អន្តរជាតិ
ក្រុង Kaliningrad ស្នើបិទផ្លូវមិនឱ្យទំនិញឆ្លងកាត់រដ្ឋបាល់ទិកចំនួន៣ ដើម្បីសងសឹកលីទុយអានី
12, Jul 2022 , 2:54 pm        
រូបភាព
រថភ្លើងដឹកទំនិញចេញពី Kalinigrad នៅព្រំដែនលីទុយអានី។ រូបថត Reuters
រថភ្លើងដឹកទំនិញចេញពី Kalinigrad នៅព្រំដែនលីទុយអានី។ រូបថត Reuters
ដោយ:
ទីក្រុង​ Kaliningrad របស់រុស្ស៊ីនៅថ្ងៃទី១១ ខែកក្កដា ប្រកាសថា ខ្លួននឹងស្នើរដ្ឋាភិបាលក្រុងមូស្គូឱ្យហាមឃាត់ការដឹកជញ្ជូនទំនិញឆ្លងកាត់ទឹកដីរុស្ស៊ី និងរដ្ឋអឺរ៉ុបបាល់ទិកទាំងស្រុង ដើម្បីតបតចំពោះទង្វើរបស់លីទុយអានីដែលបិទការដឹកជញ្ជូនទំនិញចូលក្រុងនេះ។ ប៉ុន្តែលីទុយអានីនៅថ្ងៃដដែល ក៏ប្រកាសរឹតបន្តឹងទៀតលើទំនិញដែលដឹកចូល ឬចេញពីទឹកដីរុស្ស៊ីទៅតំបន់ Kaliningrad តាមរយៈទឹកដីខ្លួន ទៅតាមទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

 
បើទោះជារងការព្រមានពីក្រុងមូស្គូក្ដី លីទុយអានី មិនព្រមដកការរឹតត្បិតរបស់ខ្លួនឡើយ ហើយនៅថ្ងៃទី១១ ខែកក្កដា បានបន្ថែមទំនិញដែលហាមប្រាមមិនឱ្យក្រុងមូស្គូ និងក្រុង Kaliningrad ដឹកជញ្ជូនទៅមកឆ្លងកាត់ទឹកដីខ្លួនឡើយ។ បើតាមអ្នកនាំពាក្យផ្នែកគយនៅលីទុយអានី ទំនិញបន្ថែមដែលត្រូវហាមឃាត់ជាមួយនឹងប្រសិទ្ធភាពភ្លាមៗនោះរួមមានស៊ីម៉ងត៍​ ឈើ ជាតិអាល់កុល និងសារធាតុគីមីដែលមានជាតិអាល់កុលប្រើប្រាស់ក្នុងឧស្សាហកម្ម។​ 
 
ការហាមឃាត់ការដឹកជញ្ជូនទំនិញបែបនេះ ត្រូវបានក្រុងមូស្គូចាត់ទុកជាការបិទផ្លូវខុសច្បាប់ ថ្វីបើក្រុងវីលនីញូសបកស្រាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុប(EU) ឡើយ។ ដូចដែលបានព្រមាន អភិបាលតំបន់ Kaliningrad នៅថ្ងៃទី​១១ ខែកក្កដាប្រកាសថា នឹងចាត់វិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ 
 
«ជាវិធានការសងសឹក យើងស្នើឱ្យហាមឃាត់ការដឹកជញ្ជូនទំនិញទាំងស្រុងដែលឆ្លងកាត់ចន្លោះរដ្ឋបាល់ទិកបី និងទឹកដីរុស្ស៊ី»។ លោក Anton Alikhanov អភិបាលក្រុង​ Kaliningrad លើកឡើងបែបនេះដោយសំដៅលើលីទុយអានី ឡេតូនី​ និងអេស្តូនី ហើយការរឹតត្បិតនេះក៏អនុវត្តទៅលើទំនិញដែលដឹកឆ្លងកាត់ពីប្រទេសទីបីដែរ។ បើតាមលោក Alikhanov ការធ្វើដូចនេះនឹងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់ខ្លួន និងកំពង់ផែ Kaliningrad វិលរកភាពមមាញឹកវិញ ខណៈកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរឹតបន្តឹងរបស់អឺរ៉ុប។​
 
ទាក់ទងរឿងនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស Alexander Lukashenko ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទជុំវិញវិធានការឆ្លើយតបរួមគ្នាទៅនឹងលីទុយអានីផង។ 
 
«ប្រធានាធិបតីទាំងពីរពិភាក្សាអំពីជំហានរួមគ្នា…ទាក់ទងនឹងការរឹតបន្តឹងខុសច្បាប់របស់លីទុយអានីលើការដឹកជញ្ជូនទៅតំបន់ Kaliningrad»។ នេះបើតាមសេចក្តីថ្លែងការណ៍ខ្លីមួយរបស់វិមានក្រេមឡាំងលើបណ្តាញ Telegram។ 
 
គួរបញ្ជាក់ថា តំបន់ Kaliningrad គឺជាក្រុងមួយរបស់រុស្ស៊ី ហើយមានព្រំដែនជាប់លីទុយអានី និងប៉ូឡូញដែលសុទ្ធតែជាសមាជិកណាតូ និងសហភាពអឺរ៉ុប។ ខណៈ Kaliningrad ពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវដែក និងផ្លូវឆ្លងកាត់លីទុយអានីដើម្បីដឹកជញ្ជូនទំនិញចូលទឹកដីខ្លួន លីទុយអានីកាលពីខែមិថុនាបានអនុវត្តទណ្ឌកម្មរបស់ EU ដោយហាមប្រាមទំនិញមួយចំនួនមិនឱ្យឆ្លងកាត់។​ ប៉ុន្តែទំនិញដែលស្ថិតនៅក្រោមប្រភេទមនុស្សធម៌ដូចជាស្បៀងអាហារ មិនរាប់បញ្ចូលនោះទេ៕
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com