កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ថា ធ្លាប់ធ្វើការជាមួយ Pep នៅអាល្លឺម៉ង់ធ្វើឱ្យគេត្រៀមខ្លួនបានល្អសម្រាប់ Barca
11, Aug 2022 , 8:29 am        
រូបភាព
Robert Lewandowski ជឿជាក់ថាធ្លាប់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola នៅក្លិប Bayern Munich ធ្វើឱ្យគេត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការផ្ទេរមកក្រុម ​​Barcelona ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Xavi Hernandez។

 
លោក ​Guardiola ធ្លាប់ជាអ្នកចាត់ការក្រុម Bayern Munich បីរដូវកាលដោយចាប់ផ្តើមក្នុងឆ្នាំ ២០១៣ និងបញ្ចប់ក្នុងឆ្នាំ ២០១៦ ។ ចំណែក Lewandowski ចូលរួមជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញក្នុងឆ្នាំ ២០១៤ ដោយផ្ទេរពី Borussia Dortmund ជាក្រុមប្រកួតប្រជែងគ្នាខ្លាំងកាលនោះ។ លេងបានត្រឹម ១០០ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ Pep ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ អាចរកគ្រាប់បាល់រហូតដល់ទី ៦៧គ្រាប់រាល់កម្មវិធីប្រកួតរបស់ក្រុម។
 
បញ្ចប់អាជីពនៅ Bayern កាលពីខែកក្កដាកន្លងទៅ Lewandowski រកបានគ្រាប់បាល់ឱ្យក្រុម ៣៤៤គ្រាប់នៅគ្រប់ការប្រកួត ហើយរូបគេក្លាយជាកីឡាករចំណូលថ្មីនៅទឹកដី Spotify Camp Nou ដែលបានរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យក្រុមអំឡុងការប្រកួតមិត្តភាពទល់ក្រុម Pumas UNAM។ Barca ឈ្នះប្រកួតមិត្តភាពលើក្រុម Pumas UNAM របស់ម៉ិកស៊ិកលទ្ធផល ៦-០។
 
ស្ថិតក្រោមការដឹកនាំរបស់ Xavi ដែលជាគ្រូបង្វឹកដើម្បីប្រជែងពានរង្វាន់នានា Lewandowski និយាយថា ការប្រកួតប្រជែងនៅរដូវកាលដំបូងឱ្យ Barca គឺមានទម្រង់លេងស្រដៀងការដឹកនាំរបស់អ្នកចាត់ការក្រុម Manchester City លោក Pep ដែរ។
 
«Xavi គឺស្រដៀងទៅនឹង Guardiola ពួកគាត់ទាំងពីរគឺធ្លាប់ធ្វើការជាមួយគ្នា ហើយការគិតអំពីបាល់ទាត់គឺក្នុងផ្លូវតែមួយដូចគ្នា ទម្រង់លេងគឺរិតតែដូចគ្នា។ សម្រាប់ការចងចាំនិងការគិតរបស់ខ្ញុំនោះគឺ Barca ជាជម្រើសតែមួយគត់ ហើយនេះជាការត្រៀមខ្លួនមួយយ៉ាងល្អបំផុតនៅពេលខ្ញុំលេងនៅ Bayern ព្រោះខ្ញុំធ្លាប់ស្រមៃថាលេងក្រោមការដឹកនាំរបស់ Pep ថ្ងៃណាមួយខ្ញុំនិងលេងឱ្យ Barca។»។
 
Lewandowski បានសម្រេចចិត្តចាកចេញពី Bayern ទោះនៅសល់កិច្ចសន្យា ១រដូវកាលក្តី ដោយផ្ទេរមកកាន់ Barca ក្នុងតម្លៃខ្លួន ៥០លានដុល្លារ ។ រូបគេអះអាងថាចង់ទទួលបានបទពិសោធន៍ថ្មី ដោយលេងនៅទឹកដីអេស្ប៉ាញ។
 
សូមជម្រាបថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះ នឹងបង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ La Liga លើកដំបូងរបស់គេទល់ក្រុម Rayo Vallecano នៅថ្ងៃទី១៣ ខែសីហា៕
 
 

Tag:
 Robert Lewandowski
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com