ជាតិ
សិល្បះ
លោក ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះនិង​ឡាន​យក​ប្រាក់​​ផលិតកុន
20, Jul 2022 , 1:59 pm        
រូបភាព
លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មកថាជ័យ ដែលបានប្រកាសលក់ផ្ទះ និងឡាន ដើម្បីយកប្រាក់ទៅសងថ្លៃបំណុល ដែលខ្ចីគេមកផលិតកុន ហើយខាតដើម។ ហើយបើលក់ផ្ទះសង់បំណុលហើយ នៅសល់លុយខ្លះទៀត លោក យ៉ាឡេង នឹងប្រើប្រាស់លុយទាំងនោះ ទៅបន្តផលិតភាពយន្តថែមទៀត តាមក្តីស្រម៉ៃចង់ឱ្យវិស័យភាពយន្តខ្មែររីកចម្រើន។ រូបពី​ហ្វេសប៊ុក Huy Yaleng
លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មកថាជ័យ ដែលបានប្រកាសលក់ផ្ទះ និងឡាន ដើម្បីយកប្រាក់ទៅសងថ្លៃបំណុល ដែលខ្ចីគេមកផលិតកុន ហើយខាតដើម។ ហើយបើលក់ផ្ទះសង់បំណុលហើយ នៅសល់លុយខ្លះទៀត លោក យ៉ាឡេង នឹងប្រើប្រាស់លុយទាំងនោះ ទៅបន្តផលិតភាពយន្តថែមទៀត តាមក្តីស្រម៉ៃចង់ឱ្យវិស័យភាពយន្តខ្មែររីកចម្រើន។ រូបពី​ហ្វេសប៊ុក Huy Yaleng
ភ្នំពេញ​៖ លោក ហ៊ុយ យ៉ាឡេង ប្រកាស​លក់​ផ្ទះក្នុង​តម្លៃ ​១៣៥,០០០ដុល្លារ ដើម្បី​យក​ប្រាក់​សងថ្លៃ​ដើម​ នៃ​ការ​ផលិត​កុន​លើក​មុន ហើយ​សល់​ប៉ុន្មាន​​យក​ទៅ​ផលិត​កុន​បន្ត​។ លោក​ថា​តម្លៃផ្ទះ​នោះ​ គឺ​នៅ​ក្រោម​ទី​ផ្សារ​។ មិន​ត្រឹម​តែ​លក់​ផ្ទះទេ លោក យ៉ាឡេង ក៏​លក់​ឡាន​​របស់​លោក​ដែរ​។



ចាហ្វាង​ផលិត​កម្ម​ កថា​ជ័យ​ភាព​យន្ត​ លោក ហ៊ុយ យ៉ាឡេង​ បាន​​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ផ្ទះដែល​លោក​លក់​នោះ​មាន​ទំហំ១៥.៦x១២.៥ និង​ទំហំ​ផ្ទៃ​ដី ១៨.៨x១៦.១ ហើយ​លោក​លក់​ក្នុង​តម្លៃ​១៣៥,០០០ដុល្លារ​។ លោក យ៉ាឡេង អះ​អាង​ថា ផ្ទះ​នោះ​​លោក​ទិញ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ដោយ​បង់​រំលោះ​ជា​មួយ​ធនាគារ​។ មិន​ត្រឹម​តែ​លក់ផ្ទះ​ប៉ុណ្ណោះ​ទេ ផលិត​ករ​រូប​នេះ ក៏​លក់​ឡាន​របស់​លោក​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ឡាន​នោះ​ប្រៀប​បាន​នឹង​ផ្ទះ​តូច​មួយ ​អាច​ឱ្យ​លោក​សម្រាក​ពេល​យប់​បាន​ ហើយ​វា​បាន​ដឹក​លោក​ទៅ​គ្រប់​ទិស​ទី​។
 
«​បើ​ខ្ញុំ​សង​គេ​រួច​រាល់​ ហើយ​នៅ​សល់​ប្រាក់​គួរសម​ ខ្ញុំ​នឹង​យក​ទៅ​ផលិត​កុន​​បែប​​ Action funny។ ប៉ុន្តែ​បើ​ប្រាក់នៅ​លក់​តិច ខ្ញុំ​នឹង​ផលិត​រឿងបែប​​ជីវិតទៀត។ ខ្ញុំ​មិន​ទាន់​ផលិត​រឿង​ខ្មោច​ទេ​។ ផ្ទះ​នេះ​ខ្ញុំ​លក់​ក្រោម​ទី​ផ្សារ​ទេ ព្រោះ​ខ្ញុំ​ទាល់​អត់​មាន​លុយ​សង​គេ​ ហើយ​ខ្ញុំ​នៅតែ​ចង់​ផលិត​រឿង​ត​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ហ៊ុយ​ យ៉ា​ឡេង​។ 


 រូប​ពីហ្វេស​ប៊ុក Huy Yaleng

នៅ​លើ​ហ្វេស​ប៊ុក​របស់ផលិតករ​​ ហ៊ុយ​ យ៉ាឡេង បាន​រៀប​រាប់​ថា លោក​បាន​ដួល​អស់​រយៈ​ពេល​២​ឆ្នាំ​ ព្រោះ​តែ​ជំងឺ​កូវីដ-១៩។ ការណ៍​នោះ​បាន​​ធ្វើ​ឱ្យ​លោក​ ខ្វះ​ទុន​ផលិត​កុន​។ ការខ្វះខាតនេះ បានជំរុញឱ្យលោក​ យ៉ាឡេង ​ទៅ​ខ្ចី​ប្រាក់ពី​​ក្រុម​ហ៊ុន​មួយ​ ​ចំនួន​៣​ម៉ឺន​ដុល្លារ ដោយ​សន្យា​សង​ថ្លៃ​ដើម​​ និង​ជូន​ប្រាក់​ចំណេញ​ទៅ​វិញ​ ១៥ពាន់​ដុល្លារ​។ ហើយ​លោក​បន្តទៅ​​ខ្ចី​ពី​ក្រុម​ហ៊ុន​មួយ​ទៀត ចំនួន​១ម៉ឺន​ដុល្លារ ដោយ​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​ចំណេញ​៥​ពាន់​ដុល្លារ​ទៅ​វិញ​។ លោក​បន្ថែម​ទៀត​ថា ​ក្ដី​រំពឹង​ទុករបស់​លោក​ គឺ​ខុសស្រឡះ​។ 
 
