កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ អាស៊ីអឺរ៉ុបឡើងទៅ​វគ្គ១៦ក្រុម ក្រោយឈ្នះហ្គាឡាក់ស៊ី ៣-០
21, Jul 2022 , 12:29 pm        
រូបភាព
អាស៊ីអ៊ឺរ៉ុបយូណាយធីត អបអរបន្ទាប់ពីរកគ្រាប់បាល់លើ ភ្នំពេញហ្គាឡាក់ស៊ី រូបពីក្លិបអាស៊ីអ៊ឺរ៉ុបយូណាយធីត
អាស៊ីអ៊ឺរ៉ុបយូណាយធីត អបអរបន្ទាប់ពីរកគ្រាប់បាល់លើ ភ្នំពេញហ្គាឡាក់ស៊ី រូបពីក្លិបអាស៊ីអ៊ឺរ៉ុបយូណាយធីត
ក្រុម​សរុបចំនួន​៨​ហើយ ដែល​ត្រូវ​ឡើង​បន្ត​ទៅកាន់វគ្គ​១៦ក្រុម​ចុងក្រោយជាមួយ​៨ក្រុម​ផ្សេងទៀត​នៅខេមបូឌានព្រីមៀរលីគ សម្រាប់​ការប្រកួតពាន​រង្វាន់សម្តេច ហ៊ុន សែន លើក​ទី១៦។ អាស៊ីអឺរ៉ុបយូណាយធីត ជាក្រុម​ចុងក្រោយ បន្ទាប់ពីពួក​គេ​ទទួលបានជ័យជម្នះ ៣-០ លើភ្នំពេញ​ហ្គាឡាក់ស៊ី នៅទីលាន​ AEU Sport Park កាលពីថ្ងៃទី​២០ ខែកក្កដា។

 
អាស៊ីអឺរ៉ុបយូណាយធីត ជាក្រុមមួយក្នុងចំណោម៨ក្រុម បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គជម្រុះថ្នាក់ជាតិ។ បន្ទាប់ពីពន្យាពេល ដោយមានកីឡាករជាប់ប្រកួត AFF U-19 Championship អាស៊ីអ៊ឺរ៉ុប បានយកឈ្នះ ភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ៣-០ នៅទីលាន AEU Sport Park។
 
ពានសម្ដេច ហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ ចែកចេញជា ៣ដំណាក់កាល។ ដំណាក់កាលដំបូងជម្រុះថ្នាក់ខេត្តដែលមាន ១៧ ក្រុមមកពី ២៥ រាជធានី-ខេត្ត។ ដំណាក់កាលទី២ ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ ពីការប្រកួតថ្នាក់ខេត្ត ត្រូវឡើងទៅជួបក្រុម Cambodian League 2 ដើម្បីចម្រាញ់យកក្រុមខ្លាំងចំនួន ៦ក្រុម ដោយឡែកក្រុមអគ្គិសនីកម្ពុជា និងនគរបាលជាតិ មានសិទ្ធិឡើងទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ(ថ្នាក់ជាតិ)រួចជាស្រេច ក្នុងនាមជាក្រុមលេខ១ និងលេខ២ នៃក្របខណ្ឌ Cambodian League 2 គិតត្រឹមសប្តាហ៍ទី០៧។
 

ការប្រជែងយកបាល់រវាងកីឡាករ ភ្នំពេញហ្គាឡាក់ស៊ី និងអាស៊ីអ៊ឺរ៉ុប រូបពីក្លិបអាស៊ីអ៊ឺរ៉ុបយូណាយធីត

៨ក្រុម  ដែលឡើងទៅវគ្គជម្រុះ១៦ក្រុមចុងក្រោយនោះ មានសូលទីឡូអង្គ, សៀមរាបអេហ្វស៊ី, អាយ អេស អាយ ដង្កោសែនជ័យ, កោះកុងអេហ្វស៊ី, ព្រៃវែង, នគរបាលជាតិ, អគ្គីសនីកម្ពុជា និង អាស៊ីអ៊ឺរ៉ុបយូណាយធីត។
 
សម្រាប់វគ្គ​១៦ក្រុម​ចុងក្រោយ​ សូលទីឡូអង្គរ ត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង, សៀមរាបអេហ្វស៊ី ប៉ះ វិសាខា, អាយ អេស អាយ ដង្កោសែនជ័យ ជួប បឹងកេត, កោះកុងអេហ្វស៊ី ប្រកួតជាមួយ អង្គរថាយហ្គឺរ, ព្រែវែងអែហ្វស៊ី ជួប  ភ្នំពេញក្រោន,  នគរបាលជាតិ ប៉ះ កងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា ជួប គិរីវង់សុខសែនជ័យ និង អាស៊ីអ៊ឺរ៉ុបយូណាយធីត ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍៕
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com