ជាតិ
សង្គមជាតិ
ចិន អរគុណព្រះមហាក្សត្រ និងព្រះមាតាជាតិខ្មែរ ដែលតែងប្រទានអំណោយ នៅរាល់គ្រាប្រជាជនចិនជួបគ្រោះធម្មជាតិ
29, Jun 2022 , 7:59 pm        
រូបភាព
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរវរាជមាតាជាតិខ្មែរ, ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សកម្ពុជា, លោក ស៊ី ជិនភីង ប្រធានាធិបតីចិន, អ្នកស្រី ប៉េង លីយួន ភរិយារបស់លោក ស៊ី ជិនភីង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៨ (រូបពី Xinhua)។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរវរាជមាតាជាតិខ្មែរ, ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សកម្ពុជា, លោក ស៊ី ជិនភីង ប្រធានាធិបតីចិន, អ្នកស្រី ប៉េង លីយួន ភរិយារបស់លោក ស៊ី ជិនភីង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៨ (រូបពី Xinhua)។
ក្នុងសន្និសីទកាសែតប្រចាំថ្ងៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងពីព្រះរាជគុណរបស់ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ទាំងទ្វេ តែងប្រោសប្រទានព្រះរាជអំណោយមនុស្សធម៌ជាច្រើនលើកច្រើនសា នៅរាល់គ្រាដែលចិន ជួបគ្រោះធម្មជាតិ ដូចជាទឹកជំនន់ជាដើម។ លោក ក៏បានរំលេចពីព្រះរាជហឫទ័យរបស់ទ្រង់ទាំងទ្វេផងដែរ ក្នុងការប្រោសប្រទានព្រះរាជអំណោយដល់ចិន ដែលទើបជួបគ្រោះទឹកជំនន់ឡើងវិញនាពេលថ្មីៗនេះ។ 

 
អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ដូច្នេះថា៖«ព្រះរាជកាយវិការដ៏ល្អប្រពៃរបស់ទ្រង់ទាំងទ្វេ ក្នុងស្ថានការណ៍ដែលចិនជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ សបញ្ជាក់ឲ្យឃើញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងព្រះរាជវង្សានុវង្សកម្ពុជាជាមួយប្រជាជនចិន ព្រមទាំងបង្ហាញឲ្យឃើញពីស្មារតីនៃសហគមន៍រួមរវាងកម្ពុជា-ចិន។ យើង វាយតម្លៃយ៉ាងខ្ពស់ចំពោះព្រះរាជគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទ្រង់ទាំងទ្វេ»។ 
 
ស្ថានទូតចិនប្រចាំកម្ពុជា បានស្រង់ប្រសាសន៍របស់លោក ចាវ លីចៀន អំពីការថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យកទៅផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន។ 
 
សូមបញ្ជាក់ថា នៅចុងខែមិថុនា ឆ្នាំ២០២២នេះ ចិន បានជួបគ្រោះទឹកជំនន់សាជាថ្មី នៅភាគខាងត្បូងនៃប្រទេស ដោយផ្ទះរាប់ម៉ឺនខ្នង បានរងការខូចខាត ហើយប្រជាជន ក៏មានដល់រាប់ម៉ឺននាក់ដែរ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន។ 
 
ជាការកត់សម្គាល់ ក្នុងពេលកន្លងៗមក ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ តែងប្រោសប្រទានព្រះរាជសារចូលរំលែកក្តីទុក្ខលំបាកដល់ថ្នាក់ដឹកនាំចិន ចំពោះការជួបគ្រោះធម្មជាតិ ហើយពេលខ្លះ ព្រះអង្គទាំងទ្វេ បានភ្ជាប់ព្រះរាជអំណោយជាមួយព្រះរាជសារទាំងនោះ។ ដោយឡែក ថ្នាក់ដឹកនាំចិន ក៏តែងបង្ហាញកាយវិការដូចគ្នានេះដែរ ទៅកាន់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រួមទាំងថ្នាក់ដឹកនាំកម្ពុជា នៅពេលកម្ពុជា ជួបគ្រោះធម្មជាតិ ឬការលំបាកណាមួយ៕ 
 
 
 

Tag:
 កម្ពុជា-ចិន
  ព្រះមហាក្សត្រ
  ព្រះរាជអំណោយ
© រក្សាសិទ្ធិដោយ thmeythmey.com