កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧ មានអ្នកចូលរួម២ពាន់នាក់
24, Jul 2022 , 8:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្តសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្តសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ប្រសិនគ្មានអ្វីប្រែប្រួលទេ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧ ឆ្នាំ២០២២នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ដោយអ្នកចូលរួម អាចមានប្រមាណ២ពាន់នាក់ មកពី២៦ប្រទេស។

 
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧ ត្រូវបានប្រកាសរៀបចំនៅថ្ងៃ៧ ខែសីហា ដើមខែក្រោយនេះ ក្រោយខកខានអស់ពីរឆ្នាំ ដោយសារបញ្ហាកូវីដ១៩។ នៅចំពោះមុខក្រុមការងាររដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែកក្កដា ក្នុងកិច្ចប្រជុំរួមមួយ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅព្រលឹមស្រាងៗ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលធ្លាប់រៀបចំកន្លងមក។
 
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានប្រកាសបន្តគាំទ្រចំពោះព្រឹត្តិការណ៍ម៉ារ៉ាតុននេះ ហើយលោកក៏បានណែនាំដល់មន្ទីរ អង្គភាព កម្លាំងពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានរលូន ជោគជ័យ ក៏ដូចជាផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប។ 
 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ (Khmer Empire Marathon) នេះឡើង ក្នុងបំណងផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញទេសចរ ផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរកុមារ កិច្ចការសង្គម មនុស្សធម៌នានា។ បន្ថែមពីគោលបំណងនេះ ចាប់ពីឆ្នាំ២០១៩មក ទិវារត់ប្រណាំងម៉ារ៉ាតុន និងពាក់កណ្ដាលម៉ារ៉ាតុននៅកម្ពុជាទាំងអស់ គឺដើម្បីអបអរសាទរការរត់ឆ្ពោះទៅកាន់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង៕
 
 
 

Tag:
 រត់ប្រណាំងម៉ារ៉ាតុន
  ទេសចរណ៍កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com