អន្តរជាតិ
អ៊ីស្រាអែលនិងក្រុមសកម្មជននៅហ្កាហ្សា​ ឈានដល់បទឈប់បាញ់ ក្រោយការបាញ់ផ្លោងដាក់គ្នា
08, Aug 2022 , 11:31 am        
រូបភាព
ការផ្ទុះនៅតំបន់ហ្កាហ្សាក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ រូបថត AFP
ការផ្ទុះនៅតំបន់ហ្កាហ្សាក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ រូបថត AFP
ដោយ: ថ្មីៗ
ដោយ៖ហ៊ួយ ស៊ីវលី
 
អ៊ីស្រាលអែ​ល និងក្រុមជីហាដឥស្លាមនៅតំបន់ហ្កាហ្សា បានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី៧ ខែសីហា។ ការបាញ់ផ្លោងទៅវិញទៅមករវាងភាគីទាំងអស់ដែលចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហាមក សម្លាប់ជនស៊ីវិលនៅហ្កាហ្សា៤៤នាក់ ដែលមានកុមារផង ហើយជាង៣០០នាក់បានរងរបួស។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។

 
កាលពីថ្ងៃទី៥ ខែសីហា អ៊ីស្រាអែលបានបើកការវាយប្រហារមុនលើតំបន់ហ្កាហ្សា និងបានសម្លាប់ លោក Khaled Mansour ដែលជា​មេ​បញ្ជាការសំខាន់ម្នាក់របស់ក្រុម​ជីហាដ​ឥស្លាម​នៅតំបន់​ហ្កាហ្សា​។ ជាការឆ្លើយតប នៅថ្ងៃទី៧ ខែសីហា ក្រុមនេះ បានបាញ់រ៉ុក្កែតសំដៅក្រុងហ្សេរុយសាឡឹមវិញ ជា​ការ​សងសឹក​ចំពោះ​ការ​សម្លាប់​មេ​បញ្ជាការរបស់ខ្លួន​​ដោយ​អ៊ីស្រាអែល។ 
 
នៅក្នុងប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលនេះ ក្រសួងសុខាភិបាលប៉ាលេស្ទីនបានប្រកាសថា មានមនុស្សយ៉ាងហោចណាស់៤៤នាក់បានស្លាប់ ដែលក្នុងនោះមាន ជនស៊ីវិល និងកុមារចំនួន ១៥នាក់ និងមនុស្សជាង៣០០នាក់ទៀត បានរងរបួស។
 
បន្ទាប់ពីបាញ់ទៅមកបីថ្ងៃ ភាគីទាំងពីរ ក៏ផ្អាកសកម្មភាព ដោយមានអេហ្ស៊ីបជាអ្នកសម្រុះសម្រួល។ បទឈប់បាញ់នេះ ក៏បានបញ្ជាក់ដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ផងដែរ។ យ៉ាងណាមិញ អ៊ីស្រាលអែល ព្រមានថា បើមានការវាយប្រហារលើខ្លួនទៀត អ៊ីស្រាអែលមិនបន្ធូរដៃឡើយ។
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com