អន្តរជាតិ
UN៖ ប្រជាជនពិភពលោកនឹងកើនឡើងដល់៨ពាន់លាននាក់ក្នុងខែវិច្ឆិកានេះ
11, Jul 2022 , 9:29 pm        
រូបភាព
រូបថត​ Xinhua
រូបថត​ Xinhua
ក្នុងរបាយការណ៍ចេញថ្ងៃទី១១​ ខែកក្កដា អង្គការសហប្រជាជាតិ (UN) ព្យាករណ៍ថា​ ប្រជាជន​លើ​ពិភពលោកនឹងកើនឡើងដល់៨ពាន់លាននាក់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំណែកឥណ្ឌា នឹងវ៉ាចិនជាប្រទេសមានប្រជាជនច្រើនជាងគេនៅឆ្នាំ២០២៣ខាងមុខដែរ។

 
ក្នុងសារលើកឡើងដើម្បីអបអរសាទរទិវាប្រជាជនពិភពលោកនៅថ្ងៃទី១១ ខែកក្កដា អគ្គលេខាធិការ UN លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានថ្លែងថា ចំនួនប្រជាជនដែលកើនដល់៨​ពាន់លាននាក់ ជា​សារ​បញ្ជាក់ពីការទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាភពផែនដី។ លោកបន្តថា ​វាក៏ជាពេលមួយដើម្បី​ឆ្លុះ​បញ្ចាំងពីចន្លោះខ្វះខាតនៃការប្តេជ្ញាចិត្តរបស់ប្រជាជនក្នុងពិភពលោកលើការជួយដោះស្រាយ​បញ្ហា​គ្នា​ទៅវិញទៅមក។
 
«នេះគឺជាឱកាសមួយដើម្បីអបអរសាទរភាពចម្រុះជាតិសាសន៍របស់ពួកយើង ការទទួល ស្គាល់​មនុស្ស​ជាតិទូទៅរបស់យើង និងភាពអស្ចារ្យនៃភាពជឿនលឿនរបស់សុខភាពពិភពលោក​ដែល​បាន​ពន្យារ​អាយុជីវិត និងកាត់បន្ថយអត្រាមរណភាពមាតា និងទារកយ៉ាងខ្លាំង»។ លោក ហ្គូ​តេ​រ៉េ​ស បាន​បញ្ជាក់​បន្ថែមបែបនេះ។
 
បើយោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់ UN ចេញ​ផ្សាយ​នៅ​ថ្ងៃទី១១ ខែកក្កដា ប្រជាជនលើពិភពលោកនឹងកើនឡើងដល់៨ពាន់លាន​នាក់​នៅថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែចំនួននេះបង្ហាញថា ចំនួនប្រជាជនពិភពលោក​កំពុង​កើនឡើងក្នុង​ល្បឿន​យឺត​បំផុតចាប់តាំងពីឆ្នាំ១៩៥០។
 
ក្នុងរបាយការណ៍ដដែល ចំនួនប្រជាជនអាចឈានដល់៨,៥ពាន់លាននាក់នៅឆ្នាំ២០៣០ និងឡើងដល់៩,៧ពាន់លាននាក់់នៅឆ្នាំ២០៥០ ហើយឈានដល់កម្រិតកំពូលប្រហែល១០,៤ពាន់លាន​នាក់​ក្នុងទសវត្សរ៍ឆ្នាំ២០៨០ ហើយកំណើននឹងមានស្ថិរភាពរហូតដល់ឆ្នាំ២១០០។ ចំណែកឥណ្ឌា នឹងឈរលេខមួយជាប្រទេសមានប្រជាជនច្រើនលើចិនវិញនៅឆ្នាំក្រោយ។
 
ស្របពេលជាមួយគ្នានេះ គេក៏ឃើញមានការធ្លាក់ចុះនៃអត្រាកំណើតនៅក្នុងប្រទេស​ចំនួន៨​ដែល​ចំនួន​ធ្លាក់ចុះនោះច្រើនជាងពាក់កណ្តាលនៃការព្យាករណ៍ទុកមុនទៅទៀត។ ប្រទេសទាំង៨នោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេហ្ស៊ីប, អេត្យូពី, ឥណ្ឌា, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, ហ្វីលីពីន និងតង់សានី៕
 
 
 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com