ជាតិ
អ្នករត់រ៉ឺម៉កកង់បីត្អូញត្អែរពីជីវភាព ខណៈទេសចរដើរកម្សាន្តនៅមានកម្រិត
07, Aug 2022 , 6:59 pm        
រូបភាព
អ្នករត់រ៉ឺម៉កកង់បីនៅតំបន់ផ្សារចាស់ ផាប់ស្រ្ទីត។ រូបភាព៖ អ៊ីសា រ៉ហានី
អ្នករត់រ៉ឺម៉កកង់បីនៅតំបន់ផ្សារចាស់ ផាប់ស្រ្ទីត។ រូបភាព៖ អ៊ីសា រ៉ហានី
សៀមរាប៖ ទោះបីមានការបើកលំហការធ្វើដំណើរឡើងវិញជាធម្មតា ដោយស្ថានភាពកូវីដ១៩បានធូរស្រាលក៏ដោយ តែសេដ្ឋកិច្ចជាទូទៅ ត្រូវបានគេមើលឃើញថា មិនទាន់ត្រឡប់ទៅរកសភាពដើមវិញឡើយ។ ប្រជាជននៅចាយវាយរិតត្បិត ការកម្សាន្តក៏មិនទាន់មានច្រើនដែរ។ អ្នករត់រ៉ឺម៉កកង់បីនៅសៀមរាប ដែលពឹងអាស្រ័យលើទេសចរ ក៏ខំស្រវេស្រវាលើអាជីពដែលប្រកបច្រើនឆ្នាំមួយនេះដែរ ដោយរំពឹងថា ទេសចរនឹងចាប់មានឡើងវិញជាបណ្ដើរៗ។

 
«មុនកូវីដ ពេលខែសម្បូរភ្ញៀវមួយយប់អាចរកបាន ពី១០ទៅ៣០ដុល្លារដែរ យប់ខ្លះទៀតបានដល់១០០ដុល្លារ ពេលភ្ញៀវជូនលុយធីប តែសព្វថ្ងៃ សូន្យ រកលុយចាក់សាំងយ៉ាប់»។ នេះជាសំដីរបស់លោក ណាប់ ចម រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ខាងលិចក្រុងសៀមរាប។ មានវ័យ៤១ឆ្នាំ អ្នករត់រ៉ឺម៉កកង់បីនៅតំបន់ផ្សារចាស់រូបនេះ រង់ចាំចាប់ភ្ញៀវដោយភាពអត់ធ្មត់នៅលើរ៉ឺម៉ក ក្នុងបំណងដើម្បីបានថវិកាខ្លះៗត្រឡប់ទៅផ្ទះវិញជាប្រចាំថ្ងៃ។
 
សំដីមួយៗឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក ណាប់ ចម លើកឡើងថា ក្រៅពីរបររត់កង់បីនេះ លោកមិនដឹងធ្វើអ្វីផ្សេងទេ ងាកទៅធ្វើសំណង់ក៏បានប្រាក់ថ្ងៃតិច ដូច្នេះសង្ឃឹមរបររត់រ៉ឺម៉កនេះបានចំណូលខ្លះៗចិញ្ចឹមគ្រួសារ។
 
លោក ហាន ហុង ឯណោះវិញ ក៏កំពុងអង្គុយចាំដឹកភ្ញៀវចេញពីផ្សារចាស់ដែរ។ អ្នកភូមិវាល សង្កាត់គោកចករូបនេះ ប្រាប់ថា ពេលថ្ងៃមិនសូវសម្បូរភ្ញៀវទេ គឺច្រើនមានតែពេលយប់ ដែលពួកគេចូលចិត្តដើរកម្សាន្ត និងហូបអាហារនៅតំបន់ផាប់ស្ទ្រីត។ លោក ហាន ហុង មើលឃើញថាសកម្មភាពភ្ញៀវខ្មែរចាប់ផ្តើមដើរលេងច្រើនក្រោយធូរស្រាលជំងឺកូវីដ១៩ តែពួកគេមិនសូវចាយវាយច្រើនដូចមុនទេ។ 


អ្នករត់រ៉ឺម៉កកង់បីនៅតំបន់ផ្សារចាស់ ផាប់ស្រ្ទីត។ រូបភាព៖ អ៊ីសា រ៉ហានី
 
រំឭកអំឡុងពេលកូវីដវាយប្រហារ ធ្វើឱ្យស្ងាត់ភ្ញៀវនៅខេត្តសៀមរាប បុរសវ័យ៤៣ឆ្នាំរូបនេះ បានចេញទៅធ្វើការនៅក្រុងកំពង់សោម តែបានរយៈពេលមួយខែ ក៏សម្រេចមកសៀមរាបវិញ។ ធ្វើការក្នុងរោងចក្រនៅកំពង់សោម លោក ហាន ហុង ប្រាប់ថា ប្រាក់ឈ្នួលថោក មិនសមនឹងពេលវេលាធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ហើយលោកទទួលបានប្រាក់ខែ ១៧០ដុល្លារ ប៉ុណ្ណោះ។ សាកល្បងការងារទី២នៅភ្នំពេញជាអ្នកបើកបរ ប្រាក់ឈ្នួលសមរម្យ តែលោកមិនទម្លាប់រស់នៅបរិយាកាសសង្គមនៅទីនោះ ទើបវិលមករត់កង់បីនៅសៀមរាបវិញ។
 
