អន្តរជាតិ
តបនឹងទស្សនកិច្ចលោកស្រីផេឡូស៊ី លោកវ៉ាង យី ហៅអាម៉េរិកជាអ្នកបំផ្លាញសន្តិភាពលំដាប់ទី១
03, Aug 2022 , 10:45 am        
រូបភាព
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា បានរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី  ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់យ៉ាងខ្លាំង។ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតចិន បានហៅអ្នកនយោបាយអាម៉េរិកមួយចំនួនជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី និងជាប្រទេសទីមួយ បំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

 
លោកស្រី  ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានទៅដល់តៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា ដោយគ្មានការប្រកាសទុកជាមុន។ នេះជាទស្សនកិច្ចមន្រ្តីអាម៉េរិកដែលមានឋានៈខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ១៩៩៧។ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋចិន ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយរិះគន់យ៉ាងខ្លាំង។
 
«នេះបានបង្ហាញម្តងទៀតថា អ្នកនយោបាយអាម៉េរិកមួយចំនួន បានក្លាយជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន ហើយអាម៉េរិក ក្លាយជាប្រទេសទីមួយ ដែលអ្នកអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំរុញឱ្យក្រុងវ៉ាស៊ីនតោន ឈប់រារាំងដំណើរការបង្រួបបង្រួម និងការអភិវឌ្ឍរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ដោយបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីចិន ប្រមុខការទូតចិន បានព្រមានជាថ្មីថា ក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យមានកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅឡើយ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏បានទទូចឱ្យអាម៉េរិកបញ្ឈប់ការគ្រប់គ្រងល្បែងភូមិសាស្រ្តនយោបាយផង ហើយស្វែងរកសន្តិភាព ស្ថិរភាព រួមទាំងការអភិវឌ្ឍនៅក្នុងតំបន់។ 
 
សូមបញ្ជាក់ ស្របពេលទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅតៃវ៉ាន់ យោធាចិន បានប្រកាសធ្វើសមយុទ្ធយោធា ដោយមានបាញ់គ្រាប់ពិតផង ចំនួន ៦កន្លែងនៅសមុទ្រជុំវិញកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានអះអាងថា ក្រសួងការពារជាតិចស្ថិតក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់ផង៕ 
 

Tag:
 ចិន
  អាម៉េរិក
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com