កីឡាជាតិ
ជាតិ
វ៉ូវីណាម៖ ម្ចាស់មេដាយមាស រំពឹងឈ្នះមេដាយស៊ីហ្គេមលើកទី៣២ នៅកម្ពុជាទៀត
21, Jul 2022 , 10:58 am        
រូបភាព
កីឡាករវ៉ូវីណាម ក្រោយបញ្ចប់កិច្ចសម្ភាសជាមួយសរាព័ត៌មានថ្មីនៅទីស្នាក់សហព័ន្ធកីឡាវ៉ូវីណាម ជុំវិញការត្រៀមខ្លួននាស៊ីហ្គេមលើកទី៣២
កីឡាករវ៉ូវីណាម ក្រោយបញ្ចប់កិច្ចសម្ភាសជាមួយសរាព័ត៌មានថ្មីនៅទីស្នាក់សហព័ន្ធកីឡាវ៉ូវីណាម ជុំវិញការត្រៀមខ្លួននាស៊ីហ្គេមលើកទី៣២
ដោយ៖ ហៀក ឆក
 
ម្ចាស់មេដាយមាសកីឡាវ៉ូវីណាម៣ប្រភេទវិញ្ញាសាផ្សេងៗគ្នា ដែលដណ្តើមបានពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម រំពឹងសាងកំណត់ត្រាថ្មីលើក្នុងទឹកដីកម្ពុជា នាឆ្នាំ២០២៣។

 
កីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភត្រា្ត ឈ្នះមេដាយមាសវិញ្ញាសាការសម្តែងកាំបិតធំការពារខ្លួន ជាលក្ខណៈគូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម។ ពួកគេទាំងពីរ បានប្រឹងប្រែងហ្វឹកហាត់ ដោយភ្ជាប់ជាមួយក្តីរំពឹងថា នឹងអាចឈ្នះមេដាយមាសជូនជាតិម្ដងទៀត នាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
 
«នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ជាលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពួកយើងបានរៀបចំគោលការណ៍ និងទិសដៅដើម្បីហ្វឹកហាត់ទ្វេរដង ខ្លាំងជាងព្រឹត្តិការណ៍លើកទី៣១ទៀត ដើម្បីយើងដណ្តើមមេដាយឲ្យបានច្រើនក្នុងព្រឹត្តិការណ៍នោះ ព្រោះយើងជាម្ចាស់ផ្ទះជាលើកដំបូង»។ កីឡាករម៉េត សុភ័ត្រា បញ្ជាក់យ៉ាងដូច្នេះ។
 

 ក្រោយទទួលមេដាយនាព្រឹត្តិកាណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម(រូបពី លោកយ៉ាំ ថៃសាន)
 
សម្រាប់កីឡាករ ប្រាក់ សុវណ្ណនី និង លី បូរ៉ាមី ដែលបានជួយក្រុមឈ្នះមេដាយមាសលើវិញ្ញាសារសម្ដែងការពារខ្លួន បុរស៣នាក់ និងនារី១នាក់នោះ ក៏មានការតាំងចិត្តខ្ពស់ក្នុងការដណ្ដើមមេដាយមាសជូនជាតិដែរ។ លី បូរ៉ាមី ដែលចាកចេញពីសមាជិកក្រុមសម្តែងការពារខ្លួនបុរស៣នាក់ និងនារី១ ដោយសារបញ្ហារបួសជើង នាការប្រកួតស៊ីហ្គេមនៅវៀតណាម កំពុងប្រឹងប្រែងហ្វឹកហាត់ឱ្យសមត្ថភាពដូចដើមវិញ ឬកាន់តែល្អជាងមុន។ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ខាងមុខ បូរ៉ាមី នឹងចូលរួមប្រកួតកីឡាវ៉ូវីណា លើវិញ្ញាសារឯកត្តជនវិញ។
 
គួរំឭកដែរថា កីឡាវ៉ូវីណាមទទួលបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ៩គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម ។ សហព័ន្ធកីឡាវ៉ូវីណាម ដាក់គោលដៅយកមេដាយមាស ៩គ្រឿង នៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ស៊ីហ្គេម
 វ៉ូវីណាម
© រក្សាសិទ្ធិដោយ thmeythmey.com