អន្តរជាតិ
អនុ​ប្រធានាធិបតី​តៃវ៉ាន់​ ទៅជប៉ុនដើម្បីគោរពសពលោក អាបេ
12, Jul 2022 , 9:59 am        
រូបភាព
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅថ្ងៃទី១១ ​ខែកក្កដា បានធ្វើដំណើរដោយឯកជនទៅកាន់ទីក្រុងតូក្យូដើម្បីគោរពសពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ ដែលត្រូវធ្វើឃាតនាកាលពីសប្ដាហ៍មុន។ ​ទោះជា​ទស្សនកិច្ច​ក្រៅផ្លូវការ លោក Lai ជាមន្ត្រីជាន់ខ្ពស់បំផុតនៃកោះតៃវ៉ាន់ដែលធ្វើដំណើរទៅជប៉ុនក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ។

 
បើតាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ អនុប្រធានាធិបតី William Lai ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់តៃវ៉ាន់ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់តាំងពីទីក្រុងតូក្យូបានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយទីក្រុងតៃប៉ិក្នុងឆ្នាំ ១៩៧២។
 
នៅព្រឹកថ្ងៃទី១១ ខែកក្កដា លោក William Lai ធ្វើដំណើរទៅគេហដ្ឋានរបស់លោក អាបេ ស៊ិនហ្សូ​ ជាមួយតំណាងតៃវ៉ាន់នៅជប៉ុន លោក Frank Hsieh។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ លោក Lai ​នឹង​បន្តចូលរួម​ពិធី​បុណ្យសព​របស់​លោក​នៅថ្ងៃទី១២​ខែកក្កដា។
 
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Lai មន្ត្រីក្រសួងការបរទេសជប៉ុន បានលើកឡើងថា ក្រសួងបានដឹងពីវត្តមានលោក Lai ក្នុងដំណើរទស្សនកិច្ចឯកជនមួយដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ។ 
 
ទន្ទឹមនេះដែរ ការិយាល័យប្រធានាធិបតីតៃវ៉ាន់មិនធ្វើអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែបានបញ្ជាក់ថាលោក Lai គឺជាមិត្តជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់លោក អាបេ និងគ្រួសាររបស់លោក។ ឯក្រសួងការបរទេសតៃវ៉ាន់ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសង្កត់ធ្ងន់ថានេះជារឿងផ្ទាល់ខ្លួនរបស់លោក Lai ប៉ុណ្ណោះ។ 
 
ជាមួយគ្នានេះដែរ នៅថ្ងៃទី១១ ខែកក្កដាប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីងវិន ក៏បានចូលរួមរំលែកទុក្ខទៅកាន់ស្ថានទូតជប៉ុនប្រចាំទីក្រុងតៃប៉ិ ជាមួយការប្ដេជ្ញាចិត្តបន្តកិច្ចការរបស់លោក អាបេ ក្នុងការពង្រឹងទំនាក់ទំនងរវាងតៃវ៉ាន់ និងជប៉ុនកាន់តែជិតស្និទ្ធ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងភាគីទាំងពីរ។
 
ដូចប្រទេសភាគច្រើនទៀតដែរ ជប៉ុនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែកន្លងមកមន្ត្រីជាន់ខ្ពស់ជប៉ុនមួយចំនួនបានបញ្ចេញមតិគាំទ្រតៃវ៉ាន់យ៉ាងខ្លាំង៕
 

Tag:
 តៃវ៉ាន់
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com