កីឡាជាតិ
ជាតិ
AFF U-16៖ កម្ពុជា ត្រូវតទល់ជាមួយអូស្ត្រាលី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី
19, Jul 2022 , 1:59 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់កីឡាករអាយុក្រោម១៦ ឆ្នាំនាពហុកីឡដ្ឋានជាតិអូឡាំពិក(រូបពីកម្ពុជាថ្មី)
សកម្មភាពហ្វឹកហាត់របស់កីឡាករអាយុក្រោម១៦ ឆ្នាំនាពហុកីឡដ្ឋានជាតិអូឡាំពិក(រូបពីកម្ពុជាថ្មី)
ដោយ៖ហៀក ឆក

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ នឹងត្រូវតទល់ជាមួយក្រុមខ្លាំងក្នុងពូល C ក្នុងពានរង្វាន់បាល់ទាត់ AFF U16 CHAMPIONSHIP 2022 ដែលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ ការប្រកួតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២២។



កម្ពុជា នឹងត្រូវជួបម្ចាស់ជើងឯក២សម័យកាល ម៉ាឡេស៊ី ដែលជាក្រុមមួយមានបទពិសោធជោគជាំ ក្នុងវិស័យកីឡាបាល់ទាត់ នាកីឡដ្ឋាន Magowoharjo ក្រុងSleman ថ្ងៃទី២ ខែសីហា។
 
៣ថ្ងៃបន្ទាប់ កម្ពុជាត្រូវជួបប្រកួតជាមួយម្ចាស់ជើងឯក២សម័យអូស្តា្រលី នាកីឡដ្ឋានSultan Agung ក្នុងខេត្តBultan, និងបន្តជួបម្ចាស់ជើងឯក២សម័យមីយ៉ាន់ម៉ា នាកីឡដ្ឋានដដែលនេះ នៅថ្ងៃទី៨ សីហា។
 
នេះជាលើកទី១១ ហើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ដែលបានចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ AFF U16 CHAMPIONSHIP។ កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះ ១លើកក្នុងព្រឹត្តិការណ៍នេះ នាពហុកីឡដ្ឋានអូឡាំពិក ក្នុងឆ្នាំ២០១៦ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីចាញ់វៀតណាម ០-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
គួរបញ្ជាក់ថា ពូលC រួមមាន កម្ពុជា អូស្ត្រាលី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី, ពូលA មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន ។ ចំណែកពូលB មានថៃ ទីម័រខាងកើត ឡាវ និងព្រុយណេ៕
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com