អន្តរជាតិ
ស្របពេលចិនគំរាមសកម្មភាពយោធា មេដឹកនាំតៃវ៉ាន់ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីការពារខ្លួន
03, Aug 2022 , 11:29 am        
រូបភាព
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ថ្លែងសុន្ទរកថានៅចំពោះមុខប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទីភ្នាក់ងារព័ត៌មាន Reuters
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ថ្លែងសុន្ទរកថានៅចំពោះមុខប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។ រូបភាពយកពីការផ្សាយផ្ទាល់របស់ទីភ្នាក់ងារព័ត៌មាន Reuters
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅចំពោះមុខលោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភាតំណាងអាម៉េរិក ក្នុងថ្ងៃទី៣ ខែសីហា បានលើកឡើងថា តៃវ៉ាន់ នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ បើតាមលោកស្រី Tsai តៃវ៉ាន់ប្តេជ្ញាថែរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់ផង។

 
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅថ្ងៃទី៣ ខែសីហា បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ដើម្បីជជែកពីបញ្ហាមួយចំនួនដូចជា ប្រជាធិបតេយ្យ និងការគំរាមកំហែងចិនជាដើម។ នៅចំពោះមុខប្រធានសភាតំណាងអាម៉េរិក និងស្របពេលចិនកំពុងធ្វើសមយុទ្ធយោធានៅជុំវិញដែនដីខ្លួន លោកស្រី Tsai បានបញ្ជាក់ជាថ្មីថា តៃវ៉ាន់នឹងពង្រឹងសមត្ថភាពការពារខ្លួន ពីការគំរាមកំហែង ក៏ដូចជាថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ 
 
«យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន»។ ប្រធានាធិបតីតៃវ៉ាន់បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា តៃវ៉ាន់នឹងធានាការអនុវត្តយុទ្ធសាស្រ្តសេរី និងបើកចំហនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងស្ថិរភាពនៃការអភិវឌ្ឍលើពាណិជ្ជកម្ម និងច្រវាក់ផលិតកម្មពិភពលោក។ 
 
ដោយចាត់ទុកប្រធានសភាតំណាងអាម៉េរិក ជាអ្នកគាំទ្រប្រជាធិបតេយ្យដ៏សំខាន់មួយ លោកស្រី Tsai បានបន្តថា តៃវ៉ាន់ នឹងបន្តធ្វើការជាមួយសភា រួមទាំងរដ្ឋបាលអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួនដូចជា សន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក, ការអភិវឌ្ឍសេដ្ឋកិច្ច និងច្រវាក់ផលិតកម្មជាដើម ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
 
ដោយបញ្ជាក់ពីច្បាប់ទំនាក់ទំនងតៃវ៉ាន់នៅក្នុងឆ្នាំ១៩៧៩ លោកស្រី ផេឡូស៊ី បានលើកឡើងថា អាម៉េរិកធ្លាប់បានសន្យាថានឹងឈរនៅជាមួយតៃវ៉ាន់ ដែលនេះបញ្ជាក់ពីតម្លៃរួមគ្នារវាងតៃវ៉ាន់ និងអាម៉េរិក រួមទាំងផ្តោតលើសន្តិសុខទៅវិញទៅមក នៅក្នុងតំបន់ និងនៅពិភពលោក។ បើតាមប្រធានសភាតំណាងអាម៉េរិក ទស្សនកិច្ចរបស់លោកស្រី និងសមាជិកសភាផ្សេងទៀត បានបង្ហាញពីការមិនបោះបង់ការប្តេជ្ញារបស់អាម៉េរិកចំពោះតៃវ៉ាន់។ 
 
មិនតែប៉ុណ្ណោះ ផេឡូស៊ី នៅក្នុងសុន្ទរកថាដោយឡែកមួយទៀតនៅសភាតៃវ៉ាន់ បានអះអាងថា អាម៉េរិកចង់ឱ្យពិភពលោកទទួលស្គាល់ពីការដឹកនាំរបស់តៃវ៉ាន់។ ហើយលោកស្រី ក៏អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរសភាផងដែរ។​
 
ក្នុងដំណើរទស្សនកិច្ចនេះ ចិនបានរិះគន់យ៉ាងខ្លាំង។ នៅយប់ថ្ងៃទី២ ខែសីហា លោក Xie Feng អនុរដ្ឋមន្រ្តីការបរទេសចិន បានកោះហៅអគ្គរដ្ឋទូតអាម៉េរិក លោក Nicholas Burns ដើម្បីដាក់ការតវ៉ាជុំវិញទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី។ 
 
​បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា បានចាត់ទុកអ្នកនយោបាយអាម៉េរិកមួយចំនួនជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី និងអាម៉េរិកជាប្រទេសទីមួយ បំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
 
សូមបញ្ជាក់ថា ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាចាប់ពីយប់ថ្ងៃទី២ ខែសីហា ស្របពេលយន្តហោះដឹកប្រធានសភាតំណាងអាម៉េរិកចុះចតនៅតៃវ៉ាន់។ សមយុទ្ធនេះ រួមមានការបាញ់គ្រាប់ពិតចម្ងាយឆ្ងាយ ការសាកល្បងមីស៊ីល និងការបង្ហាញយន្តហោះចម្បាំងផង៕ 
 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com