អន្តរជាតិ
ម៉ាកាវ បិទកាស៊ីណូទាំងអស់១សប្ដាហ៍ ដើម្បីទប់ស្កាត់ការរាលដាលជំងឺ​កូវីដ-១៩
12, Jul 2022 , 8:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ម៉ាកាវ បានបិទកាស៊ីណូទាំងអស់ រួមទាំងអាជីវកម្មមួយចំនួនទៀតរយៈពេល១សប្ដាហ៍ គិតចាប់ថ្ងៃ​ទី១១ ខែកក្កដា តទៅដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩។ ការបិទកាស៊ីណូ​ទាំងស្រុង​នៅ​ម៉ាកាវ គឺជា​លើកដំបូងក្នុងរយៈ​ពេលជាង ២ឆ្នាំ​ចុងក្រោយដែលធ្វើឱ្យភាគហ៊ុន​ក្រុមហ៊ុន​ល្បែង​ជាច្រើន​ធ្លាក់ចុះ។


កាស៊ីណូ និងអាជីវកម្ម សរុបជាង៣០កន្លែងនៅម៉ាកាវ នឹងត្រូវបិទទ្វាររយៈពេល១សប្តាហ៍ ហើយ​ប្រជាជនត្រូវតែនៅផ្ទះ លើកលែងតែមានការងារចាំបាច់ប៉ុណ្ណោះដែលត្រូវអនុញ្ញាត។ នេះជាការរឹតត្បិត​នៅម៉ាកាវទ្រង់ទ្រាយធំលើកដំបូងគិតតាំងពីខែកុម្ភៈ ឆ្នាំ២០២០មក ខណៈដែលជំងឺកូវីដ-១៩ កំពុង​ផ្ទុះឡើង​ខ្លាំងមិនធ្លាប់មាន។ 
 
ក្នុងសេចក្ដីប្រកាស រដ្ឋាភិបាលតំបន់ម៉ាកាវព្រមានថា ប៉ូលិសនឹងតាមដានការធ្វើដំណើររបស់ប្រជាជន​នៅខាងក្រៅ ហើយការពិន័យនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងលើអ្នកដែលមិនអនុវត្តតាមបម្រាម​គោចរ។ ប្រជាជន​មិនអាចធ្វើដំណើរចេញ ឬចូលក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវបានឡើយ​ក្នុង​រយៈពេល​យ៉ាង​តិច៥ថ្ងៃ។ 
 
ដំបូងឡើយ រដ្ឋាភិបាលម៉ាកាវស្ទាក់ស្ទើរក្នុងការបិទកាស៊ីណូ​ ដោយសារវាផ្តល់ការងារដល់​ប្រជាជន​ជា​ច្រើនដោយផ្ទាល់ និងដោយប្រយោល ហើយជា​ចំណូលរបស់រដ្ឋាភិបាលជាង៨០ភាគរយឯណោះ។
 
វិធានការរបស់អាជ្ញាធរម៉ាកាវ ធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនល្បែង​មួយ​ចំនួនធ្លាក់ចុះយ៉ាងខ្លាំង។ ភាគហ៊ុន​របស់ក្រុមហ៊ុន Sands China បានធ្លាក់ចុះ ៩ភាគរយ ខណៈដែល​ភាគហ៊ុននៅក្រុមហ៊ុន Melco International, Wynn Macau, SJM, Galaxy, និង MGM China បានធ្លាក់ចុះពី៦ភាគរយទៅ ៧ភាគរយ។ អ្នកវិភាគសេដ្ឋកិច្ច​មួយចំនួន ព្យា​ករណ៍ថា ប្រាក់ចំណូលបានមកពីវិស័យ​ល្បែងទំនង​ជាមិនងាយកើនឡើង​វិញទេរហូតដល់ចុងត្រីមាសទី៣ ឬអាចដល់ក្នុងត្រីមាសទី៤។ នេះបើតាម​ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ជាមួយគ្នានេះ ប្រជាជននៅម៉ាកាវទាំងអស់ ក៏ត្រូវធ្វើតេស្តរកវីរុស៤​ដងក្នុងសប្ដាហ៍​នេះ ខណៈ​ពួកគេ​ធ្វើតេស្ត៦ដងរួចមកហើយគិតចាប់តាំងពីពាក់​កណ្តាលខែមិថុនា​មក។ លើសពីនេះ ពួកគេត្រូវធ្វើ​តេស្ត​រហ័សដោយខ្លួនឯងជារៀង​រាល់ថ្ងៃផងដែរ។ នេះជាវិធានការ​តឹងតែងស្របតាមគោលនយោបាយរដ្ឋាភិបាលចិន​ដែលកំពុងប្រឹងប្រែងសម្រេចគោលនយោបាយ កូវីដសូន្យ។
 
គួរបញ្ជាក់ថា ប្រជាជនម៉ាកាវជាង៩០ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញ​លេញរួចរាល់ហើយ តែវាមិនអាចទប់ស្កាត់ការរាលដាលដ៏ឆាប់រហ័សនៃវីរុសបំប្លែងថ្មីអូមីក្រុង​ឡើយ។ ចាប់តាំងពីពាក់កណ្តាលខែមិថុនា ម៉ាកាវមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រហែល​១៥០០​នាក់ ហើយ​មនុស្សជិត២ម៉ឺននាក់បានជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក៕   
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com