ជាតិ
សង្គមជាតិ
មន្រី្តជំនាញ៖ គ្រឿងញៀនកើនឡើង ដោយសារឧក្រិដ្ឋជន ប្ដូរវិធីផលិតពីធម្មជាតិ ទៅជាសំយោគគីមី
27, Jul 2022 , 8:59 pm        
រូបភាព
គ្រឿងញៀនដែលអាជ្ញាធរបង្ក្រាប និងយកទៅដុតបំផ្លាញ កាលពីខែមិថុនា ២០២២
គ្រឿងញៀនដែលអាជ្ញាធរបង្ក្រាប និងយកទៅដុតបំផ្លាញ កាលពីខែមិថុនា ២០២២
ភ្នំពេញ៖ មន្ត្រីជំនាញកម្ពុជា អះអាងថា ការកើនឡើងនៃបទល្មើសទ្រង់ទ្រាយធំៗ ដោយសារក្រុមអ្នកច្នៃគ្រឿងញៀន មានបច្ចេកទេសផលិត តាមបែបសំយោគគីមី ដោយប្រើរយៈពេលខ្លី ទើបពួកគេអាចផលិតដ៏ច្រើនលើសលុបបាន។ ករណីកើនឡើងនេះ ក្រុមសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់តឹងរឹង និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការផលិត និងចរាចរណ៍គ្រឿងញៀន។

 
៣ខែនេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនជាង៣ពាន់តោន មានការកើនឡើងលើស១៩ដង បើធៀបនឹងពេលដូចគ្នានឹងឆ្នាំមុន ដែលមានត្រឹមតែប្រមាណ១៧០គីឡូក្រាមប៉ុណ្ណោះ។ បច្ចុប្បន្ន អាជ្ញាធរកម្ពុជាបានបង្ក្រាបបទល្មើសគឿងញៀន ទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ទៀត។ ជាក់ស្ដែង នៅដើមខែកក្កដានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន១១នាក់ ហើយរឹបអូសសារធាតុញៀន ជិត២ពាន់តោន និងសារធាតុគីមីដទៃទៀតសម្រាប់ផ្សំជាគ្រឿងញៀនប្រមាណ២៧០តោន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ​ដែល សារព័ត៌មានថ្មីៗទទួលបានពីលោក មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។
 
ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន ប្ដូរទម្រង់ផលិតគ្រឿងញៀន 
 
ជុំវិញការកើនឡើងនៃបទល្មើសគ្រឿងញៀនធំៗនេះ លោក មាស វីរិទ្ធ បានពន្យល់ថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានឆ្លៀតឱកាសធ្វើសកម្មភាពតាមព្រំដែនយ៉ាងសកម្ម ខណៈអាជ្ញាធរតាមប្រទេសនីមួយៗ ជាប់អន្តរាគមន៍លើវិបត្តិកូវីដ-៩។ 
 
ចំពោះសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀន គឺក្រុមឧក្រិដ្ឋជននាំចូលសារធាតុគីមីជាប្រភេទជីកសិកម្ម ដើម្បីបន្លំភ្នែកអាជ្ញាធរ ហើយយកមកលាយបញ្ចូលគ្នា ផលិតបានជាគ្រឿង
ញៀន។ ដូច្នេះ ទើបពិបាកក្នុងការទប់ស្កាត់។ លោក មាស វីរិទ្ធ​ លើកឡើងបែបនេះ ដោយបញ្ជាក់ថា ទាំងខ្មែរឬជនជាតិបរទេស ដែលចេះបច្ចេកទេសសំយោគគីមីនេះ បានគប់គិតជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលជាហេតុនាំឲ្យការផលិតគ្រឿងញៀន ក្នុងស្រុកកាន់តែមានសន្ទុះខ្លាំង។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្លែងយ៉ាងដូច្នេះ៖ «ក្រុមឧក្រិដ្ឋជនគេផ្លាស់ប្ដូរពីទម្លាប់ដាំដុះអាភៀន មកផលិតគ្រឿងញៀនបែបសំយោគ និងការកើនឡើងនៃការប្រើប្រាស់គ្រឿងញៀនប្រភេទថ្មីនេះ។ គ្រឿងញៀនថ្មីនេះ គឺផលិតដោយផ្សំសារធាតុគីមីបញ្ចូលគ្នា ប្រើរយៈពេលខ្លី ពុំចាំបាច់ប្រើពេលយូរឬផ្ទៃដីធំ សម្រាប់ដំដុះឡើយ។ គ្រឿងញៀនប្រភេទថ្មីនេះ ផលិតឡើងដោយគ្រាន់តែពឹងផ្អែកលើអ្នកចេះបច្ចេកទេសផ្សំសារធាតុគីមីបញ្ជូលគ្នាប៉ុណ្ណោះ»។ 
 

លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ រូបពី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

