ជាតិ
ស្រុកបន្ទាយស្រី បង្កើតកម្មវិធីបង្រៀនហែលទឹកដល់កុមារ ចូលរួមកាត់បន្ថយហានិភ័យពីការលង់ទឹក
31, Jul 2022 , 8:00 pm        
រូបភាព
-ការបង្រៀនកុមារតូចហែលទឹកនៅស្រុកបន្ទាយស្រី។ រូបភាពពីហ្វេសប៊ុក ឃឹម ហ្វីណង់
-ការបង្រៀនកុមារតូចហែលទឹកនៅស្រុកបន្ទាយស្រី។ រូបភាពពីហ្វេសប៊ុក ឃឹម ហ្វីណង់
សៀមរាប៖ ដោយមើលឃើញចំនួនក្មេងលង់ទឹក នៅតាមសហគមន៍កើតឡើងជារឿយៗ អភិបាលស្រុកបន្ទាយស្រី បានបង្កើតឱ្យមានថ្នាក់បង្រៀនហែលទឹកដល់កុមារតូចៗ ដើម្បីឱ្យពួកគេជួយសង្រ្គោះខ្លួនឯង និងអ្នកដទៃ ក្នុងន័យលើកកម្ពស់ការយល់ដឹង ពីហានិភ័យនៃការលង់ទឹកក្នុងសហគមន៍។

 
ដ្បិតក្នុងមូលដ្ឋានសហគមន៍ស្រុកបន្ទាយស្រី ពុំសូវមានករណីលង់ទឹកច្រើនក្ដី តែអភិបាលស្រុកបន្ទាយស្រី បានរៀបចំឱ្យមានថ្នាក់បង្រៀនហែលទឹកដល់ក្មេងៗ ក្នុងបំណងឱ្យពួកគេយល់ដឹងពីការសង្រ្គោះខ្លួនឯង និងអ្នកដទៃពេលលង់ទឹក។ សម្រាប់លោក ឃឹម ហ្វីណង់ ​​បើពលរដ្ឋ មានចំណេះដឹងលើការហែលទឹក​ច្រើន​ នោះហានិភ័យនៃការលង់ទឹកក្នុងសហគមន៍ក៏ថយចុះដែរ។
 
« ក្រៅពីជួយឱ្យចេះហែលទឹកជាបឋមដោយខ្លួនឯង ក្មេងៗទាំងនោះនឹងអាចយល់ដឹងពីវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកលង់ទឹកផងដែរ។ សកម្មបែបនេះនឹងលើកកម្ពស់ការយល់ដឹងពីហានិភ័យនៃការលង់ទឹក និងចូលរួមជួយទប់ស្កាត់ការលង់ទឹកនៅក្នុងសហគមន៍ផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗ ដោយលោកបានបន្ថែមថា៖« យើងមានទំនាក់ទំនងល្អជាមួយសាលា ណាមួយទៀតធ្លាប់មានការលង់ទឹកក្នុងសហគមន៍លើក្មេងតូចៗ មួយទៀតពេលលង់ទឹក ក្មេងតូចៗត្រូវជួយរបៀបម៉េច ភាគច្រើនគាត់ចុះទៅជួយទៅ លង់តៗគ្នា»
 
នៅថ្ងៃទី២៥ ខែកក្កដា កន្លងទៅ រដ្ឋបាលស្រុកបន្ទាយស្រី សហការជាមួយក្លិបហែលទឹក សឺវ៉ាយវ៉ល ស្វីម (Survival Swim Club) បានរៀបចំកម្មវិធីបង្រៀនហែលទឹក ដល់កុមារ៤០នាក់ នៅភូមិខ្នារ ឃុំខ្នារសណ្ដាយ។ អ្នកគ្រប់គ្រងទូទៅក្លឹបហែលទឹក សឺវ៉ាយវ៉ល ស្វីមក្លឹប អ្នកស្រី រ៉ា យ៉ា បានឱ្យដឹងថា វាជាមោនកភាពមួយដែលស្ថាប័នអ្នកស្រី ចូលរួមសកម្មភាពទប់ស្កាត់កុមារលង់ទឹកក្នុងសហគមន៍។ អ្នកស្រី រ៉ា យ៉ា៖«ក្នុងបំណងផ្តល់ថ្នាក់ហែលទឹកដោយឥតគិតថ្លៃ និងសារសុវត្ថិភាពពីការលង់ទឹក ពិសេសការផ្តល់អ្វីជាអត្ថប្រយោជន៍ជាច្រើនដែលអាចរៀនដឹងពីបញ្ហានេះ ប្រសិនគាត់ឃើញហេតុការណ៍ពីការលង់ទឹកនេះ តើត្រូវធ្វើបែបណា»? 
 
តាមការស្រាវជ្រាវកន្លងមក អ្នកស្រី រ៉ា យ៉ា បញ្ជាក់ថា មានកុមារ៥នាក់ក្នុងមួយថ្ងៃ នៅកម្ពុជា បានស្លាប់ដោយសារការលង់ទឹក ដែលពួកគេភាគច្រើនមានអាយុពី៥ ទៅ១៤ឆ្នាំ។ ការស្លាប់នេះ គឺបន្តកើតមាននៅតាមបណ្ដាខេត្តរាជធានី និងគ្រប់តំបន់ ដែលវាជាបញ្ហាមួយគួរគិតគូរផងដែរ។
 
ក្នុងនាមស្ថាប័នជំនាញបង្រៀនហែលទឹកមួយ អ្នកស្រី រ៉ា យ៉ា រីករាយសហការជាមួយដៃគូដទៃទៀត ដែលមានបំណងកាត់បន្ថយហានិភ័យនៃការលង់ទឹកនៅកម្ពុជា ពិសេសកុមារតូច។ អ្នកស្រីបន្ថែមថា កន្លងមកស្ថាប័នអ្នកស្រីធ្លាប់បានបង្រៀនកុមារនៅតាមសហគមន៍មួយចំនួន ដូចជានៅបារាយណ៍ទឹកថ្លា និងតំបន់ចុងឃ្នៀសភ្នំក្រោមជាដើម។ 
 
ជុំវិញសកម្មភាពនេះ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា រដ្ឋបាលស្រុកគ្រោងនឹងបន្តសកម្មភាពនេះបន្តទៀតនៅឃុំដទៃ និងនៅតាមសាលារៀនផងដែរ។ យ៉ាងណា រដ្ឋបាលខេត្តក៏ត្រូវការការចូលរួមពីសប្បុរសជនផងដែរ ដើម្បីផ្តល់ថ្នាក់រៀនហែលទឹកដោយឥតគិតថ្លៃដល់កុមារតូច ក្នុងបុព្វហេតុបង្ការហានិភ័យការលង់ទឹកដល់កុមារក្នុងសហគមន៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com