កីឡាជាតិ
ជាតិ
សាលី អ៊ូមើត និង ម៉ីន មូសស្ដាន កំពុង​ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Series នៅប៉ូឡូញ
20, Jul 2022 , 9:29 pm        
រូបភាព
ម៉ិន មូសស្ដាន ក្នុងការប្រកួត Jet Ski Pro Tour 2020 នៅប្រទេសថៃ រូបពី Min Mustan
ម៉ិន មូសស្ដាន ក្នុងការប្រកួត Jet Ski Pro Tour 2020 នៅប្រទេសថៃ រូបពី Min Mustan
លោក ម៉ម អានី មន្ដ្រីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថាការគាំទ្រពីប្រជាជនកម្ពុជា គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ស្មារតីប្រកួតរបស់កីឡាករជម្រើសជាតិ នៅលើឆាកអន្ដរជាតិ។ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន ជម្រើសជាតិម៉ូតូទឹកកម្ពុជា កំពុងប្រកួតនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែកក្កដា ក្នុងព្រឹត្តិការណ៍ World Series Season 2022។


មន្ត្រីសហព័ន្ធម៉ូតូទឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតនៅក្រៅប្រទេសមានការពិបាកដោយត្រូវជួបគូប្រកួតខ្លាំងៗជាច្រើន និងត្រូវការចំណាយថវិការច្រើនផងដែរ។ ប៉ុន្ដែ កីឡាករជម្រើសជាតិ ទៅប្រកួតជាមួយកម្លាំងចិត្ត ដែលផ្ដល់ដោយអ្នកគាំទ្រកម្ពុជា។
 
«កីឡាករ មានស្មារតីប្រកួតកាន់តែខ្លាំង និងមិនគិតពីការលំបាក ឬឧបសគ្គយ៉ាងណាក៏ដោយ ប្រសិនជាទទួលបានការលើកទឹកចិត្តពីប្រជាជនកម្ពុជា។»។ លោក ម៉ម អានី បានប្រាប់ដូច្នេះ។
 
កីឡាករ៦រូប ដែលចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មាន៖ សាលី អ៊ូមើត, ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ ដោយឡែកចំណោម៦រូបនេះ កីឡាករ២រូប អាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបាន ដោយកីឡាករ៤រូបផ្សេងទៀត មិនមានម៉ូតូទឹកសម្រាប់ប្រណាំង ដោយសារជួលគេមិនបាន។ ការទៅប្រកួតនៅបរទេសម្ដងៗត្រូវចំណាយច្រើន ហើយកីឡាករ៤រូបផ្សេងទៀត មិនមានអ្នកឧបត្ថម្ភ ដែលជាហេតុធ្វើឲ្យពួកគេខកខានការប្រកួតអន្ដរជាតិនេះ។


 សាលី អ៊ូមើត ប្រកួត World Series 2021 រូបពី Jet Ski World Series

កីឡាករ សាលី អ៊ូមើត ម្ចាស់ជើងឯកពិភពលោក Pro-Am Ski Super Stock ឆ្នាំ២០១៩ បានប្រាប់សារព័ត៌មានថ្មីៗពីតម្លៃ ដែលត្រូវចំណាយលើការដឹកម៉ូតូទឹកមកប៉ូឡូញ អស់ចំនួន $ ២៤០០០ សម្រាប់ចំនួន២ម៉ូតូ។ «ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមច្រើន ដូចនេះ មិនមានម៉ូតូសម្រាប់ជួលដល់កីឡាករទេ ហើយសម្រាប់ការដឹកជញ្ជូនម៉ូតូមកត្រូវការចំណាយច្រើន។»។
 
សាលី អ៊ូមើត និង ម៉ិន មូសស្ដាន ត្រូវប្រកួតលើ២វិញ្ញាសា ដោយវិញ្ញាសាទី១ Pro Ski Grand Prix មាន១២ ប្រទេសចូលរួម ក្នុងនោះមាន៖ កម្ពុជា, អូទ្រីស, បែលហ្សិក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, ហូឡង់, ស៊ុយអែត, អេស្ប៉ាញ, អ៊ុយក្រែន និង សហរដ្ឋអាមេរិក។ វិញ្ញាសាទី២ Pro-Am Ski Lites មានប្រទេសចូលរួមប្រកួត ១១ រួមមាន កម្ពុជា, បែលហ្សិក, អេស្តូនី, បារាំង, ហុងគ្រី, ហូឡង់, ន័រវេស, អង់គ្លេស និង អ៊ុយក្រែន។ ព្រឹត្តិការណ៍ World Series Season ជុំទី១ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដោយឡែកកីឡាករកម្ពុជា២រូបនេះ នឹងប្រកួតនៅថ្ងៃទី២២ និង២៣ ខែកក្កដា៕
 
 

Tag:
 កីឡាប្រណាំងម៉ូតូទឹក
  សាលី អ៊ូមើត
  ម៉ីន មូស្ដាន
  World Series Season
© រក្សាសិទ្ធិដោយ thmeythmey.com