អន្តរជាតិ
បេក្ខជន១១នាក់ ប្រជែងកៅអីនាយករដ្ឋមន្ត្រីអង់គ្លេស ដែលត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា
12, Jul 2022 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
លោក បូរីស ចនសុន យល់ព្រមចុះចេញពីតំណែងប្រធានបក្សអភិរក្សកំពុងកាន់អំណាច និងតំណែងនាយករដ្ឋមន្រ្តីកាលពីសប្ដាហ៍មុនដោយសារសម្ពាធពីផ្ទៃក្នុងបក្ស។ ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តី ក៏ចាប់ផ្ដើមដែរ ដោយសមាជិកជាន់ខ្ពស់បក្សកាន៉អំណាច១១នាក់ ចូលរួម។ នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា។ ការកាត់បន្ថយពន្ធយ៉ាងទូលំទូលាយ ជាការសន្យាចម្បងរបស់បេក្ខជនជាច្រើន។

 
មកទល់ពេលនេះ បេក្ខជនចំនួន១១នាក់​ បានចូលរួមឈរឈ្មោះបោះឆ្នោតដើម្បីស្នងតំណែង​នាយករដ្ឋមន្ត្រី និងធ្វើជាមេដឹកនាំ​គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចបន្តពីលោក បូរីស ចនសុន ដែលលាលែងពីសប្ដាហ៍មុន។ លោក ចនសុន បច្ចុប្បន្ន ជានាយករដ្ឋមន្រ្តីចាំផ្ទះ។
 
គណៈកម្មាធិការសមាជិកសភានៃបក្សអភិរក្សនិយម នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ​បក្ស​ជុំទី​មួយ​នៅថ្ងៃទី១៣ ខែកក្កដា។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។​​ បេក្ខជនណាដែ​លទទួល​បានសន្លឹកឆ្នោត​តិច​ជាង៣០ពីសមាជិកសភាបក្ស៣៥៨នាក់ នឹង​ត្រូវ​លុបឈ្មោះចេញមុន​ពេល​ការ​បោះឆ្នោត​ជុំទី២ ​នៅថ្ងៃទី១៤ ខែកក្កដា។ ចំណែកការប្រកាស​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៥ ខែកញ្ញា។
 
«ខ្ញុំពិតជាទន្ទឹងរង់ចាំឱ្យដំណើរការបោះឆ្នោតនេះបញ្ចប់ទៅដោយរលូន ស្អាតស្អំ និងលឿនតាម​ដែល​អាចធ្វើទៅបាន»។ ប្រធានគណៈកម្មាធិការបក្សអភិរក្សនិយមលោក Graham Brady បានលើក​ឡើង​បែបនេះមុនបង្ហាញសង្ឃឹមថា នឹងមានការប្រជែងប្រកបដោយការស្ថាបនាដែលជាឱកាសដ៏ល្អ​សម្រាប់​ការជជែកវែកញែករកភាពត្រឹមត្រូវ ការចុះសម្រុងគ្នារវាងសមាជិកបក្ស និងការបង្កើតទិសដៅ​អនាគត​របស់គណបក្ស។
 
បើយោងតាមការស្ទង់មតិលើគេហទំព័ររបស់គណបក្សអភិរក្សនិយមនៅថ្ងៃទី១១ ខែកក្កដា រដ្ឋមន្ត្រី​គោលនយោបាយពាណិជ្ជកម្មអង់គ្លេស Penny Mordaunt ជាបេក្ខជនដែលមាន​ប្រជាប្រិយភាព​បំផុត​ក្នុងចំណោមសមាជិកបក្ស ហើយបេក្ខជនដែលមានប្រជាប្រិយបន្ទាប់ គឺសមាជិកសភាលោកស្រី Kemi Badenoch និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak ។
 
នៅជុំចុងក្រោយ សមាជិកបក្សអភិរក្សនិយមដែលមានចំនួនជាង២០ម៉ឺននាក់ (តិចជាង៣ភាគរយ​នៃ​ប្រជាជនអង់គ្លេសសរុប) នឹងបោះឆ្នោតលើបេក្ខជនពីររូបចុងក្រោយដែលសម្រេចដោយសមាជិកសភាបក្ស។
 
ក្នុងការប្រមូលការគាំទ្រ បេក្ខជនឈរឈ្មោះស្ទើរ​ទាំងអស់​បានសន្យាកាត់បន្ថយពន្ធ​លើផ្នែក​ផ្សេង​ៗ​ដូច​ជាពន្ធអាជីវកម្មនិងពន្ធផ្ទាល់ខ្លួនជាដើម។ រដ្ឋមន្ត្រីកា​រ​បរទេស​អង់គ្លេសលោកស្រី Liz Truss ដែល​ជា​បេក្ខជនឈរឈ្មោះមួយរូបដែរនោះ សន្យា​កាត់​បន្ថយ​ពន្ធសាជីវកម្ម។ ឯអតីតរដ្ឋមន្ត្រីការបរទេសលោក Jeremy Hunt និងអតីត​រដ្ឋមន្ត្រី​សុខាភិបាល លោក Sajid Javid​ បានសន្យាត់បន្ថយពន្ធសាជីវកម្មដែរ ខណៈលោកស្រី Mordaunt សន្យា​កាត់​បន្ថយ​ពន្ធ​ប្រេងឥន្ធនៈ៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com