ជាតិ
អ្នកស្រី គីម សុខលាង បង្កើតក្រុមស្រ្តីអ្នករត់រ៉ឺម៉ក ផ្ដល់ភាពអង់អាចដល់ស្រ្តី
08, Aug 2022 , 8:59 am        
រូបភាព
អ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប។ រូបភាពពីអ្នកស្រី គីម សុខលាង
អ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប។ រូបភាពពីអ្នកស្រី គីម សុខលាង
សៀមរាប៖ ថ្មីៗនេះ បានលេចឡើងនូវស្រ្តីអ្នករត់រ៉ឺម៉កកង់បី និងកង់បីឥណ្ឌាជាដើម។ វត្តមានពួកគេ ធ្វើឱ្យមានការចាប់អារម្មណ៍ ដ្បិតកន្លងមកមានតែបុរសប៉ុណ្ណោះ ដែលចាប់អាជីពមួយនេះ។ នៅសៀមរាបឯណេះ អ្នកស្រី គីម សុខលាង បានបង្កើតក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បី ក្នុងបំណងឱ្យពួកគេធ្វើការជាក្រុម មានចំណូលជួយគ្រួសារ ពិសេសនោះ ផ្តល់ការគាំទ្រ និងភាពអង់អាចដល់ពួកគេ។

 
អ្នកស្រី គីម សុខលាង ដែលភាគច្រើនភ្ញៀវហៅឈ្មោះគាត់ គីម បានចាប់ផ្តើមប្រមូលក្រុមស្រ្តីដែលជាអ្នករត់រ៉ឺម៉កកង់បី ដើម្បីផ្តល់ភាពក្លាហាន និងគាំទ្រពួកគាត់មិនឱ្យឯកោឡើយ។ មានវ័យ៤០ឆ្នាំ អ្នកស្រី គីម បានប្រឡូកអាជីពអ្នករត់កង់បី នៅអំឡុងឆ្នាំ២០១៣ នារាជធានីភ្នំពេញ មុននឹងមករស់នៅខេត្តសៀមរាប និងចាប់អាជីពដដែលនេះ នៅពាក់កណ្ដាលឆ្នាំ២០១៥។ 


អ្នករត់រ៉ឺម៉កកង់បីក្នុងសមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប។ រូបភាពពីអ្នកស្រី គីម សុខលាង
 
នៅដើមឆ្នំា២០២២ អ្នកស្រី គីម ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម បានបង្កើតសមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប ដោយក្នុងនោះបានកៀរគរអ្នកចូលរួមប្រមាណ២០នាក់ ក្នុងនោះស្រ្តី១០នាក់។ មានបទពិសោធន៍ដឹកភ្ញៀវច្រើនឆ្នាំ និងទទួលបានការគាំទ្រច្រើន ស្រ្តីរូបនេះមានភ្ញៀវតាមសណ្ឋាគារ និងខាងក្រៅជាច្រើន។ អ្នកស្រី គីម បន្ថែមថា នេះជាជំហានដំបូងនៃការចាប់ផ្តើមសមាគម ដោយរំពឹងថា សមាគមនេះនឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារអ្នករត់រ៉ឺម៉កកង់បី ពិសេសស្រ្តីអ្នករត់រ៉ឺម៉ក។
 
«ចង់ពង្រឹងស្រ្តីខ្លាំងជាងគេ ដោយសារកាលខ្ញុំរត់រ៉ឺម៉ក់កាល២០១៣ អត់មានអ្នកជ្រោមជ្រែង អ៊ឹចឹងខ្ញុំមានអារម្មណ៍ថាឯកោខ្លាំងណាស់  ថ្ងៃនោះខ្ញុំហៅគេជិះតុកតុក គេអត់ស្ដីនិយាយរកខ្ញុំ គេដើរហួសទៅហៅអ្នកផ្សេង ពេលនោះខ្ញុំមានអារម្មណ៍មួយថា បេះដូងរបស់ខ្ញុំត្រូវបានខ្ទេចខ្ទាំ ប៉ុន្តែខ្ញុំទៅរត់រ៉ឺម៉កនោះដើម្បីចិញ្ចឹមកូន ដល់ពេលហើយមិនបានលុយទៀត ប៉ុន្មានយប់ដំបូងអត់បានលុយតែម្ដង»។ នេះជាការរំឮករបស់អ្នកស្រី គីម ពេលចាប់អាជីពអ្នករត់កង់បីដំបូង។ អ្នកស្រីមិនចង់ឱ្យស្រ្ដីឯទៀត ដែលចាប់របរនេះ មានអារម្មណ៍ដូចអ្នកស្រីពេលនោះឡើយ ដោយគ្រាន់តែរត់កង់បីនោះ។ សម្រាប់អ្នកស្រី គីម ស្រ្តីក៏អាចបើករ៉ឺម៉កដូចបុរសដែរ ហើយមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នជាងបុរសទៅទៀតនៅពេលខ្លះ។


ក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បី។ រូបភាពពីអ្នកស្រី គីម សុខលាង
 
មានហេតុផលស្រដៀងៗគ្នា ដែលធ្វើឱ្យស្រ្តីចេញរត់រ៉ឺម៉កកង់បី ដែលភាគច្រើនជាការងារបុរសនោះ។ អ្នកស្រី គីម ប្រាប់ថា អ្នករត់រ៉ឺម៉កមួយចំនួនជាស្រ្តីមេម៉ាយ ប្ដីមានជំងឺ ខ្វះថវិកាសម្រាប់រៀនបន្ដ ហើយមួយទៀតពួកគេយល់ថា វាជាមធ្យោបាយដែលអាំចមានលទ្ធភាពដឹកកូនទៅសាលារៀនផង។ 
 
ដ្បិតបានទាញក្រុមស្រ្តីឱ្យមកជុំគ្នាលើវិស័យតែមួយក្ដី តែអ្នកស្រី គីម ប្រាប់ថា នៅមានចំណុចជាច្រើនទៀត ដែលក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បី ត្រូវរៀនសូត្រ។ មួយទៀត កង្វះធនធានផ្ទាល់ខ្លួន ក៏ជាមូលហេតុចម្បង ដើម្បីឱ្យពួកគេពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមផង។ យ៉ាងណា ក្នុងនាមប្រធានសមាគមអ្នកស្រី គីម បេ្ដជ្ញាជួយពង្រឹងសមត្ថភាពស្រ្តីទាំងនោះឱ្យមានភាពម្ចាស់ការ និងក្លាហានលើអាជីពមួយនេះ។
 
ជាមួយគ្នានោះ អ្នកស្រី គីម ស្នើឱ្យពលរដ្ឋខ្មែរ ជួយគាំទ្ររ៉ឺម៉កខ្មែរផងដែរ ដើម្បីជួយជីវភាពអ្នករត់រ៉ឺម៉ក ពិសេសរ៉ឺម៉កស្រ្តី ទោះបីតម្លៃលើសកង់បីឥណ្ឌា ដែលប្រើហ្គាសបន្ដិចក្ដី តែវាបង្ហាញពីស្មារតីជួយគ្នារបស់ប្រជាពលរដ្ឋខ្មែរ៕
 

Tag:
 ស្រ្តីអ្នករត់រ៉ឺម៉កកង់បី
  សមាគមអ្នកបើកបររ៉ឺម៉កទេសចរសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com