កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់៤ ប្រទេស ស្នើធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 ក្រោយចិនដកខ្លួន
19, Jul 2022 , 9:59 am        
រូបភាព
រូបភាព៖ AFC
រូបភាព៖ AFC
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានទទួលលិខិតចំនួន៤ បង្ហាញពីចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFC Asian Cup 2023 ពីប្រទេសជាសមាជិក AFC បន្ទាប់ពីចិនដកខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រោះបញ្ហារីករាលដាលកូវីដ-១៩ម្ដងទៀត។

 
The Asian Football Confederation (AFC) បានចេញលិខិតអញ្ជើញប្រទេសជាសមាជិក AFC ទាំងអស់ ដែលមានចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ក្នុងតំបន់អាស៊ីនេះ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ AFC កំណត់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដែលជាពេលឆ្លើយតបសម្រាប់ប្រទេសជាសមាជិកមកកាន់ AFC។ 
 
ក្រោយការជូនដំណឹងនេះ AFC បានទទួលសំណើចំនួន៤ហើយ។ ប្រទេសទាំង៤នោះរួមមាន៖ កីឡាបាល់ទាត់អូស្ដ្រាលី, សមាគមបាល់ទាត់ឥណ្ឌូណេស៊ី, សមាគមបាល់ទាត់កូរ៉េ និងសមាគមបាល់ទាត់កាតា។ នេះបើយោងតាមគេហទំព័រផ្លូវការ AFC កាលពីថ្ងៃទី១៨ កក្កដា។
 
យោងទៅលើនីតិវិធីក្នុងការដេញថ្លៃរបស់ AFC ដែលបានចេញនៅថ្ងៃទី១៧ មិថុនា ២០២២ ប្រទេសដែលចង់ធ្វើជាម្ចាស់ផ្ទះ ត្រូវប្រគល់ឯកសារពាក់ព័ន្ធ នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ 
 
រដ្ឋបាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងវាយតម្លៃសរុប នៃការដេញថ្លៃរបស់ប្រទេសជាសមាជិក AFC (AFC Administration)។ ការជ្រើសរើស និងសេចក្ដីប្រកាសសម្រេច ប្រទេសជាម្ចាស់ផ្ទះនៃការប្រកួត ដែលមាន២៤ប្រទេសចូលរួម នឹងរៀបចំដោយ គណៈកម្មាការប្រតិបត្តិ AFC (AFC Executive Committee) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
 
គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានប្រកាសដកខ្លួនធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយការរីករាលដាលឡើងវិញនូវជំងឺកូវីដ-១៩ និងដើម្បីអនុវត្តយុទ្ធនាការ «សូន្យកូវីដ »(Zero-Covid)៕
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com