កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ បើសមាជិកអាស៊ាន មូលមតិឯកឆន្ទ នឹងអាចធ្វើជាម្ចាស់ផ្ទះ World Cup 2034 ឬ 2038
22, Jul 2022 , 7:59 pm        
រូបភាព
(ស្ដាំ)លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងកិច្ចសំណេះ សំណាលជាមួយ លោក Niko Nhouvannasak  មន្ដ្រីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។ រូបពីអគ្គនាយកដ្ឋានកីឡា
(ស្ដាំ)លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងកិច្ចសំណេះ សំណាលជាមួយ លោក Niko Nhouvannasak មន្ដ្រីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។ រូបពីអគ្គនាយកដ្ឋានកីឡា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឃើញនូវអាទិភាពរបស់អាស៊ាន ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ និង ឆ្នាំ២០៣៨ ប្រសិនជាប្រទេសជាសមាជិកអាស៊ាន យល់ស្របធ្វើជាបេក្ខភាពដេញថ្លៃ។ ការយល់ឃើញនេះ ស្របតាមការជំរុញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលថ្លែងក្នុងពិធីដំណើរគោចរពាន FIFA នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។


សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA រៀបចំការប្រកួតជើងឯកបាល់ទាត់ពិភពលោក រៀងរាល់៤ឆ្នាំម្ដង  ដោយឲ្យអាទិភាពតាមទ្វីបនីមួយៗ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។ ការដេញថ្លៃ សម្រាប់ឆ្នាំ២០៣៤ និងឆ្នាំ២០៣៨ នឹងត្រូវដល់វេនទ្វីបអាស៊ី។ ឆ្នាំ២០២២នេះ ការរៀបចំប្រកួតបាល់ទាត់ World Cup នេះ នៅទ្វីបអាស៊ី ដែលប្រទេសកាតា ជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០២៦ នឹងធ្វើនៅទ្វីបអាមេរិក ដោយមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា។
 
ដោយឡែកនៅក្នុងឆ្នាំ២០៣៤ និង២០៣៨ មិនទាន់មានប្រទេសតំបន់អឺរ៉ុបណា ដាក់បេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះឡើយ ក្រោយពីប្រទេសក្នុងតំបន់អាស៊ី។ នេះបើតាមលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
 
លោក សៅ សុខា បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទថា៖«ខ្ញុំ មើលឃើញប្រទេស ដែលមានអាទិភាពដេញថ្លៃ មានតែ៣ប្រទេស គឺប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, ចិន, ជប៉ុន និងកូរ៉េ រួមគ្នាដេញថ្លៃ។ នេះ ជាការវាយតម្លៃរបស់ខ្ញុំ។ ប្រសិនសួរថាកម្ពុជា មានគម្រោងដែរឬទេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ ទាំងនេះហើយ គឺជាគម្រោង ដែលកម្ពុជា ជាសមាជិកមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។»។
 
លោក បន្ថែមថា ប្រសិនជាដេញថ្លៃបាន មិនមែនសម្រាប់កម្ពុជាតែម្នាក់ឯងទេ ពោលគឺអាស៊ាន នឹងរៀបចំព្រឹត្តិការណ៍នេះ រួមគ្នា។ «ប្រសិនជាថ្នាក់ដឹកនាំប្រទេសក្នុងតំបន់ មូលមតិឯកឆន្ទ តាមការផ្ដួចផ្ដើមរបស់ សម្ដេច ហ៊ុន សែន គឺអាស៊ានឯកភាពឈរឈ្មោះ ជាបេក្ខភាពដេញថ្លៃ ធ្វើម្ចាស់ផ្ទះ។»។ ប្រធានសហព័ន្ធរូបនេះ បានប្រាប់បន្ថែមបែបនេះ។
 
កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២  សម្ដេច ហ៊ុន សែន ក៏បានថ្លែងក្នុងពិធីទទួលដំណើរគោចរពាន FIFA ដោយជំរុញឲ្យប្រមុខរដ្ឋ និងរដ្ឋាភិបាល ក្នុងប្រទេសតំបន់អាស៊ាន រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup ២០៣៤ និង២០៣៨។
 
គួរបញ្ចាក់ផងដែរថា ក្នុងតំបន់អាស៊ី មិនមែនមានតែអាស៊ានទេ នៅមានអាស៊ីខាងកើត ដែលមានកូរ៉េ ជប៉ុន ចិន និងមានប្រទេសតូចផ្សេងៗទៀត។ ក្រៅពី អាស៊ីខាងកើតក៏មានអាស៊ីកណ្ដាល អាស៊ីខាងលិច។ ចំពោះអាស៊ីខាងកើត ជប៉ុន កូរ៉េ និងចិន ក៏មានបំណងចង់ដេញថ្លៃធ្វើម្ចាស់ផ្ទះផងដែរ។ ដោយសារ អាស៊ីខាងលិច មានប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍ World Cup 2022 នេះរួចទៅហើយ ។ ដូច្នេះ នៅឆ្នាំ២០៣៤ និង ២០៣៨ មានតែអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតទេ ដែលមានអាទិភាពដេញថ្លៃ៕
 

Tag:
 បាល់ទាត់
  FIFA
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com