អន្តរជាតិ
តៃវ៉ាន់បាញ់ភ្លើងគំរាមដ្រូនចិនដែលហោះក្បែរកោះ Kinmen លោកស្រិ Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
× ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៤ ខែសីហា បានរាយការណ៍ពីយន្តហោះចិនមិនស្គាល់ អត្តសញ្ញាណមួយដែលតៃវ៉ាន់ប៉ាន់ស្មានថាប្រហែលជាប្រភេទដ្រូន បានហោះចូលក្បែរកោះ Kinmen របស់តៃវ៉ាន់នៅថ្ងៃទី៣ ខែសីហា។ ជាការឆ្លើយតប កងកម្លាំងតៃវ៉ាន់បាន បាញ់ភ្លើងគំរាមឱ្យដ្រូននោះហោះចេញទៅវិញ។ ក្នុងថ្ងៃដដែលនោះ យន្តហោះតៃវ៉ាន់ក៏បានហោះគំរាមយន្តហោះចម្បាំងចិនចំនួន ២៧ គ្រឿងឱ្យចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួនផងដែរ។
ឧត្តមសេនីយ៍ទោ លោក Chang Zone-sung មេបញ្ជាការប្រចាំកោះ Kinmen តៃវ៉ាន់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែសីហាថា ដ្រូនចិនចំនួន ២គ្រឿងបាន ហោះទន្ទឹមគ្នាចូលក្បែរកោះ Kinmen ចំនួនពីរលើក នៅយប់ថ្ងៃទី៣ ខែសីហា។
«ពួកយើងបានបាញ់ភ្លើងភ្លាមៗ ដើម្បីប្រកាសពីការព្រមាន និងតម្រូវការឱ្យពួកគេចាកចេញ។ បន្ទាប់មកពួកគេក៏ចាកចេញទៅវិញ។ លោក Chang អះអាងបែបនេះ រួចបន្តថា ដ្រូនទាំងនោះ បានចូលទៅក្នុងតំបន់ហាមឃាត់ទើបកងកម្លាំងតៃវ៉ាន់សម្រេចគំរាមឱ្យដ្រូនទាំងនោះត្រឡប់ចេញទៅវិញ។
លោក Chang បានបន្ថែមថា កងកម្លាំងតៃវ៉ាន់មាននីតិវិធីប្រតិបត្តិការស្តង់ដារ។ ដូច្នេះកងកម្លាំង នឹងប្រតិកម្មភ្លាមៗប្រសិនបើដ្រូនចិនទាំងនោះចង់ចូលទៅ។ លោកក៏ជឿថាដ្រូនចិនមាន បំណងប្រមូលព័ត៌មាន និងស៊ើបការណ៍ស្តីពីការដាក់ពង្រាយសន្តិសុខរបស់តៃវ៉ាន់នៅក្នុងកោះដាច់ស្រយាលរបស់ខ្លួនមួយនេះ។ កោះ Kinmen ត្រូវបានពង្រឹងឱ្យមានម្លាំងការពារខ្លួនយ៉ាង ខ្លាំងដោយសារកោះមួយនេះស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍នៃចិន ឬក្បែរទីក្រុង Xiamen។
យ៉ាងណាមិញ ឧត្តមសេនីយ៍ទោតៃវ៉ាន់រូបនេះ បានបញ្ជាក់ថា ស្ថានការណ៍នៅ Kinmen នៅធម្មតា និងមិនមានអ្វីតានតឹងនោះឡើយ។
បន្ថែមពីនេះ នៅថ្ងៃទី៣ ខែសីហាដដែល ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា យន្ត ហោះរបស់ខ្លួនបានហោះព្រមាន ឱ្យយន្តហោះចម្បាំងចិនចំនួន២៧គ្រឿងចេញពីតំបន់ ការពារដែនអាកាសរបស់ខ្លួន។ ក្រសួងក៏បានបន្តថា យន្តហោះ២២គ្រឿងក្នុងចំណោមនោះ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងចិន ខណៈភាពតានតឹងរវាងភាគីទាំងពីរ បន្តកើនឡើង។
យន្តហោះចម្បាំងរបស់របបក្រុងប៉េកាំងទាំងនោះរួមមាន យន្តហោះចម្បាំងចិន Su-30 និងយន្ត ហោះចម្បាំង ១១ គ្រឿងផ្សេងទៀត។
គួរបញ្ជាក់ថាតៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្នបន្ថែម ខណៈចិនធ្វើសមយុទ្ធយោធាជាបន្ត បន្ទាប់ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះដោយប្រធានសភាតំណាងអាម៉េរិក លោកស្រីណាន់ស៊ី ផេឡូស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com