ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ទៅផ្ទះវិញ ជាមួយការព្រមានរបស់តុលាការជាប់តាមខ្លួន
29, Jun 2022 , 3:40 pm        
រូបភាព
លោក កឹម សុខា លើកដៃសំពះតាមទ្វាររថយន្តទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចេញពីសវនាការតុលាការភ្នំពេញ ធ្វើដំណើរទៅគេហដ្ឋានវិញ កាលដើមឆ្នាំ២០២០កន្លងទៅ។ រូបពី AFP
លោក កឹម សុខា លើកដៃសំពះតាមទ្វាររថយន្តទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចេញពីសវនាការតុលាការភ្នំពេញ ធ្វើដំណើរទៅគេហដ្ឋានវិញ កាលដើមឆ្នាំ២០២០កន្លងទៅ។ រូបពី AFP
ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការភ្នំពេញ មិនចាប់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បញ្ជូនទៅពន្ធនាគារ តាមសំណើរបស់ព្រះរាជអាជ្ញានោះទេ។ ក្រោយចប់សវនាការ លោក ត្រូវបានអនុញ្ញាតឲ្យវិលទៅគេហដ្ឋានវិញដូចសព្វដង។



ថ្វីបើមិនត្រូវចាប់ខ្លួន តែលោក កឹម សុខា ត្រូវក្រុមប្រឹក្សាជំនុំជម្រះ ព្រមានកុំឲ្យធ្វើសកម្មភាពទាំងឡាយណា ដែលឈានចូលដល់សកម្មភាពនយោបាយតទៅទៀត។ លោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់អ្នកកាសែតនៅមុខតុលាការថា ទោះបីជាមិនពេញចិត្តយ៉ាងណាក្តី តែអ្វីដែលជាសេចក្តីសម្រេចរបស់តុលាការ គឺគេត្រូវតែគោរព។

សម្រាប់លោកមេធាវី ការព្រមានរបស់តុលាការ ប្រៀបដូចជាដំណាក់កាលសាកល្បងមួយលើលោក កឹម សុខា។ មេធាវីរូបនេះ ថ្លែងថា៖«ការព្រមាន ជាការក្រើនរម្លឹកមួយ។ ខ្ញុំ យល់ថា ឯកឧត្តម កឹម សុខា អាចមានការប្រុងប្រយ័ត្ន ហើយគាត់ អាចនឹងបន្ថយសកម្មភាពមួយចំនួន ដើម្បីឲ្យស្របទៅនឹងការព្រមានរបស់ក្រុមប្រឹក្សា»។

ក្នុងសវនាការលើកទី៤៦ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ព្រះរាជអាជ្ញា បានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ ចេញដីកាចាប់លោក កឹម សុខា យកទៅឃុំនៅពន្ធនាគារឡើងវិញ។ បើតាមលោកមេធាវី ផែង ហេង ហេតុផលរបស់ព្រះរាជ្ញអាជ្ញា គឺដោយសារលោក កឹម សុខា ជួបជុំអ្នកគាំទ្រតាមបណ្តាខេត្តនានា ដែលអាចចាត់ទុកជាសកម្មភាពនយោបាយ ហើយបំពាននឹងបម្រាមរបស់តុលាការ។

អត្ថបទទាក់ទង


លោក ផែង ហេង បន្ថែមថា ព្រះរាជអាជ្ញា ទទួលបានរូបភាព វីដេអូ និងខ្សែអាត់សំឡេងរបស់លោក កឹម សុខា ក្នុងជំនួបជាមួយអ្នកគាំទ្រ ពីសមត្ថកិច្ច។ ស្ទើរតែដូចលោក ផែង ហេង ទាំងស្រុង អ្នកស្រី ម៉េង សុភារី ជាមេធាវីរបស់លោក កឹម សុខា ដែរនោះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទក្រោយចេញពីតុលាការថា សមត្ថកិច្ច បានប្រមូលសកម្មភាពរបស់លោក កឹម សុខា ដែលជួបអ្នកគាំទ្រតាមបណ្តាខេត្ត បញ្ជូនទៅឲ្យតុលាការ។

សហមេធាវីរបស់លោក កឹម សុខា បកស្រាយដល់អង្គសវនាការថា ជំនួបរបស់លោក កឹម សុខា ជាមួយអ្នកគាំទ្រ មិនមែនជាសកម្មភាពនយោបាយ ដែលបំពានបម្រាមរបស់តុលាការនោះទេ តែគ្រាន់តែជាជំនួប ដែលកើតចេញពីការនឹករឭក ជាការធ្វើបុណ្យទាន និងជាការងារសង្គមរបស់លោក កឹម សុខា ប៉ុណ្ណោះ។ នេះជាសម្តីរបស់លោក ផែង ហេង ទៅកាន់ក្រុមអ្នកកាសែត។

តុលាការភ្នំពេញ បានផ្តល់សិទ្ធិខ្លះៗដល់លោក កឹម សុខា ចាប់តាំងពីចុងឆ្នាំ២០១៩មក ដូចជា ការផ្តល់សិទ្ធិឲ្យលោក ធ្វើដំណើរដោយសេរីក្នុងប្រទេសកម្ពុជា ជាអាទិ៍។ ប៉ុន្តែ សិទ្ធិនយោបាយរបស់លោក នៅមិនទាន់ទទួលបានវិញនោះទេ ដូច្នេះលោក មិនទាន់អាចធ្វើសកម្មភាពនយោបាយឡើយ។ សូម្បីសិទ្ធិរបស់លោក ក្នុងការធ្វើដំណើរចេញក្រៅប្រទេស ក៏ត្រូវហាមឃាត់ដែរ។

នៅខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវតុលាការភ្នំពេញចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ២-៣ខែក្រោយ គឺក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល ក៏រំលាយគណបក្សសង្គ្រោះជាតិចោល ព្រមទាំងហាមលោក កឹម សុខា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាង១០០នាក់ទៀតរបស់អតីតគណបក្សប្រឆាំងដ៏ធំនេះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ រហូតដល់ចុងឆ្នាំ២០២២នេះ ទើបបម្រាមមិនឲ្យធ្វើនយោបាយ ផុតកាលកំណត់៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com