បើ​ទោះ​បី​ជា​​លោក​ ហ៊ុយ​ យ៉ាឡេង មិន​បាន​បញ្ជាក់​ឈ្មោះ​ភាព​យន្ត​ដែល​លោក​ខាត​ក៏​ពិត​មែន ​ប៉ុន្តែ​ក៏​គង់​​គេ​អាច​ដឹង​បាន​ថា សំណេរ​ដែល​លោកបាន​​សរសេរ​នោះ​ គឺ​​ចង់​សំដៅ​ដល់​រឿង​ “គ្រោះ​ជីវិត​កូវីដ-១៩​”ដែរ​​​។ 
 
លោក យ៉ាឡេង ថា ​ទី​ផ្សារ​មើល​ភាព​យន្ត​ក្នុង​រោង​កុន​ មាន​តែ​នៅ​រាជ​ធានី​ភ្នំពេញប៉ុណ្ណោះ​ ប្រសិន​បើ​ផលិត​ករ​ហ៊ាន​ផលិត​រឿង​ ចាយ​ទុន​​លើស​​​​១០​ម៉ឺនដុល្លារ ប្រាកដ​ជា​ខាតជា​មិន​ខាន​។ ប៉ុន្តែ​ប្រសិន​បើ​​លោក​មាន​​ប្រាក់​២០​ទៅ​៣០​ម៉ឺនដុល្លារ​ លោក​ជឿជាក់​ថា​រឿង​របស់​លោក ​ប្រាកដ​ជា​មាន​គុណ​ភាព​ខ្ពស់​ ហើយ​​​អាច​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​បាន​។ 


   រូប​ពីហ្វេស​ប៊ុក Huy Yaleng

លោក​ យ៉ាឡេង ក៏​បាន​បញ្ជាក់​ដែរ​ថា មាន​ក្រុម​ហ៊ុន​មួយ​ បាន​សុំ​ទិញ​រឿង “គ្រោះ​ជីវិត​កូវីដ-១៩" ​ក្នុង​តម្លៃ​៦​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​ដោយ​សារ​សំទុះ​នៃ​ការ​គាំ​ទ្រ​ខ្សោយ​ ក្រុម​ហ៊ុន​នោះ​ក៏​សុំ​និរាករ​កិច្ច​សន្យា​ទិញ​រឿង​វិញ​។ ​ថ្លៃ​ដើមក្នុង​​ការ​ផលិតរឿង”​គ្រោះ​ជីវិត​កូវីដ-១៩” ​អស់​៨ម៉ឺន​ដុល្លារ​។ ថ្ងៃ​ចាក់​បញ្ចាំងរឿង​នេះ​​លើក​ដំបូង​​ ទទួល​បាន​ប្រាក់មក​វិញ​ត្រឹម​តែ​​​៦​ពាន់​ដុល្លារ​ប៉ុណ្ណោះ​​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ យ៉ាឡេង ធ្លាប់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​កាល​ពី​ពេល​កន្លង​ទៅ​ថា លោក​​មាន​ក្ដី​ស្រមៃ​ចង់​ឱ្យ​កុន​ខ្មែរ មាន​គុណ​ភាពនិង​ល្បី​ល្បាញ​ដូច​សម័យ​សង្គម​រាស្ត្រ​និយម​។ បើ​ទោះ​បី​ជា លោកធ្លាប់​​រង​​ការ​ខាត​ដើម​​​ក្នុង​វិស័យ​ភាព​យន្ត​ក៏​ដោយ ក៏​លោកមិន​បោះ​បង់​វិស័យ​នេះ​ដែរ​។ លោក​ យ៉ាងឡេង អះ​អាង​ថា​ក៏​ព្រោះ​តែ​ក្ដី​ស្រឡាញ់​។
 
លោក ហ៊ុយ​ យ៉ាឡេង ដែល​ជា​ចាហ្វាង​ផលិត​កម្ម​ កថាជ័យ​ភាព​យន្ត ធ្លាប់​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ ក្នុង​ស្នាដៃ​ដឹក​នាំ​រឿង “​ដើម​ចេក​ជ្វា​”​ “ធ្មប់​” វិកលចរិត”និង​រឿង​ “ដើម្បី​កូន​” ជា​ដើម​ ហើយ​រឿង​ទាំង​នោះ​ ខ្លះ​លោក​គ្រាន់​តែ​ជា​អ្នក​ដឹក​នាំ​រឿង ខ្លះ​លោក​ជា​អ្នក​និពន្ធផង​ ជា​អ្នក​ដឹក​នាំផង​ ក៏​ជា​តួ​សម្ដែង​ឯក​ក្នុង​រឿង​នោះ​ផង​ដែរ​៕
 
 

Tag:
 សិល្បៈ​
  ភាពយន្ត​
 ​ កុន​
  ហ៊ុយ យ៉ាឡេង
© រក្សាសិទ្ធិដោយ thmeythmey.com