កីឡាជាតិ
ជាតិ
សហព័ន្ធទូកកានូ និងរ៉ូអ៊ីង សម្រេចយកខេត្តកំពតជាទីតាំងប្រកួតស៊ីហ្គេមលើកទី៣២
20, Jul 2022 , 8:59 am        
រូបភាព
ការប្រកួតទូកនាគ ពានរង្វាន់សម្តេច ស ខេង លើកទី៨ (រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា)
ការប្រកួតទូកនាគ ពានរង្វាន់សម្តេច ស ខេង លើកទី៨ (រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា)
ដោយ៖ហៀក ឆក

សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្រេចយកទីតាំងខេត្តកំពត ជាកន្លែងរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងសម្រាប់រៀបចំពានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ សម្តេច ស ខេង លើកទី៩។



សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតពានរង្វាន់សម្តេច ស ខេង ថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ ដែលមានប្រភេទកីឡាចូលរួមចំនួន២។ ក្នុងនោះមាន៥វិញ្ញាសា ដែលបានដាក់ចេញ ដូចជាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ”ទូកនាគ,ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង” លើប្រភេទវិញ្ញាសា ៨០០ម៉ែត្រចំណុះ ១២នាក់ និង៥០០ម៉ែត្រ ចំណុះ១២នាក់។
 
ចំណែកទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងរួមមាន វិញ្ញាសា៥០០ម៉ែត្រ CI ៥០០ម៉ែត្រ KI និងវិញ្ញាសា ១០០០ម៉ែត្រ IX ។ ការប្រកួតនេះ នឹងរៀ​បចំឡើងក្នុងទីតាំងដងព្រែកកំពត ក្រុងកំពត និងទីរួមខេត្តកំពត ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។
  

អត្តពលិក​ត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ (រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា)

ទីតាំងទាំងនេះ ក៏នឹងត្រូវដាក់បញ្ចូលជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នេះបើតាមលោក គង់ សុភាព មន្រ្តីបច្ចេកទេសសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៩ កក្កដា ។
 
«ដោយការសម្រេចពីគណៈកម្មធិការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ហ្នឹងគឺសម្រេចនៅព្រែកកំពត ខេត្តកំពតតែម្តងសម្រាប់ត្រៀមរៀបចំស៊ីហ្គេមឆ្នាំ២០២៣»។ សម្តីលោក គង់ សុភាព មន្រ្តីបច្ចេកទេស បញ្ជាក់យ៉ាងដូច្នេះ។
 
គួររំឭកផងដែរថា កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ចប់បេសកកម្មពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅថ្មីៗនេះ ដោយទទួលបានមេដាយសំរឹទ្ធ១គ្រឿង ត្រលប់មកមាតុប្រទេសវិញ៕
 
 
 

Tag:
 កានូនិងរ៉ូអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com