កីឡាជាតិ
ជាតិ
បន្ទាប់ពីឈ្នះមេដាយមាសនៅវៀតណាម វីរៈខាំឈីតភូថងរំពឹងធ្វើបានល្អទៀតនៅស៊ីហ្គេម២០២៣
24, Jul 2022 , 9:59 am        
រូបភាព
អេ វីរៈខាំឈីតភូថង(អាវស ដៃកាន់មេដាយមាស) ទទួលមេដាយមាសស៊ីហ្គេមលើកទី៣១ នៅវៀតណាម
អេ វីរៈខាំឈីតភូថង(អាវស ដៃកាន់មេដាយមាស) ទទួលមេដាយមាសស៊ីហ្គេមលើកទី៣១ នៅវៀតណាម
ដោយ៖ហៀក ឆក

បន្ទាប់ពីគ្រងមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម លើប្រភេទកីឡាវ៉ូវីណាមកីឡាករ អេ វីរៈខាំឈីតភូថង រំពឹងថានឹងធ្វើបានល្អសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែមិនរំពឹងទាំងស្រុងពេកឡើយ។

 
ជាមួយនឹងអារម្មណ៍សប្បាយរីករាយដែលខ្លួនទទួលបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ កាលពីខែឧសភា ម្ចាស់មេដាយលើប្រភេទវិញ្ញាសាឯកត្តជន(ប្រយុទ្ធ) អេ វីរៈខាំឈីតភូថង (ហៅ ម៉ឺន មេឃា) បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងមេដាយមាសនៅស៊ីហ្គេមលើកទី៣២។ ប៉ុន្តែកីឡាកររូបនេះ ក៏ដាក់ក្តីរំពឹងខ្ពស់ខ្លាំងក្នុងការការពារមេដាយដែរ ដោយសារមានកម្មវិធីប្រកួតក្នុងស្រុកមមាញឹកច្រើន។
 
ចំពោះការហ្វឹកហាត់កីឡាវ៉ូវីណាមម្ចាស់មេដាយមាសរូបនេះបញ្ជាក់ថា រូបគេបែងចែកពេលវេលាហ្វឹកហាត់បានត្រឹមត្រូវ និងមានឱកាសពីសហព័ន្ធដែលឲ្យរូបគេបានបង្ហាញសមត្ថភាពលើប្រភេទកីឡាវ៉ូវីណាមនេះ។ ចំពោះប្រដាល់គុនខ្មែររូបគេហ្វឹកហាត់ធម្មតា ហើយពេលមានកម្មវិធីប្រកួត រូបគេតែងតែសុំការអនុញ្ញាតពីសហព័ន្ធ។ បើទោះជាហាត់កីឡាពីរប្រភេទផ្សេងគ្នាក្នុងពេលតែមួយក៏ដោយ សម្រាប់កីឡាកររូបនេះមិនមានអ្វីជាឧបសគ្គធំដុំនោះទេ។
 
«សម្រាប់ផលវិបាករបស់ខ្ញុំគឺមានតែមួយទេគឺកម្លាំងពេលដែលយើងហាត់ទាំងពីរវិញ្ញាសាអ៊ីចឹងទៅកម្លាំងយើងគឺអន់ថយជាងមុន តែសម្រាប់ខ្ញុំផ្ទាល់គឺអត់អី?ទេ!​ ដោយសារខ្ញុំស៊ាំ»។ ម្ចាស់មេដាយមាសរូបនេះបញ្ជាក់យ៉ាងដូច្នេះ។
 
កូនរបស់អតីតស្តេចប្រដាល់គុនខ្មែរលោក អេ ភូថង បញ្ជាក់ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«សម្រាប់ខ្ញុំគឺសង្ឃឹមក៏ប៉ុន្តែអត់ប្រាកដទេ តែគោលដៅរបស់ខ្ញុំគឺខ្ញុំសង្ឃឹម»។
 
អេ វីរៈខាំឈីតភូថងទទួលបានមេដាយមាស១គ្រឿងលើប្រភេទវិញ្ញាសា ឯកត្តជន(ប្រយុទ្ធ៦៥គីឡូក្រាម) ស្របពេលកីឡាវ៉ូវីណាម ដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ៩គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម។ វ៉ូវីណាម ដែលជាប្រភេទកីឡាដែលទទួលបានមេដាយមាសច្រើនជាងគេ។ សហព័ន្ធកីឡានេះ ដាក់គោលដៅយកមេដាយមាស ៩គ្រឿងនៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ស៊ីហ្គេម
 វ៉ូវីណាម
© រក្សាសិទ្ធិដោយ thmeythmey.com