កីឡាជាតិ
ជាតិ
លោក សុខ សូកាន ជាប្រធានប៉េតង់ រីឯលោក ស សុខា ផ្តោត​លើ​បាល់ទះ និងកីឡាសិស្សនិស្សិត
20, Jul 2022 , 6:39 pm        
រូបភាព
លោក ស សុខា(ឆ្វេង) ប្រគល់ត្រាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ ជូនលោក សុខ សូកាន (ស្តាំ)(ប្រភព ស សុខា)
លោក ស សុខា(ឆ្វេង) ប្រគល់ត្រាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ ជូនលោក សុខ សូកាន (ស្តាំ)(ប្រភព ស សុខា)
ដោយ៖ហៀក ឆក

លោក សុខ សូកាន ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិ២០២១-២០២៥ បន្តពីលោក ស សុខា តាមរយៈ​មហាសន្និបាតវិសាមញ្ញអាណត្តិទី៧ និងការបោះឆ្នោតប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិ​ កាលពីរសៀលថ្ងៃទី​២០ ខែ​កក្កដា។

 
​«ខ្ញុំ​មាន​ជំនឿជាក់​ថា ​សហព័ន្ធ​នឹង​កាន់​តែ​មាន​សកម្មភាព​គគ្រឹកគគ្រេង និង​កាន់​តែ​រឹងមាំ​ជា​និរន្តរ៍»។ នេះជាការ​ជឿជាក់​របស់​លោក ស សុខា ចំពោះសមត្ថភាព​ដឹកនាំ​របស់លោក សុខ សូកាន ក្នុងតួនាទីជាប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បន្ត​ពី​រូបលោក។
 


តាមរយៈទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន លោក ស  សុខា បាន​បញ្ជាក់ថា លោកបាន​សម្រេច​ដក​ឃ្លាពីតំណែង​ប្រធាន​សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយលោកងាកទៅជួយដល់សហព័ន្ធកីឡាផ្សេងៗ ជាពិសេសសហព័ន្ធកីឡាសិស្សនិស្សិត និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីត្រៀមលក្ខណៈក្នុងដំណើរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 

 លោក ស សុខា ក្នុងកិច្ចប្រជុំជ្រើសតាំងថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាអាណត្តិ២០២១-២០២៥(ប្រភព ស សុខា)
 
ទោះបីលោក ស សុខា លាលែងពីតំណែងជាប្រធានសហព័ន្ធក៏ដោយ សម្រាប់លោកគឺនៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខជាមួយ អ្នកគាំទ្រកីឡាករ គ្រូបង្វឹក និងគណៈកម្មាធិការប្រតិបត្តិ ដោយលោកកាន់ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាវិញម្តងក្រោមការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីមហាសន្និបាតវិសាមញ្ញ។
 
នៅក្នុងជួរ​រដ្ឋាភិបាល លោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រីឯលោក សុខ សូកាន ជារដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់៕
 

 

Tag:
 សហព័ន្ធកីឡាប៊ូល និងប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com