អន្តរជាតិ
ប្រមុខមុខការទូតរុស្ស៊ី ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជជែកពីកិច្ចសហប្រតិបត្តិសន្តិសុខ និងការពារ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
×
ដោយ ហ៊ួយ ស៊ីវលី
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី៣ ខែសីហា មុននឹងបន្តដំណើរនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច លោក ឡាវរ៉ូវ អាចជជែកពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាមួយភាគីរុស្ស៊ី។
មុនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ប្រមុខការទូតរូបនេះ បានជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin និងមេដឹកនាំ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី២ ខែសីហា។
លោកស្រី Zakharova បានបន្ថែមថា ការពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារ អាចជារបៀបវារៈមួយនៅក្នុងចំណោមប្រធានបទផ្សេងទៀត។
សូមបញ្ជាក់ថា ទោះបីរបបយោធាមីយ៉ាន់ម៉ាបានរងទណ្ឌកម្មពីប្រទេសលោកខាងលិចជាច្រើនក៏ដោយ ក៏ទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងរុស្សីនៅតែមានភាពល្អប្រសើរដដែល ហើយនៅដើមខែនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្សីនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីប្រមុខរបបយោធាលោក មីន អ៊ុងឡាំង បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ៕
© រក្សាសិទ្ធិដោយ thmeythmey.com