ជាតិ
ការជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរសម្រេចបាន១៤២ម៉ែត្រហើយ
07, Aug 2022 , 1:59 pm        
រូបភាព
សកម្មភាពជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងជើងស្ពានហាល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សកម្មភាពជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងជើងស្ពានហាល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលប្រាសាទអង្គរវត្ត គិតត្រឹមឆ្នាំ២០២២នេះ សម្រេចបានប្រវែង១៤៣ម៉ែត្រហើយ ដែលវាជាផ្នែកមួយនៃការអភិរក្ស និងលើកសោភ័ណភាពនៃរមណីយដ្ឋានអង្គរ។

 
បុរាណវិទូ និងជាប្រធានគម្រោងជួសជុលច្រាំងកសិន្ធុខាងជើងស្ពានហាលអង្គរវត្ត អ្នកស្រី នង បូរ៉ាវី បានឱ្យដឹងថា ក្រុមការងារអ្នកស្រីកំពុងបង្ហើយការងាររៀបកាំជណ្ដើរថ្មបាយក្រៀម មុននឹងតម្រៀប និងជួសជុលកាំថ្មភក់នៅផ្នែកខាងលើ។ 
 
«ការងារដែលយើងកំពុងបានធ្វើនេះ គឺយើងបានរៀបកាំជណ្ដើរថ្មបាយក្រៀមរហូតដល់កាំទី៧ហើយ ដែលមានពីរជួរទន្ទឹមគ្នា។ បន្ទាប់ពីយើងបញ្ចប់កាំទី៧ហ្នឹង យើងនឹងរៀបថ្មភក់ចាស់ដែលយើងរើយកទៅទុក នឹងរៀបដាក់ត្រឡប់មកវិញ បន្ទាប់ពីក្រុមការងារបានជួសជុលរួចអស់ហើយ»។ នេះបើតាមការរៀបរាប់របស់អ្នកស្រី បូរ៉ាវី។
 
នៅដើមឆ្នាំ២០២២ គម្រោងជួសជុលច្រាំងកសិន្ធុមានប្រវែង២០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំដដែលនេះ។ គម្រោងនេះជួសជុលបានសរុប ១៤៣ម៉ែត្រហើយ ដែលមានចំនួន៧ដំណាក់កាល រាប់ចាប់ពីឆ្នាំ២០១៣មក។ 
 
ចំពោះការដ្ឋានក្នុងជំហានទី៧ មានប្រវែង២០ម៉ែត្រ ការជួសជុលប៉ះលើទីតាំងលូថ្មបាយក្រៀមបុរាណមួយកន្លែង ដែលគេអះអាងថា វាមានទំនាក់ទំនងជាមួយត្រពាំងសេសដែលនៅក្បែរនោះ។ អ្នកស្រី បូរ៉ាវី ពន្យល់យ៉ាងដូច្នេះថា៖«ក្នុងទីតាំងទាំង២០ម៉ែត្រ ដែលយើងជួសជុលក្នុងឆ្នាំ២០២២នេះ ក៏មានលូថ្មបាយក្រៀមបុរាណ ដែលបង្ហូរទឹកចេញ ប្រហែលមានទំនាក់ទំនងនឹងត្រពាំងសេស។ លូហ្នឹងវាស្ថានភាពនៅល្អ វាពុកផុយតែផ្នែកខាងមុខ អ៊ីចឹងក្រុមការងារយើងបានពិភាក្សាជាមួយថ្នាក់ដឹកនាំខាងលើទៅ គឺយើងអភិរក្សលូហ្នឹងទុកដដែល ហើយផ្នែកខាងមុខដែលខូចខាតថ្មបាយក្រៀម២ ទៅ៣ដុំ យើងជំនួសថ្មថ្មី ហើយយើងក៏រៀបជាកាំជណ្ដើរថ្មបាយក្រៀមថ្មីពីលើទៅ យើងទុកលក្ខណៈដើមឱ្យទេសចរមកមើលថាកន្លែងហ្នឹងមានលូបុរាណ»។


សកម្មភាពជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងជើងស្ពានហាល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
 
បច្ចុប្បន្ន គម្រោងជួសជុលច្រាំងកសិន្ធុនេះ សម្រេចបានប្រមាណ ៤០ភាគរយហើយ។ កសិន្ធុអង្គរវត្ត ត្រូវបានកសាងឡើងដោយតម្រៀបថ្មបាយក្រៀមនៅផ្នែកខាងក្រោម៧កាំ និងថ្មភក់៤កាំ នៅផ្នែកខាងលើ។
 
ការជួសជុលច្រាំងកសិន្ធុនេះមានភាពលំដាកបន្ដិច ដោយសារវាជាសំណង់ក្រោមទឹក។ ត្រង់ចំណុចនេះ ប្រធានគម្រោងជួសជុល អ្នកស្រី បូរ៉ាវី រៀបរាប់ថា ផលលំបាកទី១ គឺការចំណាយពេលយូរលើការងារបិទទំនប់ ដោយព្យាយាមយ៉ាងណាឱ្យទំនប់មាំល្អ មិនដូច្នោះទេ ពិបាកគ្រប់គ្រងទឹកពេលជួសជុលបាតកសិន្ធុ។ ការងារទំនប់មិនល្អ ការងារជួសជុលក៏បរាជ័យទៅតាមនោះដែរ។ នេះបើតាមសំដីរបស់អ្នកជំនាញ។ ផលលំបាកទី២ គឺការជួសជុលកាំថ្មភក់ ដែលជាប្រភេទថ្មបុរាណ ដោយត្រូវការផ្ចិតផ្ចង់ ថ្នម កុំឱ្យប្រេះ ឬបែកបាក់ជាដើម ដោយមិនឱ្យវាខុសទម្រង់ខ្សែក្បាច់នៃថ្មបុរាណនោះទេ។ គេមិនអាចកាត់តម្រឹមថ្មភក់ដូចថ្មបាយក្រៀមបានឡើយ៕
 

Tag:
 ច្រាំងកសិន្ធុអង្គរវត្ត
  អភិរក្ស
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com