កីឡាជាតិ
ជាតិ
FIFA ជំរុញឲ្យសហព័ន្ធបាល់ទាត់កម្ពុជា យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករថ្នាល
22, Jul 2022 , 5:33 pm        
រូបភាព
លោក សៅ សុខា ក្នុងកិច្ចពិភាក្សាការងារជាមួយមន្ដ្រី FIFA រូបពីអគ្គនាយកដ្ឋានកីឡា
លោក សៅ សុខា ក្នុងកិច្ចពិភាក្សាការងារជាមួយមន្ដ្រី FIFA រូបពីអគ្គនាយកដ្ឋានកីឡា
នាអំឡុងខែកក្កដា មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានទស្សនកិច្ចកម្ពុជា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។ បន្ទាប់ជួបជាមួយមន្ដ្រី ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់កម្ពុជា (FFC) ហើយនោះ មន្ដ្រីសហព័ន្ធអន្ដរជាតិនេះ បានជំរុញឲ្យវិស័យបាល់ទាត់កម្ពុជាឈានទៅរកស្ដង់ដារអន្ដរជាតិ ជាពិសេសផ្ដោតទៅលើការបណ្ដុះបណ្ដាលកីឡាករថ្នាល។



លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជួបជាមួយលោក Niko Nhouvannasak អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍរបស់ FIFA និងកញ្ញា Alexandra Ramos អ្នកសម្របសម្រួលគម្រោងបាល់ទាត់តាមសាលារបស់ FIFA ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍កីឡាករថ្នាល នៅតាមសាលារៀន ចា​ប់ពីអាយុ៦ ដល់១៤ឆ្នាំ និងកម្មវិធីហ្វឹកហាត់បាល់ទាត់តាមបណ្ដាខេត្ដ-ក្រុងកម្ពុជា។ 
 
សហព័ន្ធបាល់ទាត់កម្ពុជា បានចាប់ផ្ដើមសាងសង់ទីលានបាល់ទាត់សាលាតម្រង់ទិស នៅតាមបណ្ដាខេត្ត-ក្រុង ចាប់តាំងពីឆ្នាំ២០១៧ ដោយប្រើប្រាស់គម្រោងថវិការបស់សហព័ន្ធ រួមជាមួយជំនួយ FIFA។ គោលដៅសំខាន់ក្នុងការសាងសង់គម្រោងនេះ ដើម្បីបង្កើនធនធានកីឡាករ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ទៅថ្ងៃអនាគត។ បច្ចុប្បន្ន ទីលានបាល់ទាត់សាលាតម្រង់ទិស ទាំង២៥ខេត្ត-ក្រុង បានរួចរាល់។ 
  

មន្ដ្រី FIFA ២រូបចុះពិនិត្យស្មៅនៅក្នុងទីលានបាល់ទាត់ រូបពីអគ្គនាយកដ្ឋានកីឡា

លោក សៅ សុខា ក៏ប្រាប់ពីការពិបាកខ្លះ ក្នុងការដាំដុះស្មៅផងដែរ  ដោយជួបបញ្ហាមួយចំនួន។ បើតាមលោក សុខា ខេត្តចំនួន២ ទៅ៣ ជួបបញ្ហាដង្កូវស៊ី ហើយពិបាកក្នុងការដាំដុះស្មៅ លើទីលានបាល់ទាត់។
 
ប្រធានសហព័ន្ធបាល់ទាត់កម្ពុជារូបនេះ បានប្រាប់ថា ក្រៅពីពិភាក្សាការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡានេះទៅ មន្ដ្រី FIFA ទាំង២រូបនេះ មិនបានផ្ដល់អនុសាសន៍អ្វីទេ គ្រាន់តែនឹងរកពេលវេលាសមស្របណាមួយ ដើម្បីសម្ភោធទីលានទាំងនោះ។
 
គួរបញ្ចាក់ផងដែរថា នាដើមខែកក្កដានេះ មន្ដ្រីបច្ចេកទេសផ្នែក AFC ក៏បានចុះមកទស្សនកិច្ចនៅតាមបណ្ដាក្លិបរបស់កម្ពុជា ក្រោមគោលដៅ៣សំខាន់ដូចជា៖ ជំរុញឲ្យក្លិបលីគកំពូល និងលីគ២ យល់ដឹងពីការស្នើសុំអាជ្ញាប័ណ្ណក្លិប, ការសិក្សា និងស្វែងយល់ពីតម្រូវការ និងការខ្វះខាតរបស់ក្លិបនីមួយៗ ក្នុងការបំពេញតាមតម្រូវការរបស់ AFC និងការបើកសិក្ខាសាលាស្ដីពីអាជ្ញាប័ណ្ណក្លិប ដើម្បីឲ្យបានយល់ដឹងកាន់តែច្បាស់ពីសារសំខាន់ ក្នុងនាមជាក្លិបបាល់ទាត់អាជីព។ ក្រោយទស្សនកិច្ច សហព័ន្ធអន្ដរជាតិទាំង២ មិនបានបង្ហាញនូវចំណុចអវិជ្ជមានអ្វី ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់សហព័ន្ធបាល់ទាត់កម្ពុជាទេ ៕
 

លោក Niko Nhouvannasak អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍរបស់ FIFA និងកញ្ញា Alexandra Ramos អ្នកសម្របសម្រួលគម្រោងបាល់ទាត់តាមសាលារបស់ FIFA រូបពីអគ្គនាយកដ្ឋានកីឡា


Tag:
 បាល់ទាត់
  AFC
  FIFA
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com