កីឡាជាតិ
ជាតិ
លោក យី វាសនា៖ ពេលប្រកួតលើឆាកអន្តរជាតិ អត្តពលិក គ្រូបង្វឹក គឺស្មើនឹងទង់ជាតិ ព្រលឹងជាតិ
20, Jul 2022 , 10:59 pm        
រូបភាព
លោក យី វាសនា អគ្គលេខាធិការ NPCC ប្រាប់ដល់អត្ដពលិកពិការភាព រូបពី Apsara TV
លោក យី វាសនា អគ្គលេខាធិការ NPCC ប្រាប់ដល់អត្ដពលិកពិការភាព រូបពី Apsara TV
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា ប្រាប់ដល់អត្ដពលិក និងមន្ដ្រីកីឡាទាំងអស់ ឲ្យយល់តម្លៃរបស់ខ្លួន ដែលស្មើទៅនឹងមុខមាត់ប្រទេសជាតិ នៅពេលចេញទៅប្រកួតលើឆាកអន្ដរជាតិ ។ ជាពិសេសការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហានេះ។

 
មុនពេលចេញដំណើរទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) មានប្រសាសន៍លើកទឹកចិត្តដល់ប្រតិភូកីឡាទាំងអស់ ឲ្យស្គាល់ពីតម្លៃខ្លួន សម្រាប់ការចូលរួមប្រកួតលើឆាកអន្ដរជាតិ។ លោក ជំរុញឲ្យអត្តពលិកទាំងអស់ ប្រឹងប្រែងណ្ដើមបានមេដាយ ដើម្បីលើកមុខមាត់ប្រទេសជាតិ ។
 
«អត្ដពលិក គ្រូបង្វឹករបស់យើង គឺស្មើនឹងទង់ជាតិ ព្រលឹងជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ សូមឲ្យតម្លៃខ្លួនឯងឲ្យខ្ពស់រាល់ពេលដេក ដើរ ឈរ អង្គុយ គឺត្រូវយល់ថា ខ្លួនយើងមានតម្លៃ។»។ លោក យី វាសនា មានប្រសាសន៍ដូច្នេះ។
  

កិច្ចប្រជុំបច្ចេកទេស និងដោះស្រាយបញ្ហារបស់អត្ដពលិកពិការភាព រូបពី Apsara TV

ប្រតិភូកីឡា ទៅប្រទេសឥណ្ឌូណេស៊ីនេះ ចែកចេញជា៣ក្រុម ។ ប្រតិភូទី១ គឺក្រុមអត្តពលិក និងគ្រូបង្វឹក ទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ប្រតិភូទី២ គឺក្រុមការងារ ទៅរៀនសូត្រ និងដកស្រង់បទពិសោធន៍ សម្រាប់រៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា និងប្រតិភូទី៣ ត្រូវទៅទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីឥណ្ឌូណេស៊ី។ នេះបើតាមលោក យី វាសនា។
 
គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡា នឹងចេញដំណើរនៅថ្ងៃទី២៦ ខែកក្កដា ដោយជើងហោះហើរ Sky Angkor Airlines ពីកម្ពុជា ទៅឥណ្ឌូណេស៊ី ដោយគ្មានការប្ដូរជើងហោះហើរទេ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងលើកចុងក្រោយបង្អស់ នៅឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយកម្ពុជា ទទួលបានមេដាយសរុប១០គ្រឿង ក្នុងនោះ ប្រាក់៥គ្រឿង និងសំរិទ្ធ៥គ្រឿង។
 
ប្រទេសហ្វីលីពីន និងវៀតណាម បានផ្អាករៀបចំព្រឹត្តិការណ៍នេះ ដោយសារបញ្ហាគ្រោះធម្មជាតិ និងវិបត្តិកូវីដ-១៩ មុននឹងផ្ទេរទៅឥណ្ឌូណេស៊ីវិញ នៅឆ្នាំ២០២២នេះ៕
 

Tag:
 Asean Para Games
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com