អន្តរជាតិ
ក្រុងសៀងហៃ រកឃើញវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលជាស្រឡាយអូមីក្រុង
11, Jul 2022 , 4:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ទីក្រុងសៀងហៃ បានរកឃើញវីរុស​បង្កជំងឺកូវីដ-១៩ បំប្លែងថ្មីមួយ​ប្រភេទ ​ដែលជាស្រឡាយ​អូមីក្រុង (BA.5.2.1)។ មន្ត្រីសុខាភិបាលក្រុងសៀងហៃអះអាងបែបនេះក្នុងសន្និសីទសារព័ត៌​មាននៅថ្ងៃ​ទី១០ ខែកក្កដា។

 
​អនុប្រធានគណៈកម្មាការសុខភាពក្រុង​សៀងហៃ Zhao Dandan បញ្ជាក់ក្នុងសន្និសីទសារព័ត៌​មានថ្ងៃទី១០ ខែកក្កដាថា វីរុស​បំប្លែងខ្លួន​ប្រភេទថ្មី (BA.5.2.1) ត្រូវបានរកឃើញនៅទីក្រុងសៀងហៃ ដែលស្ថិតនៅភាគខាងកើតចិនកាលថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ការរក​ឃើញ​នេះ​ធ្វើ​ឡើង ក្រោយមាន​ករណីឆ្លងក្នុងសង្កាត់ Pudong ដោយសារអ្នកជំងឺមាន​ទំនាក់ទំនងនឹងអ្នកជំងឺកូវីដ-១៩ ទើបតែ​មក​ពីក្រៅប្រទេស។
 
ទីក្រុងហិរញ្ញវត្ថុមួយនេះ​ រកឃើញវីរុសបំប្លែងថ្មីស្រឡាយអូមីក្រុង BA.5 ដែលធ្វើ​ដំណើរពីអ៊ូហ្គង់ដា​ទៅ​ទីក្រុងសៀង​ហៃនៅថ្ងៃទី១៣ ខែឧសភា។ នេះបើតាមមជ្ឈ​មណ្ឌលគ្រប់គ្រង​និងបង្ការជំងឺចិន។
 
«ទីក្រុងរបស់យើងនាពេលថ្មីៗនេះ បានរាយការណ៍ជាបន្តបន្ទាប់ពីករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយ​ហានិភ័យនៃការរីករាលដាលក្នុងប្រទេសក៏នៅមានកម្រិតខ្ពស់»។ លោក Zhao Dandan បាន​ព្រមាន​បែបនេះ មុនបន្ថែមថា ប្រជាជនក្នុងសង្កាត់មួយចំនួនរបស់សៀងហៃ នឹងត្រូវធ្វើ​តេស្ត​រក​វីរុស​បង្ក​ជំងឺ​កូវីដ-១៩ ឱ្យបាន២ដង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ​កក្កដា ដើម្បីទប់ស្កាត់​រលកថ្មី​នៃ​ការ​រីក​រាល​ជំងឺកូវីដ-១៩។ 
 
បើតាមទីភ្នាក់ថាព័ត៌មាន Reuters សមាជិកក្រុមប្រឹក្សាអ្នកជំនាញការពារជំងឺកូវីដ-១៩ របស់ក្រុង​សៀងហៃ Yuan Zhengan អះអាងថា វីរុសបង្កជំងឺកូវីដ-១៩ (BA.5) មានអត្រាឆ្លងលឿន និង​មាន​សមត្ថភាពខ្លាំង​ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំមនុស្សមិនអាច​ស្គាល់បាន។ យ៉ាងណាមិញ ការចាក់​វ៉ាក់សាំ​ង​នៅ​តែមានប្រសិទ្ធភាពការ​ពារអ្នកឆ្លងវីរុស (BA.5) មិនឱ្យមានស្ថានភាពធ្ងន់ធ្ងរ ឬស្លាប់។​ ដូចនេះ ការរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ​ ទំនងជាធ្វើឱ្យអាជ្ញាធរចិនឈឺក្បាលខ្លាំងទៀត។
 
ទីក្រុងសៀងហៃមានករណីវិជ្ជមានកូវីដ-១៩ សរុបជាង ៦ម៉ឺនករណីគិតត្រឹម​ថ្ងៃទី១០ ខែកក្កដា។ ការរកឃើញករណីឆ្លងបង្កដោយវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ នឹងក្លាយ​ជាបញ្ហាប្រឈម​សម្រាប់ទីក្រុងសៀងហៃក្នុងការបិទខ្ទប់ម្តងទៀត ខណៈទីក្រុងនេះទើបតែ​បើកនៅដើមខែមិថុនា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com