បើតាមលោក មាស វីរិទ្ធ ក្រុមអាជ្ញាធរក៏បានបង្កើនការស្រាវជ្រាវរកទីតាំង ដែលសង្ស័យ បូករួមទាំងការយល់ដឹងរបស់ពលរដ្ឋ ក្នុងការរាយការណ៍ពីករណីសង្ស័យ ក៏រកឃើញទីតាំងផលិតគ្រឿងញៀនជាបន្តបន្ទាប់។ 
 
យ៉ាងណាក្ដី អ្នកតាមដានព្រឹត្តិការណ៍សង្គម លោក មាស នី ពុំយល់ឃើញដូច លោក មាស វីរិទ្ធ ទាំងស្រុងឡើយ។ លោក មាស នី សង្កត់ធ្ងន់ថា កន្លងមកលោកតែងតែឮពាក្យចចាមអារ៉ាម មានមន្រី្តធំៗ គប់គិតគ្នា ក្នុងដំណើរការជួញដូរគ្រឿងញៀន ដូច្នេះវាទំនងជាមិនមែនមកពីករណីប្ដូរទម្រង់ផលិត និងចែកចាយគ្រឿងញៀនឡើយ។ អ្វីដែល លោក មាស នី ផ្ដោតសំខាន់ គឺការនាំចូលគ្រឿងញៀន និងសារធាតុញៀនផ្សេងៗ សម្រាប់ផលិតគ្រឿងញៀន។ 
 
«អាជ្ងាធរត្រូវរឹតបន្តឹងការនាំតាមច្រកនាំចូល ហើយលើសពីនេះ គឺការអនុវត្តច្បាប់ ព្រោះតែងលេចឮថាមានការគប់គិតគ្នា រវាងមន្រី្តជាន់ខ្ពស់និងអ្នករកស៊ីគ្រឿងញៀន»។ នេះជាការលើកឡើងរបស់ លោក មាស នី ចង់ឃើញអាជ្ញាធរស្រាវជ្រាវរកអ្នកនាំចូលឲ្យដល់ឬសគល់។ 
 
ជាមួយគ្នាដែរ អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមរូបនេះ ក៏ព្រួយបារម្ភ ពីសន្ទុះនៃការកើនឡើងគ្រឿងញៀនក្នុងស្រុក ខណៈពលរដ្ឋក្នុងតំបន់នានាតាមមូលដ្ឋាន តែងត្អូញត្អែរពីកង្វល់គ្រឿងញៀនឥតឈប់ឈរ។
 
ជុំវិញបទល្មើសគ្រឿងញៀននេះ លោក មាស នី កត់សម្គាល់ឃើញភាគច្រើន ជាប់ពាក់ព័ន្ធនឹងជនជាតិបរទេស។ ដូច្នេះ លោកថា រដ្ឋាភិបាលគួរមានយន្តការគ្រប់គ្រងជនអន្តោប្រវេសន៍ បន្ថែមទៀត។ លោកបន្ថែមបែបនេះ៖ «ពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនអន្តោប្រវេសន៍ ជៀសវាងពួកទាំងនោះ យកប្រទេសខ្មែរជាកន្លែងរកស៊ីខុសច្បាប់ ហើយអ្នកខាតបង់ធ្ងន់ធ្ងរ ខូចទាំងឈ្មោះ គឺខ្មែរ»។ 
 
ទាក់ទិននឹងការអនុវត្តច្បាប់នេះ លោក មាស វីរិទ្ធ បកស្រាយវិញថា ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ យ៉ាងសកម្មនាពេលថ្មីៗ សបញ្ជាក់ពីការខំប្រឹងប្រែងរប​ស់មន្រី្តជំនាញ ក្នុងការទប់ស្កាត់បទឧក្រិដ្ឋនៃការផលិតនិងចែកចាយគ្រឿងញៀន។ 
 
អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនរូបនេះ បានសង្កេតឃើញក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ គឺសុទ្ធតែមានអង្គការចាត់តាំង ដែលក្រុមទាំងនោះ សម្លឹងមើលតែឱកាស និងទីតាំងនៅតាមបណ្ដាប្រទេសនានា​​ សម្រាប់ផលិតនិងចែកចាយគ្រឿងញៀន។ ចំណែក សារធាតុផ្សំគីមី សម្រាប់ផ្សំជាគ្រឿងញៀនមានច្រើនមុខ ដែលមានប្រភេទខ្លះ ត្រូវបានកម្លាំងជំនាញកត់សម្គាល់និងដាក់ក្រោមការត្រួតពិនត្យតឹងរឹង  ហើយមួយចំនួនក៏ កំពុងសិក្សាបន្ថែម។
 

