អន្តរជាតិ
ស្រីលង្កា​នឹងរើសប្រធានាធិបតី​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ ស្របពេល​វិបត្តិ​នយោបាយនិង​សេដ្ឋកិច្ចដុនដាប
12, Jul 2022 , 10:59 am        
រូបភាព
ប្រធានសភាស្រីលង្កា Mahinda Yapa Abeywardena នៅថ្ងៃទី១១ ខែកក្កដា ប្រកាសថា សភាស្រីលង្កានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដាខាងមុខ។ ប្រធានាធិបតីបច្ចុប្បន្ន បានចុះចេញពីតំណែង បន្ទាប់ពីបាតុករសម្រុកចូលវិមានប្រធានាធិបតី។

 
លោក Gotabaya Rajapaksa ដែលត្រូវបានពលរដ្ឋធ្វើបាតុកម្មទាមទារឱ្យចុះចេញពីតំណែងក្រោយមិនអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចបាន សម្រេចលាលែងនៅថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ។ ទន្ទឹមនេះដែរ បងប្អូន និងក្មួយប្រុសរបស់លោកក៏បានលាឈប់ពីតំណែងជារដ្ឋមន្ត្រី។ ឯនាយករដ្ឋមន្រ្តី Ranil Wickremesinghe ក៏ចុះចេញដែរ ប្រឈមមុខសម្ពាធពីមហាជន។
 
ក្រោយការធ្វើបាតុកម្មមិនធ្លាប់មានរហូតមានការលាលែងពីតំណែងបន្តបន្ទាប់ ប្រធានសភាស្រីលង្កា លោក Mahinda Yapa Abeywardena នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១១ ខែកក្កដា ប្រកាសថា សភានឹងប្រជុំឡើងវិញនៅថ្ងៃទី១៥ ខែកក្កដា ហើយនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីប្រាំថ្ងៃបន្ទាប់។ 
 
«អំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំគណបក្សដែលបានធ្វើឡើងនៅថ្ងៃនេះ (ថ្ងៃទី ១១ ខែកក្កដា) យើងបានព្រមព្រៀងគ្នាថា វាគឺជាការចាំបាច់ដើម្បីធានាថា រដ្ឋាភិបាលថ្មីនៃបក្សទាំងអស់ត្រូវធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមបែបនេះ។
 
លើសពីនេះដែរ សេចក្តីថ្លែងការណ៍របស់ប្រធានសភាលោក Abeywardena ក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃគណបក្សកាន់អំណាចបានត្រៀមខ្លួនរួចជាស្រេចក្នុងការលាលែងពីតំណែង ដើម្បីតែងតាំងរដ្ឋាភិបាលថ្មីពីគ្រប់បក្ស។ 
 
គួរបញ្ចាក់ថា មេដឹកនាំគណបក្សប្រឆាំងលោក Sajith Premadasa ដែលទទួលបានអាសនៈចំនួន ៥៤ នៅក្នុងសភាដែលមានសមាជិកចំនួន២២៥​ អះអាង លោកបានត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូលក្នុងរដ្ឋាភិបាល។
 
«​យើង​ក្នុង​នាម​ជា​បក្ស​ប្រឆាំង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​ដឹកនាំ​ដែលនាំទៅរកស្ថិរភាព​​និង​ការ​កសាង​សេដ្ឋកិច្ច​ឡើង​វិញ​។ យើង​នឹង​តែងតាំង​ប្រធានាធិបតី​ថ្មី នាយក​រដ្ឋមន្ត្រី និង​បង្កើត​រដ្ឋាភិបាល​មួយ»។ លោក Sajith Premadasa បានលើកឡើងបែបនេះ។ 
 
អស្ថិរភាពនយោបាយក្នុងប្រទេសនេះ អាចបំផ្លាញដល់ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានកញ្ចប់ជំនួយដើម្បីស្តារសេដ្ឋកិច្ច។ អភិបាលធនាគារកណ្តាលស្រីលង្កាប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូន និងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស៕
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com