អន្តរជាតិ
ប្រមុខការទូតចិន ព្រមានពីចលនាគ្រោះថ្នាក់លើច្រកសមុទ្រតៃវ៉ាន់
11, Aug 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី។ រូបភាព៖ AFP
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី១០ ខែសីហា បានព្រមានពីចលនាគ្រោះថ្នាក់ចំនួន ៣ធំៗ ស្របពេលស្ថានការណ៍នៅលើច្រកសមុទ្រតៃវ៉ាន់កំពុងមានការវិវត្ត។ និន្នាការគ្រោះថ្នាក់ទាំង៣ នោះមានដូចជាការពង្រាយកម្លាំងយោធាអាម៉េរិក សកម្មភាពរបស់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងសកម្មភាពរបស់អ្នកនយោបាយប្រទេសមួយចំនួន។



 
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ មិនបានថមថយឡើយ បើគិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រីណាន់ស៊ី ផេឡូស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនចេញនៅថ្ងៃទី១០ ខែសីហា លោកវ៉ាង យី ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិន បានព្រមានពីចលនាគ្រោះថ្នាក់ ធំៗ  ស្របពេលស្ថានការណ៍នៅច្រកសមុទ្រមានការវិវដ្ត រួមទាំងប្តេជ្ញាជាថ្មីក្នុងការការពារអធិបតេយ្យរបស់ខ្លួន។ 
 
«ពិតប្រាកដណាស់ ចិននឹងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីខ្លួន»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ។ 
 
រដ្ឋមន្រ្តីការបរទេសចិន បានបន្តបញ្ជាក់ពីហានិភ័យធំៗថា វាពិតជាសំខាន់ណាស់ ក្នុងការត្រៀមខ្លួនសម្រាប់អាម៉េរិក ដែលប្រមូលផ្តុំប្រទេសផ្សេងទៀត ដើម្បីធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែធ្ងន់ធ្ងរ និងដើម្បីពង្រាយយោធាខ្លួន។ មិនតែប៉ុណ្ណោះ ចិនត្រូវប្រុងប្រយ័ត្នចំពោះកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ ដែលអាចមើលស្ថានការណ៍ខុស ហើយបន្តរួមដៃជាមួយបរទេស ដោយត្រួតត្រាយផ្លូវ ដើម្បីផ្តាច់ខ្លួន។ លើសពីនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏ត្រូវប្រុងប្រយ័ត្នចំពោះអ្នកនយោបាយមួយចំនួន ដែលមិនអើពើពីភាពខុស ឬត្រូវ និងបន្តស្វែងរកប្រយោជន៍ផ្នែកនយោបាយផង។ 
 
បើតាមលោកវ៉ាង បញ្ហាខាងលើ នឹងបំផ្លាញមូលដ្ឋានទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងនោះ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធអន្តរជាតិក្រោយសង្រ្គាមលោកលើកទីពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ជាមួយគ្នា ប្រមុខការទូតចិន បានបញ្ជាក់ជាថ្មីថា ដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី នឹងធ្វើឱ្យប្រជាជនចិន កាន់តែរួមគ្នាជាងមុន ហើយជំរុញឱ្យមានការបង្រួបបង្រួមជាតិ។ ត្រង់ចំណុចនេះ​ លោកវ៉ាង បានជំទាស់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន និងហានិភ័យផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពលើច្រកសមុទ្រតៃវ៉ាន់។ 
 
ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ចិន នឹងមិនស្ទាក់ស្ទើរក្នុងការវាយបកអាម៉េរិកឡើយ ដែលបង្កអរិភាពធ្ងន់ធ្ងរ បំពានអធិបតេយ្យ រួមទាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំងមិនអនុញ្ញាតឱ្យប្រទេសណាមួយបំផ្លាញអធិបតេយ្យ និងបូរណភាពដែនដីចិននោះទេ។ 
 
ការព្រមានរបស់រដ្ឋមន្រ្តីការបរទេសចិនខាងលើ ធ្វើឡើងស្របពេលចិនបានបញ្ចេញសៀវភៅសមួយក្បាយ ដោយស្នើជាថ្មីឱ្យតៃវ៉ាន់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលមានការអនុវត្តនៅហុងកុង និងម៉ាកាវ៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com