កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលប្រឆាំង ​FIFA ដែលឱ្យប្រកួតបង្រ្គប់កិច្ចទល់អាហ្សង់ទីន
11, Aug 2022 , 4:59 pm        
រូបភាព
ប្រេស៊ីលបង្ហាញអារម្មណ៍មិនចង់លេងការប្រកួតបង្រ្គប់កិច្ចចុងក្រោយ ជាមួយអាហ្សង់ទីនឡើយ ដែលជាជំនួបវគ្គជម្រុះ World Cup ទ្វីបអាម៉េរិកខាងត្បូង ដោយលើកហេតុផលខ្លួនកំពុងត្រៀមខ្លួនសម្រាប់ World Cup នៅកាតា។

 
ប្រេស៊ីល និងអាហ្សង់ទីនជាក្រុម លេខ១ និងលេខ២ ដែលបានឈ្នះកៅអីស្វ័យប្រវត្តិពីការប្រកួតជម្រុះទ្វីបអាម៉េរិកខាងត្បូង ទៅកាន់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលនឹងធ្វើឡើងនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ ជំនួបរបស់ក្រុមទាំងពីរដែលធ្លាប់បានធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២១ ត្រូវបានផ្អាកក្រោយការប្រកួតចាប់ផ្តើមបាន ៦នាទី ដោយសារកីឡាករអាហ្សង់ទីន ៤រូបមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលប្រកួត។
 
ពេលនោះក្រុមមន្ត្រីសុខភិបាលទីក្រុង Sao Paulo បានចូលមកបញ្ឈប់ការប្រកួតដល់ក្នុងកីឡដ្ឋាននោះភ្លាមៗ ដោយសារល្មើសច្បាប់កូវីដ-១៩ ក្នុងប្រទេសប្រស៊ីល។ កាលពីខែឧសភា​ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានប្រកាសថា ការប្រកួតរបស់ក្រុមទាំងនឹងត្រូវធ្វើឡើងជាថ្មី ដោយកីឡាករអាហ្សង់ទីន ដែលបានបង្កកំហុស កាលឆ្នាំ ២០២១។ មិនត្រឹមតែប៉ុណ្ណោះ FIFA ក៏បានពិន័យលើសហព័ន្ធបាល់ទាត់ប្រទេសទាំងពីរ ហើយឱ្យប្រកួតបង្គ្រប់កិច្ច ទោះជាក្រុមទាំងពីរឈ្នះកៅអីស្វ័យប្រវត្តិក្តី។
 
លើករណីនេះសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ក៏បានធ្វើពាក្យស្នើឱ្យគិតគូលើករណីប្រកួតខាងលើ ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ជាស្ថាប័នគ្រប់គ្រងលើបញ្ហាប្រទេសទាំងពីរ។ ​ហេតុផលដែលប្រទេសទាំងពីរមិនចង់ប្រកួតឡើងវិញក៏ ព្រោះខិតជិតដល់ថ្ងៃប្រកួតព្រឹត្តិការណ៍ World Cup ហើយបានចាត់ទុកថាវាជាហានិភ័យមួយ។
 
ក្នុងសេចក្តីថ្លែងការណ៍ប្រកាសដោយ CBF ប្រធានសហព័ន្ធលោក Ednaldo Rodrigues និយាយថាក្រុម ប្រេស៊ីលមិនចង់លេងក្នុងប្រកួតដែលមានពេលវេលាគៀក World Cup ឡើយព្រោះខ្លាចហានិភ័យ របួស​រឺអាចមានការហាមឃាត់នានា។ 
 
«យើងនឹងដាក់សំណើរទៅកាន់ FIFA ដូច្នេះប្រកួតមួយនេះនឹងមិនអាចលេងបានឡើយ ខ្ញុំក៏នឹងបង្កើតការស្រង់ចម្លើយពីសំណាក់កីឡាករ គ្រូបង្វឹកព្រមទាំងបុគ្គលិករបស់យើងចំពោះរឿងនេះ។ អ្វីដែលយើងត្រៀមនោះគឺការឈ្នះ World Cup លើកទី៦ របស់យើង ប្រសិនបើក្រុមយើងមូលមតិនោះយើងមិនលេងការប្រកួតបង្គ្រប់នោះទេ។»។លោក Rodrigues បាននិយាយបែបនេះ។
 
ទោះជាបែបនេះ ដល់ពេលនេះ FIFA នៅមិនទាន់បានសម្រេចថ្ងៃប្រកួតជាក់លាក់របស់ក្រុមទាំងពីរនៅឡើយទេ តែប្រភពជិតនឹង FIFA បំផុតបានឱ្យដឹងថាការប្រកួតនោះអាចធ្វើឡើងក្នុងខែកញ្ញា។
 

Tag:
 FIFA
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com