អន្តរជាតិ
លោក ប្លីងខិន៖ លោក អាបេ ជាមនុស្សពោរពេញដោយចក្ខុវិស័យ
11, Jul 2022 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតូក្យូ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតូក្យូ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី​ ប្លីងខិន​ នៅថ្ងៃទី១១ ខែកក្កដា បានហៅអតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ ជាមនុស្សពោរពេញដោយចក្ខុវិស័យក្នុងការដឹកនាំប្រទេស និងការលើកកម្ពស់ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។

 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅថៃ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិននៅថ្ងៃទី១១ ខែកក្កដា បានស្កាត់ដំណើរទៅដល់ទីក្រុងតូក្យូដើម្បីចូលរួមរំលែកទុក្ខអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា។ 
 
ប្រមុខការទូតអាម៉េរិកបានជួបនាយករដ្ឋមន្រ្តីជប៉ុន​ គីស៊ីដា ហ្វូមីអូ ដើម្បីបង្ហាញពីទុក្ខដ៏ក្រៀមក្រំរបស់លោកចំពោះការបាត់បង់នាយករដ្ឋមន្រ្តីជប៉ុនដែលកាន់តំណែងយូរជាងគេ ហើយដែលបានប្រឹងប្រែងលើកស្ទួយទំនាក់ទំនងរវាងអាម៉េរិក និងជប៉ុនជាងនរណាទាំងអស់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។
 
«លោក អាបេ ជាមនុស្សពោរពេញដោយចក្ខុវិស័យដែលមានសមត្ថភាពអាចដឹងពីចក្ខុវិស័យនោះ»។ លោក ប្លីងខិន បានហៅលោក អាបេ បែបនេះ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន។  បើតាមប្រមុខការទូតអាម៉េរិក ក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយក្រុងតូក្យូសម្រាលទុក្ខសោកចំពោះមរណភាពលោកអាបេ។
 
ជាមួយគ្នានេះ លោក ប្លីងខិន ក៏បានប្រគល់សំបុត្ររបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន សម្រាប់គ្រួសារលោក អាបេ ទៅឱ្យលោក គីស៊ីដា ផងដែរ មុនក្រុមគ្រួសារលោក អាបេ រៀបចំពិធីបុណ្យសព ជាលក្ខណៈឯកជននៅថ្ងៃទី១១ ខែកកក្កដានាវិហារ Zojoji ក្រុងតូក្យូ។ ចំណែក ពិធីបុណ្យសពលោក អាបេនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ដែលរំពឹងថានឹងមានការចូលរួមពីអ្នកនយោបាយជាន់ខ្ពស់ និងធុរជន ខណៈពិធីរំលឹកវិញ្ញាណក្ខន្ធសាធារណៈនឹងប្រារព្ធនៅពេលក្រោយ។
 
កាលពីថ្ងៃទី៩ ខែកក្កដា លោក បៃដិន ក៏បានទៅស្ថានទូតជប៉ុនប្រចាំក្រុងវ៉ាស៊ីនតោនដើម្បីចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខអតីតនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។ 
 
គួរបញ្ជាក់ថា លោក អាបេ ត្រូវបានសម្លាប់អំឡុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់សភាជាន់ខ្ពស់នៅតំបន់ណារ៉ា។ ពីរថ្ងៃក្រោយនៃមរណភាពលោកអាបេ បក្សកាន់អំណាចប្រជាធិបតេយ្យសេរី ជាមួយបក្សដៃគូ Komeito ប្រកាសជ័យជម្នះក្នុងការបោះឆ្នោតសភាជាន់ខ្ពស់៕
 

Tag:
 អាម៉ែរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com