ទីតាំងផលិតគ្រឿងញៀន ដែលសមត្ថកិច្ចបានចុះបង្ក្រាប កន្លងមក

ជាមួយគ្នានេះសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសពីការបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសនេះ ដើម្បីទប់ស្កាត់ករណីជួញដូរមនុស្ស និងបទឧក្រិដ្ឋផ្សេងៗ។ យុទ្ធនាការប្រតិបត្តិការអនុវត្តលើជនបរទេសទាំងអស់ លើកលែងតែគេហដ្ឋានមន្ត្រីទូតប៉ុណ្ណោះ។ សម្តេច អះអាងថា ក្រសួងមហាផ្ទៃ នឹងរៀបចំផែនការឲ្យបានហ្មត់ចត់ ក្នុងការបំពេញបេសកកម្មនេះ។ សម្ដេងថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលសុក្រឹតការថ្នាក់ដឹកនាំនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ 
 
ក្រសួងរៀបចំចំណាត់ការគ្រប់គ្រងសារធាតុគីមី ដើម្បីទប់ស្កាត់ការកើនឡើងនៃការផលិតគ្រឿងញៀន 
 
ដើម្បីទប់ស្កាត់នឹងការផលិតគ្រឿងញៀនក្នុងប្រទេស សម្ដេច ស ខេង អះអាងថា នឹងស្នើរៀបចំសេចក្ដីព្រាងច្បាប់គ្រប់គ្រងសារធាតុគីមីផ្សំ។ ការធ្វើបែបនេះ ដើម្បីកុំឲ្យជនល្មើស ពិសេសនៅតាមបណ្ដារោងចក្រនិងសហគ្រាមួយចំនួន លបលួចនាំចូលគីសារធាតុគីមីទាំងនោះ កែច្នៃទៅជាគ្រឿងញៀន។ 
 
«ខ្ញុំស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើធ្វើច្បាប់មួយពីការគ្រប់គ្រងសារធាតុផ្សំហ្នឹង​ ពីព្រោះសារធាតុផ្សំហ្នឹង ជួនអីគេដាក់មកថា យកមកធ្វើជាវត្ថុនេះ វត្ថុនោះ សម្ភារប្រើប្រាស់នេះ ប្រើប្រាស់នោះ តែធាតុពិតយកមកផ្សំគ្រឿងញៀន នេះហើយជាបញ្ហា»។ នេះជាការលើកឡើងរបស់ សម្ដេច ស ខេង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីទី២៣កក្កដា ។ សម្ដេច ស ខេង សង្កត់បន្ថែមថា បញ្ហាគ្រឿងញៀនទាំងនេះ ក៏ជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដែរ។ 
 


 
បញ្ហាគ្រឿងញៀន ការលាងលុយកខ្វក់ និងការជួញដូរមនុស្សនេះ លោក មាស នី មើលឃើញថា ជាបញ្ហាគួរឲ្យព្រួយបារម្ភ។ លោក បន្ថែមថា កម្ពុជាត្រូវយកចិត្តទុកដាក់ដោះស្រាយ ជាជាងបដិសេធរាល់ពេលមានរបាយការណ៍ និងការរិះគន់។ 
 
ជាមួយគ្នាដែរ លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានលើកឡើងដូច មាស នី​ ដែរ ថា បញ្ហាគ្រឿងញៀន ជាបញ្ហាធំ។ លោកថា ទោះបីមានច្បាប់ ឬមានការដាក់ទោសទណ្ឌកម្រិណា ក៏ជនល្មើសមិនខ្លាចច្បាប់ដែរ ដរាបណាមានអំពើពុករលួយ ,ភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់ និងមានបក្សពួកនិយមជាដើម។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកលើកឡើងយ៉ាងដូច្នេះ៖ «ការលុបបំបាត់អំពើរពុករលួយ គ្មានការលើកលែងចំពោះបក្សពួកនិយម ពង្រឹងច្បាប់ ហើយចែងច្បាប់បន្ថែមទៀត ដើម្បីធានាដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងសង្គម»។ 
 

 
ចំពោះទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀនវិញ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ ចែងថា ជនល្មើសដែលជួញដូរគ្រឿងញៀន ត្រូវផ្ដន្ទាទោ​សដាក់ព​ន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។ ក្រៅពីនេះអាចពិន័យជា​ប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ 
 
ប៉ុន្តែ អ្នកប្រព្រឹត្តច្រើនដង ហើយមានរកឃើញប្រភេទសារធាតុញៀន ជ័រអាភៀន ជ័រកញ្ឆា អំហ្វេតាមីន មេតំហ្វេតាមីន អំហ្វេតាមីន ម័រហ្វីន ហេរ៉ូអ៊ីន ។ល។ ត្រូវមានទោស១០ឆ្នាំ ទៅ២០ឆ្នាំ និងពិន័យលុយ២០លានរៀល ទៅ៤០លានរៀល។ ជាងនេះទៀត ទោសនៃការជួញដូរគ្រឿងញៀននៅកម្ពុជា អាចនឹងជាប់ទោសពី២០ឆ្នាំ ដល់៣០ឆ្នាំ ឬអស់មួយជីវិត តាមកម្រិតនៃសារធាតុញៀនដែលរកឃើញ៕ 
 
 
 

Tag:
 អាស៊ាន
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com