ជាតិ
សេដ្ឋកិច្ច
កម្ពុជាផលិតមាសបានជាង ៣​ ៥០០គីឡូក្រាម ពីតំបន់អូរខ្វាវ​
10, Aug 2022 , 8:59 pm        
រូបភាព
លោក អ៊ឹង ឌីប៉ូឡា  អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល
ជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន​ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ផលិតមាស ពីតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រមាណ៣,៥តោន។ នេះជាការលើកឡើងរបស់លោក អ៊ឹង ឌីប៉ូឡា  អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបានបញ្ជាក់ថា​ កម្ពុជាទទួលបានចំណូលសួយសារជាង៥លានដុល្លារអាម៉េរិក ពីបរិមាណមាសទាំងនេះ។​

 
ក្រុមហ៊ុន ​រ៉ឺនេសង់ បានបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។ គិតមកត្រឹមដើមខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីមួយនេះ ផលិតមាសពីតំបន់នេះ​បាន ៣ ៥៤៣គីឡូក្រាម(ជាង៣,៥តោន)។ លោក អ៊ឹង ឌីបូ៉ឡា ថ្លែងបែបនេះក្នុងសន្និសីទកាសែត ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩សីហា។ 
 
បើតាមលោក អ៊ឹង ឌីបូ៉ឡា បរិមាណមាសទាំងនេះ តម្រូវឱ្យក្រុមហ៊ុន​​បង់សួយសារចូលរដ្ឋ ជាង៥,១លានដុល្លារ​។ លោកបញ្ជាក់ថា​ ចំណូលដែលរដ្ឋាភិបាលទទួលបាននេះ គឺមិនបូកបញ្ចូលនូវចំណូលពន្ធលើប្រាក់ចំណេញ ឬប្រភេទពន្ធផ្សេងៗឡើយ។ 
 
មុននឹងឈានដល់ការបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅតំបន់អូរខ្វាវមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុ​ន រ៉ឺនេសង់ ​បានចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេល១៤ឆ្នាំ។  បច្ចុប្បន្ន ក្រុមហ៊ុននេះ ផលិតបានដុំមាសពាក់កណ្តាលសម្រេច ដែលមានអត្រាមាសក្នុងកម្រិត៩០ភាគរយ(Gold Dore Bars) ហើយនាំចេញទៅប្រទេសអូស្ត្រាលី ដើម្បីបន្សុទ្ធជាមាស១០០ភាគរយ សម្រាប់ដាក់លក់នៅទីផ្សារប្រទេសនោះតែម្តង។​ 
 
កន្លងមក ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន រំពឹង ថា ការផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វាវ ស្រុកកែវសីមា ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ​ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមចំណូលដុលនោះ មានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ បើតាមសម្តេច ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ 
 
បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុ​ន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន​ចំនួន៦ទៀត ឱ្យរុករកនិងបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅកម្ពុជា ផងដែរ។ ក្រុមហ៊ុនទាំងនោះមកពីប្រទេសឥណ្ឌា និងប្រទេសចិន...ជាដើម។​ នេះជាការរៀបរាប់បន្ថែមរបស់លោក ឌីបូ៉ឡា៕ 
 

Tag:
 រ៉ែមាស
  តំបន់អូរខ្វាវ
 ​ មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com