ជាតិ
GMAC បារម្ភការនាំចេញផលិតផលកាត់ដេរធ្លាក់ចុះ តែមេសហជីសង្ស័យជាលេស មិនចង់ដំឡើងប្រាក់ឈ្នួល
12, Aug 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បារម្ភការនាំចេញផលិតផលកាត់ដេរទៅអឺរ៉ុបធ្លាក់ចុះ ដោយវិបត្តិសង្គ្រាមរ៉ូស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៅតៃវ៉ាន់។ ប៉ុន្តែ មេសហជីព ដាក់ការសង្ស័យថា អាចជាលេសរបស់ភាគីនិយោជក ដើម្បីមិនដំឡើងប្រាក់ឈ្នួល នាពេលចរចាខាងមុខ។

 
GMAC ព្រួយការនាំចេញផលិតផលកាត់ដេរនៅកម្ពុជាមានការធ្លាក់ចុះនៅឆមាសទី២ ក្នុងឆ្នាំនេះ ខណៈអ្នកបញ្ជាទិញមួយចំនួនបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ពី GMAC ដើម្បីជួយផ្អាកការផ្គត់ផ្គង់។ ជុំវិញក្ដីបារម្ភនេះ លោក កាំង មូនីកា អគ្គលេខាធិការ​រង GMAC បានលើកឡើងពីវិបត្តិនៅបណ្ដាប្រទេសនៃភាគខាងលិច ខណៈខ្សែបន្ទាត់នៃសេដ្ឋកិច្ចក៏ហាក់មានភាពធ្លាក់ចុះ ។ 
 
«ស្ថានភាពពិភពលោកមិនស្ថិតស្ថេរដែលបណ្តាលមកពីវិបត្តិនៅអ៊ុយក្រែន និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច មានការប្រែប្រួលច្រើននៅបណ្តាប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា»។ លោក កាំង មូនីកា ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១១សីហា តាមប្រព័ន្ធតេឡេក្រាមបែបនេះ។ 
 
ពាក់ព័ន្ធនឹងការ ក្ដីបារម្ភពីការធ្លាក់ចុះក្នុងការនាំផលិតផលកាត់ដេរទៅអឺរ៉ុបនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំឆ្លើយតបនិងបកស្រាយបន្ថែមពីខាងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានឡើយនៅថ្ងៃនេះ។ 
 
ទាក់ទិននឹងការបារម្ភរបស់ GMAC នេះ ត្រូវបានលោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បែរជាសង្ស័យថា អាចជាយុទ្ធសាស្រ្តរបស់និយោគជក ព្រោះពុំឃើញព័ត៌មានច្បាស់លាស់ ឬការសិក្សាឲ្យលម្អិតនោះទេ។ មេសហជីពរូបនេះ យល់ឃើញថា ដំណើរការចរចាប្រាក់ឈ្នួលកម្មករកាន់តែខិតជិតមកដល់ ទើបភាគីនិយោជកត្អូញត្អែរ ដើម្បីកុំឲ្យប្រាក់ខែកម្មករកើនខ្ពស់។ 
 
«ទូទៅវិស័យកាត់ដេរកម្ពុជានាំចេញទៅអឺរ៉ុប អង់គ្លេស អាម៉េរិកច្រើន តែទោះជាថយចុះតិចតួចក៏មិនប៉ះពាល់ការនាំចេញផ្នែកឧស្សាហកម្មកាត់ដេរដែរ។ ហើយយើងសង្ស័យទាំងនេះ ជាយុទ្ធសាស្រ្តរបស់និយោជក នៅពេលជិតដល់ការចរចាប្រាក់ខែកម្មករ ដើម្បីកុំឲ្យឡើងប្រាប់ឈ្នួលឬឡើងក្នុងកម្រិតទាបជាដើម»។ នេះជាការលើកឡើងលោក អាត់ ធន់ ។ 
 
សម្រាប់លោក អាត់ ធន់ កម្មករគួរណាស់មានប្រាក់ខែខ្ពស់ ខណៈអតិផរណាកើនឡើង គួរឲ្យកត់សម្គាល់។ មេសហជីពរូបនេះ គ្រោងលើកតួលេខចន្លោះពី២០ ទៅ៣០ ដុល្លារ ដើម្បីចរចា ជាមួយភាគីពាក់ព័ន្ធ ស្ដីពីប្រាក់ខែគោលកម្មកររោងចក្រឆ្នាំ២០២៣។ 
 
កាលពីខែ ឧសភា លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅឆ្នាំ២០២២នេះ អតិផរណានឹងកើនឡើងចំនួន៤ភាគរយ ដោយសារកំណើនថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ ដែលបណ្ដាលមកពីការរងឥទ្ធិពលពីសង្រ្គាមរុស្សី និងអ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ខណៈខ្សែច្រវាក់ផ្គត់ផ្គង់មានការរអាក់រអួល និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ 
 
ទេសាភិបាលរងរូបនេះ បានបន្ថែមថា នៅឆ្នាំនេះកម្ពុជារំពឹងនឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា៥,៣ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យកម្មន្តសាល៩,៦ភាគរយ, វិស័យសំណង់១,២ភាគរយ, វិស័យកសិកម្ម១,២ភាគរយ ។ ចំណែកវិស័យទេសចរណ៍ត្រូវបានរំពឹងថានឹ ងមានកំណើនវិជ្ជមាន៦ភាគរយ។
 
 
យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង៣១៥០លានដុល្លារ ពីវិស័យកាត់ដេរ ក្នុងនោះនាំចេញសម្លៀកបំពាក់ជាង២,១០០លានដុល្លារ ហើយស្បែងជើងនិងផលិតធ្វើដំណើរមានជាង៨០០លានដុល្លារ៕ 
 
 

Tag:
 GMAC
  កាត់ដេរ
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com