក់នៅធនាគារប៉ុន្មាន?។ [...] យើង គួរតែផ្សារភ្ជាប់ផលប្រយោជន៍យើងជាក់ស្តែងក្នុងទិវានេះ ដោយយើង រួមគ្នាបង្ក្រាបបទល្មើស ហើយស្រាវជ្រាវឲ្យដល់ឫសគល់ ដើម្បីរកឃើញប្រភពធនធាន ដែលគេយកទៅ [រកស៊ីគ្រឿងញៀន]។ ការពិតហើយ លុយរកស៊ីគ្រឿងញៀន វាខុសច្បាប់បាត់ទៅហើយ វាខ្មៅរួចទៅហើយ ប៉ុន្តែលុយហ្នឹងយកទៅណាទៀត?»។
 
សមត្ថកិច្ចកម្ពុជា ចាប់បាន២-៣ករណីរួចមកហើយ ចំពោះការស្នើសុំនាំសារធាតុគីមីស្របច្បាប់ចូលមកកម្ពុជាដោយឈ្មួញបរទេស ក្រោមហេតុផលថា ដើម្បីកែច្នៃ និងផលិតចេញផលិតផលផ្សេងៗ តែតាមពិត ពួកគេ បែរជាលួចកែច្នៃសារធាតុគីមីនោះ ចេញជាគ្រឿងញៀនទៅវិញ។ ភាគច្រើននៃជនល្មើស ដែលសមត្ថកិច្ចកម្ពុជា ចាប់បានក្នុងករណីលួចកែច្នៃសារធាតុគីមីទៅជាគ្រឿងញៀន គឺជាជនជាតិចិន និងជាជនជាតិចិនតៃវ៉ាន់។ 
 
កាលពីចុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្រ១ នៅខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនាពេលនោះ សមត្ថកិច្ច រកឃើញគ្រឿងញៀនជាង២តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង៨៤តោន ហើយចាប់បានជនល្មើសជាជនជាតិចិនជាង១០នាក់។ 
 
ដល់ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ចាប់បានសារធាតុគីមីផ្សំជាង១០០តោន ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងផលិតចេញជាគ្រឿងញៀន។ សមត្ថកិច្ច អះអាងកន្លងមកថា ជនល្មើស ដែលនាំចូលសារធាតុគីមីផ្សំទាំងនោះ និងបម្រុងកែច្នៃចេញជាគ្រឿងញៀន ក៏ជាជនជាតិចិនដែរ។ មកដល់ពេលនេះ គេ មិនទាន់ដឹងថា សមត្ថកិច្ចកម្ពុជា ចាប់បានជនល្មើសទាំងនោះហើយឬក៏នៅនោះទេ។ 
 
ឈានចូលខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបមន្ទីរពិសោធន៍៣ទីតាំង ដែលលួចកែច្នៃផលិតគ្រឿងញៀន ដោយ១ទីតាំង នៅរាជធានីភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ។ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនតាមមន្ទីរពិសោធន៍ទាំង៣ទីតាំងនេះ សមត្ថកិច្ចកម្ពុជា រឹបអូសបានសារធាតុញៀនជាង១,៤តោន និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង១១តោន ហើយមានជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន។ 
 
​​​ពេញ១ឆ្នាំនៃឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បង្ក្រាបបានគ្រឿងញៀនជាង៤តោន រួមទាំងសារធាតុគីមីផ្សំសម្រាប់ផលិតចេញជាគ្រឿងញៀនជិត១០០តោន។ ចំណែករយៈពេល៣ខែនៃឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បង្ក្រាបបានគ្រឿងញៀន៣តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតចេញជាគ្រឿងញៀន៣០០តោន។ 
 
បើបូកបញ្ចូលគ្នារវាងគ្រឿងញៀន៣តោន ដែលសមត្ថកិច្ចចាប់ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២២ ជាមួយគ្រឿងញៀន១,៤តោន ដែលសមត្ថកិច្ច ទើបចាប់បាននៅតាមមន្ទីរពិសោធទាំង៣ ក្នុងខែឧសភា ឆ្នាំ២០២២ មានគ្រឿងសរុបប្រមាណជាង៤,៤តោនហើយ ដែលត្រូវចាប់បាន នាពាក់កណ្តាលឆ្នាំ២០២២នេះ។ រីឯ សារធាតុគីមីផ្សំសម្រាប់ផលិតចេញជាគ្រឿងញៀនវិញ មានមិនតិចជាង៣០០តោននោះទេ ដែលសមត្ថកិច្ច រឹបអូសបានក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២២។ 
 
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើ គ្រឿងញៀនជាង៦តោន ត្រូវបានដុតចោល ហើយសារធាតុញៀន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន៨៥តោនទៀត នឹងត្រូវដុតចោលនាពេលក្រោយ៕ 
 
 
 

Tag:
 ហ៊ុន សែន
  ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com