អន្តរជាតិ
ចិនចោទ​អាម៉េរិកថា​ជា​អ្នក​ផ្តួចផ្តើម​ឱ្យ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន
12, Aug 2022 , 11:59 am        
រូបភាព
លោក Zhang Hanhui  អគ្គរដ្ឋទូតចិនប្រចាំនៅក្រុងមូស្គូ។ រូបភាព៖ Xinhua
លោក Zhang Hanhui អគ្គរដ្ឋទូតចិនប្រចាំនៅក្រុងមូស្គូ។ រូបភាព៖ Xinhua
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានចោទ​អាម៉េរិកថាជាអ្នកជំរុញឱ្យមានសង្គ្រាមនៅអ៊ុយក្រែន ហើយលោកក៏បានបន្តចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាកំពុងព្យាយាមកម្ទេចរុស្ស៊ីផងដែរ។

 
ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅខែកុម្ភៈមកទល់នឹងបច្ចុប្បន្ន ចិននៅមិនទាន់ថ្កោលទោសរុស្ស៊ីជាផ្លូវការនៅឡើយលើការរំលោភបំពានអធិបតេយ្យភាពអ៊ុយក្រែន។ ចិនក៏មិនបានដាក់ទណ្ឌកម្មលើរុស្សីដែលខណៈប្រទេសផ្សេងៗលើពិភពលោកបានដាក់ទណ្ឌកម្ម ដោយជំរុញឱ្យភាគីជម្លោះដោះស្រាយបញ្ហាតាមវិធីដែលមានប្រសិទ្ធភាពវិញ។ 
 
ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ លោក Zhang Hanhui បាននិយាយថា អាម៉េរិកបានរុញច្រានរុស្ស៊ីចូលទៅក្នុងជ្រុងមួយជាមួយនឹងមហច្ឆិតាចង់ពង្រីកម្តងហើយម្តងទៀតនូវសម្ព័ន្ធយោធាណាតូ។ ក្នុងកិច្ចសម្ភាសដែលចេញផ្សាយ នៅថ្ងៃទី១០ ខែសីហាដដែល លោក Zhang បានបន្តថា ក្រុងវ៉ាស៊ីនតោន ជាអ្នកផ្តួចផ្តើម និងជាអ្នកជំរុញដ៏សំខាន់ដែលនាំឱ្យសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ 
 
«គោលដៅធំបំផុតរបស់ពួកគេ(អាម៉េរិក) គឺធ្វើឱ្យរុស្ស៊ីហត់នឿយ និងកម្ទេចរុស្ស៊ីដោយសារសង្គ្រាមអូសបន្លាយ និងការជាប់គាំងនៃទណ្ឌកម្ម»។ លោក Zhang បានអះអាងបែបនេះ។ 
 
លើសពីនេះ លោក Zhang បានកត់សម្គាល់ថា ទំនាក់ទំនងចិន-រុស្ស៊ីបានឈានចូលដល់ ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកំណត់ដោយកម្រិតខ្ពស់បំផុតនៃការជឿទុកចិត្តគ្នាទៅវិញទៅមក កម្រិតខ្ពស់បំផុតនៃអន្តរកម្ម និងសារៈសំខាន់ជាយុទ្ធសាស្ត្ររួមគ្នា។
 
ក្នុងកិច្ចសម្ភាសន៍ដដែលនេះ លោក Zhang ក៏បានរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុនផងដែរ។​ មន្រ្តីចិនរូបនេះ បានអះអាងថា អាម៉េរិកកំពុងព្យាយាមអនុវត្តយុទ្ធសាស្ត្រដូចគ្នានៅអ៊ុយក្រែន និងតៃវ៉ាន់ ដើម្បីស្តារឡើងវិញនូវស្មារតីនៃសង្រ្គាមត្រជាក់។ លោកបានបន្តថា ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ជាគោលការណ៍ជាមូលដ្ឋានបំផុតក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក៕ 
 

Tag:
 អាម៉េរិក
 ​ រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com