សព្វថ្ងៃ បើទោះបីភ្ញៀវមិនទាន់មានច្រើនដូចមុន តែលោក ហាន ហុង យល់ថា វាគ្រាន់បើបន្ដិច និងសង្ឃឹមថា ក្រោយបើកដំណើរការព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម ភ្ញៀវនឹងចាប់ផ្តើមហូរឡើងវិញកាន់តែច្រើន។
 
លោក ស៊ីវ រ៉ា បានផ្លាស់ប្ដូពីរត់ម៉ូតូឌុប មករត់រ៉ឺម៉កកង់បីឥណ្ឌា មុនការរាតត្បាតជំងឺកូវីដ១៩បន្ដិចនៅដើមឆ្នាំ២០២០។ បុរសរូបនេះសន្និដ្ឋានថា ភ្ញៀវដែលដើររាល់ថ្ងៃនេះមានប្រហែល៣០ភាគរយប៉ុណ្ណោះ។ កូវីដបានធ្វើឱ្យប្រជាពលរដ្ឋទូទៅប្រទេស ក្នុងនោះមានរូបលោក ស៊ីវ រ៉ា ផងជួបការលំបាក តែទន្ទឹមនោះ អំឡុងពេលបិទខ្ទប់ក្រុងខ្លាំង ក៏ជាឱកាសល្អដែលជួយឱ្យជីវភាពអ្នកខេត្តកំពតរូបនេះ គ្រាន់បើមួយរយៈផងដែរ។ 
 
បុរសវ័យ៤៩ឆ្នាំរូបនេះ រំឭកដោយទឹកមុខរីករាយថា៖« ពេលកូវីដ ដឹកដែរ តាមតំបន់ខ្លះៗដែលគេអនុញ្ញាត ព្រោះយើងមានបណ្ណចេញដោយអាជ្ញាធរ [រដ្ឋបាលខេត្តសៀមរាប] ថ្ងៃខ្លះបានដែរ ពី១៥ទៅ២០ម៉ឺនរៀល ក្រៅពីនោះ មួយថ្ងៃបានតែ២ ទៅ៣ម៉ឺនទេ»។ 
 
សព្វថ្ងៃ លោក ស៊ីវ រ៉ា មានម៉ូយដឹកប្រចាំ ដែលលោកអាចរកប្រាក់បានពី៤ម៉ឺន ទៅ៥ម៉ឺនរៀលជាប្រចាំថ្ងៃ។ យ៉ាងណា លោកត្រូវចំណាយលើគ្រួសារច្រើន ពិសេសផ្គត់ផ្គង់ដល់កូនរៀនសូត្រ។


អ្នករត់រ៉ឺម៉កកង់បីនៅតំបន់ផ្សារចាស់ ផាប់ស្រ្ទីត។ រូបភាព៖ អ៊ីសា រ៉ហានី
 
ប្រធានសមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប អ្នកស្រី គីម សុខលាង បានឱ្យដឹងថា ស្ថានភាពអ្នករត់រ៉ឺម៉កនៅសៀមរាបបច្ចុប្បន្ន មានភាពលំបាកជាខ្លាំង ដ្បិតមិនសូវមានទេសចរច្រើន ហើយតាមសណ្ឋាគារធំៗ ក៏បន្តបិទទ្វារនៅឡើយ។ ការណ៍នេះកាន់តែលំបាកទៅទៀតសម្រាប់អ្នករត់រ៉ឺម៉កជាលក្ខណៈផ្ទាល់ខ្លួន មិនដូចក្រុមហ៊ុន ឬផេកផ្សព្វផ្សាយតាមបណ្ដាញសង្គម។ 
អ្នកស្រី គីម សុខលាង ពន្យល់ថា៖« ភ្ញៀវភាគច្រើនដែលមក គឺមានម្ចាស់ទាំងអស់ (កត់តាមបណ្ដាញសង្គមរួច) ពិបាកមែនទែន ពិសេសអ្នករត់ជាស្រ្តី ដែលពួកគាត់អត់ចេះភាសាអង់គ្លេស ទើបចាប់ផ្តើមថ្មី»។ ប្រធានសមាគមរូបនេះ មើលមិនទាន់ឃើញពីអនាគតវិស័យទេសចរណ៍ខេត្តសៀមរាប ថាអាចនឹងវិលត្រឡប់មកសភាពដើមវិញនៅពេលណាជាក់លាក់នោះទេ តែសន្និដ្ឋានថា អាចនឹងមានសកម្មភាពគ្រាន់បើឡើងវិញ ក្រោយបោះឆ្នោតរួច៕

Tag:
 រ៉ឺម៉កកង់បី
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com