ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ទទូចសុំព្រឹទ្ធសភា កុំទទួលយកការកែរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាទើបនឹងអនុម័ត
29, Jul 2022 , 7:59 pm        
រូបភាព
រូបពី ព្រឹទ្ធសភា
រូបពី ព្រឹទ្ធសភា
ភ្នំពេញ៖ គណបក្សភ្លើងទៀន​ ទទូចដល់ព្រឹទ្ធសភា កុំទទួលយកសេចក្ដីសម្រេចរបស់រដ្ឋសភា ទៅពិនិត្យ។ ការស្នើសុំនេះ ព្រោះបក្សភ្លើងទៀតយល់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដើម្បីតែការពារអំណាចមនុស្សមួយក្រុមប៉ុណ្ណោះ។

 
គណបក្សភ្លើងទៀន ចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងដាច់ខាត ចំពោះការអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ  ដែលរដ្ឋសភាសម្រេច កាលពីថ្ងៃទី២៨កក្កដា។ 
 
ក្នុងលិខិតដដែល លើកឡើងថា ក្នុងកាលៈទេសៈនេះ មិនគួរធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញឡើយ។ បក្សនេះ កត់សម្គាល់ឃើញដំណើរការកែរដ្ឋធម្មនុញ្ញ ធ្វើឡើងយ៉ាងតក់ក្រហល់ ហើយផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បក្សភ្លើងទៀន បានសង្កត់ធ្ងន់ថា ៖ «ពុំបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញ គឺដើម្បីតែការពារអំណាច ឲ្យមនុស្សមួយក្រុមនិងបក្ខពួករបស់គេតែប៉ុណ្ណោះ»។ 
 
បក្សនេះបានអំពាវនាវទៅព្រឹទ្ធសភា យ៉ាងដូច្នេះ៖ «គណបក្សភ្លើងទៀន អំពាវនាវយ៉ាងទទូចដល់ព្រឹទ្ធសភា សុំទទួលយកសេចក្ថីព្រាងច្បាប់ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័ត នាព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២ នេះ ទៅពិនិត្យនិងពិភាក្សាជាដាច់ខាត»។ 
 
ក្រោយពីរដ្ឋសភា អនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ក៏មានបក្សពីរទៀត បង្ហាញការសោកស្ដាយដែរ គឺបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រង់កម្ពុជា។ កាលពីថ្ងៃថ្ងៃទី២៨ កក្កដា លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់សារព័ត៌មានថ្មីៗថា បើករណីក្នុងសភាមានសំឡេងបក្សខ្លួន ពួកគេនឹងស្នើកែរដ្ឋធម្មនុញ្ញ ដើម្បីបំពេញអំណាចសភានិយមឡើងវិញ។ 
 
សូមជម្រាបថា មុនរដ្ឋសភាសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ បក្សចំនួន៤ បានដាក់ញត្តិទៅរដ្ឋសភា ស្នើសុំឲ្យរដ្ឋសភា កុំឲ្យអនុម័តលើសេចក្ដព្រាងច្បាប់នេះ៕ 
 
 
 
 
 
 

Tag:
 រដ្ឋធម្មនុញ្ញ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com