អន្តរជាតិ
តៃវ៉ាន់ បន្តធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតជាប់ៗគ្នា តែមិនមែនឆ្លើយតបចិនឡើយ
11, Aug 2022 , 3:54 pm        
រូបភាព
សមយុទ្ធបាញ់គ្រាប់ពិតរបស់យោធាតៃវ៉ាន់។ រូបថត AFP
សមយុទ្ធបាញ់គ្រាប់ពិតរបស់យោធាតៃវ៉ាន់។ រូបថត AFP
បន្ទាប់ពីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក យោធា​តៃវ៉ាន់​នៅ​ថ្ងៃទី១១ ខែសីហា ក៏បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតម្ដងទៀតផងដែរ។ យ៉ាងណាមិញ មន្ត្រីយោធាតៃវ៉ាន់ នៅតែបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ មិនមែនជាការឆ្លើយតបនឹងការគំរាមរបស់ចិន​នោះ​ឡើយ។

 
អ្នកនាំពាក្យកងទ័ពទី៨របស់កោះតៃវ៉ាន់លោក Lou Woei-jye បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កងកម្លាំងក្រុងតៃប៉ិបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ howitzers និងបាញ់អណ្ដាតភ្លើងនៅព្រឹកថ្ងៃទី១១ ខែសីហា។ សមយុទ្ធនេះ ធ្វើឡើងនៅតំបន់ Pingtung នៅភាគខាងត្បូងប្រទេស ដែលបាន​ចាប់ផ្ដើម​ពី​ម៉ោង៨និង៣០នាទីព្រឹកនៅតៃវ៉ាន់ ហើយបានបញ្ចប់ក្នុងរយៈពេលមួយម៉ោង។
 
«ពួកយើងមានគោលដៅពីរសម្រាប់សមយុទ្ធនេះ។ ទីមួយ គឺដើម្បីបញ្ជាក់ស្ថានភាពដំណើរការត្រឹមត្រូវ​នៃកាំភ្លើងធំនិងលក្ខខណ្ឌថែទាំ និងទីពីរគឺដើម្បីផ្ទៀងនឹងលទ្ធផលសមយុទ្ធកាលពីឆ្នាំមុន»។ លោក Lou ក៏បានសង្កត់ធ្ងន់បែបនេះដោយចង់សម្ដៅលើការសមយុទ្ធនេះ ជាសមយុទ្ធប្រចាំឆ្នាំ​ដែលមិន​មែន​ធ្វើឡើងភ្លាមៗក្នុងការឆ្លើយតបនឹងសមយុទ្ធចិននោះឡើយ។
 
សមយុទ្ធខាងលើនេះបានធ្វើឡើងបន្ទាប់ពីចិនបានបញ្ចប់សមយុទ្ធរបស់ខ្លួនចុងក្រោយដ៏ធំបំផុតមួយ​នៅថ្ងៃទី១០ ខែសីហា។ ក្រុងប៉េកាំងបានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា កងកម្លាំងរបស់ខ្លួន​បាន​បំពេញកិច្ចការផ្សេងៗដោយជោគជ័យនៅច្រកសមុទ្រតៃវ៉ាន់ ខណៈប្តេជ្ញាបន្តល្បាត​ជុំវិញ​ដែន​ទឹក​របស់​ខ្លួន។ បុន្តែក្រុងប៉េកាំងក៏អះអាងថា នឹងបន្ត​អនុវត្ត​ការ​ហ្វឹកហ្វឺន​យោធា និង​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ដែរ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com